(សៀមរាប)៖ ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា បញ្ហាប្រឈម នៃភូមិសាស្រ្តនយោបាយ អាចជាល្បែងមួយដែលគ្រោះថ្នាក់ ដល់ប្រទេសតូចតាច និងប្រទេសដែលមានទំហំមធ្យមជាច្រើន ហើយក៏អាចរងទុក្ខដោយសារលទ្ធផល នៃស្នៀតភូមិសាស្ត្រនយោបាយរបស់មហាអំណាចធំៗដែរ។
សម្ដេចពញាចក្រី ហេង សំរិន ក៏បានគូសបញ្ជាក់ដែរថា ពិភពលោកកំពុងប្រឈមនឹងអស្ថិរភាព ខណៈដែលការគំរាមកំហែងដល់សន្តិភាពកំពុងកើតមានឡើង ក្នុងទម្រង់ជាច្រើន ហើយច្រើនជាងអ្វីដែលយើងបានឃើញ ក្នុងរយៈពេលជាច្រើនទស្សវត្សន៍កន្លងមកនេះ។ ប៉ុន្ដែការចូលរួមរបស់យើងទាំងអស់គ្នានាពេលនេះ គឺស្ថិតនៅក្នុងបរិបទដែលប្រជាជាតិកម្ពុជាកំពុងរីករាយ ចំពោះការទទួលបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយរឹងមាំ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។
ក្នុងសន្និសីទដ៏មានសារសំខាន់មួយនេះ ប្រធានរដ្ឋសភាកម្ពុជា ឆ្លៀតរំលឹកបន្ដិចថា «២០ឆ្នាំមុននេះ កម្ពុជាទើបមានសន្តិភាព និងការបង្រួបបង្រួមជាតិត្រូវបាន សម្រេចជាស្ថាពរអាស្រ័យដោយនយោបាយឈ្នះឈ្នះ និងកិច្ចខិតខំប្រឹងប្រែងដើម្បី ផ្សះផ្សារជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ចាប់តាំងពីពេលនោះមក ដោយមានសុខសន្តិភាព នៅក្នុងប្រទេស និងសុខសន្តិភាព នៅក្នុងតំបន់ និងដោយមានកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភគាំទ្រ ពីបណ្តាប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិនានា កម្ពុជាបានប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញ និងលើកស្ទួយជូនប្រជាពលរដ្ឋរបស់ខ្លួននូវសិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូរ ពិសេសរក្សាការពារសន្តិភាព ស្ថិរភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈជំរុញការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនគ្រប់រូប»។
យ៉ាងណាមិញ ក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលធ្វើឡើងក្រោមប្រធានបទ «ពង្រឹងភាពជា ដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍ ប្រកបដោយចីរភាព» នេះសម្ដេច ហេង សំរិន គឺជាឱកាសដ៏ល្អមួយទៀត ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងលើកកម្ពស់ សន្តិសុខ សន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងទូទាំងសកលលោក តាមរយៈការចូលរួមអនុម័ត សេចក្ដីសម្រេចនានា ឆ្លើយតាមបំណងប្រាថ្នារួមរបស់សភាជាសមាជិក។
បើតាមសម្ដេចប្រធានរដ្ឋសភា ព្រឹត្តិការណ៍ថ្ងៃនេះ ជាកាលានុវត្តភាពដ៏ប្រសើរ សម្រាប់យើងទាំងអស់គ្នា ធ្វើសំយោគនូវទស្សនទានប្រកបដោយវិចារណញ្ញាណ បណ្តុះចក្ខុវិស័យវែងឆ្ងាយ សម្រាប់ជាគោលមាគ៌ា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅថែមទៀត ស្របនឹងការវិវឌ្ឍនៃសភាពការណ៍ សកលលោក ដែលសព្វថ្ងៃកំពុងប្រឈមទៅនឹងនិន្នាការ នៃការវិលត្រលប់នូវការស្អប់ជាតិសាសន៍ដទៃ ដែលមិនមែនជាតិសាសន៍ខ្លួនឯង និងការបណ្ដុះបណ្ដាល ឲ្យមានភាពតានតឹងនៅក្នុងតំបន់ និងការប្រឈមមុខគ្នា ខាងភូមិសាស្ត្រនយោបាយ។
សម្ដេចសង្ឃឹមថាវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នឹងប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព ភាតរភាព សហប្រតិបត្តិការល្អ ដោយឈរលើស្មារតីរួម ក្នុងការលើកយកបញ្ហាជាក់ស្តែងក្នុងតំបន់ មកជជែក និងពិភាក្សា ដើម្បីធ្វើឲ្យតំបន់មួយ មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ប្រកបដោយចីរភាព សំដៅបម្រើផលប្រយោជន៍ប្រជាជាតិពិតប្រាកដ និងសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋរបស់យើង។
នៅទីបញ្ចប់ សម្ដេចពញាចក្រី ហេង សំរិន បានលើកទឹកចិត្តដល់តំណាងសភា នៃប្រទេសសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានវត្តមាននៅទីនេះ សូមចូលរួមទាំងអស់គ្នាផ្តល់មតិយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ សម្រាប់ជាមូលដ្ឋានក្នុងការឈានទៅសម្រេចឲ្យបាននូវបំណងប្រាថ្នារួមដ៏ឧត្តុង្គឧត្ដម្ភ របស់ប្រជាជាតិអាស៊ី-ប៉ាស៊ីហ្វិក៕