Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មណ្ឌលសុខភាពកកើតថ្មី នៅឆ្ងាយពីទីប្រជុំជន មិនទាន់បម្រើសេវាពេញលេញជូនពលរដ្ឋ

15-01-2019 10:45

(ព្រៃវែង)៖ មណ្ឌលសុខភាពក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ទើបតែកកើតថ្មីបានជាង២ឆ្នាំ មិនទាន់ឆ្លើយតបនឹងសេវាពិនិត្យព្យាបាល សម្រាក សម្រាលកូន ជូនដល់ស្ត្រីមានផ្ទៃពោះ១០០%នោះទេ ក៏ប៉ុន្តែអ្នកគ្រូពេទ្យ ដែលបម្រើការទីនោះ មានត្រឹមតែគ្នាបីនាក់ មិនដែលហ៊ានឈប់សម្រាកទេ ប្រឹងប្រែងបម្រើសេវាសុខភាពសាធារណៈ ឲ្យល្អតាមលទ្ធភាពធ្វើបាន។

អ្នកគ្រូពេទ្យបម្រើការមណ្ឌលសុខភាព​ បានឲ្យដឹងថា មូលហេតុមិនទាន់បម្រើសេវាសាធារណៈពេញលេញ១០០% ដោយសារក្នុងចំណោម ពេទ្យបម្រើការបីនាក់ មានម្នាក់ឈឺ ហើយទីតាំងមណ្ឌលសុខភាព នៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ប្រមាណ៥០០ម៉ែត្រ កណ្តាលវាលស្រែ ស្ងាតជ្រងំ មានពេទ្យត្រឹមពីនាក់ប្រចាំការ។

អ្នកគ្រូពេទ្យបន្តថា បើពេលថ្ងៃ មានស្ត្រីមានផ្ទៃពោះ មកពិនិត្យផ្ទៃពោះ ជាមធ្យមមួយថ្ងៃៗ មិនក្រោម១០នាក់ ក៏ប៉ុន្តែទីនេះពិបាកឲ្យស្ត្រី នៅសម្រាលកូនណាស់ ដោយសារពេលយប់ឡើងស្ងាតជ្រងំ ខ្វះភ្លើងអគ្គិសនីប្រើប្រាស់ បន្ទប់សម្រាលមិនមាន មានតែអគារ សាងសង់ពីដែកស័ង្កសីសុទ្ធ។

អ្នកគ្រូពេទ្យបន្តថា «ដីសាងសង់នេះជាដីកេរ្តិ៍អាកររបស់ឃុំ ហើយអាជ្ញាធរបានសម្រេចផ្តល់ឲ្យ មន្ទីរសុខាភិបាលសាងសង់មណ្ឌលសុខភាព ក៏ប៉ុន្តែវាឆ្ងាយពីលំនៅដ្ឋាន ឆ្ងាយពីផ្សារ អ្នកមកសម្រាកព្យាបាល ត្រូវការទិញសម្ភារប្រើប្រាស់មិនមានទេ ហើយស្ងាត់ខ្លាចទៀត ម្លោះហើយមិនមានអ្នកធ្វើការពេលយប់។ តែទោះជាយ៉ាងណា ការទុកដាក់ថ្នាំពេទ្យ សម្ភារពេទ្យ មិនបានបាត់បង់នោះទេ វានៅគង់វង្សល្អ»

ប្រជាពលរដ្ឋ បានប្រាប់ថា សេវាកម្មពេលថ្ងៃល្អនៅមណ្ឌលនេះ ក៏ប៉ុន្តែពេលយប់ ចាក់សោរចោល ពីព្រោះអ្នកគ្រូពេទ្យ មិនហ៊ាននៅបន្តការងារទេវាស្ងាត់ ហើយអស់លោកធ្វើមន្ទីរពេទ្យ ធ្វើមណ្ឌលសុខភាព ហេតុអីមិនជ្រើសរើស ទីតាំងជិតផ្ទះអ្នកស្រុក បើសាងសង់ជាប់សាលាឃុំ មានផ្ទះអ្នកស្រុកនៅជាមួយ ម្ល៉េះមណ្ឌលសុខភាពអាចបម្រើការពេញលេញ ព្រោះថា សព្វថ្ងៃពេលយប់ ទីនេះពិបាករកពេទ្យណាស់ បើឈឺមានតែរត់ទៅមន្ទីពេទ្យកំពង់ត្របែក ឬព្រះស្តេចជាង១០គីឡូម៉ែត្រ ហើយបើអ្នកឈឺធ្ងន់ យកទៅទម្រាំដល់ពេទ្យជិតស្លាប់ទៅហើយ។

ពលរដ្ឋថា បើសាងសង់មន្ទីរពេទ្យ មណ្ឌលសុខភាពថ្មល្អ សុំសាងសង់នៅជាប់ផ្លូវធំ ជិតផ្ទះអ្នកស្រុកទៅ ហើយការសាងសង់ឆ្ងាយដាច់តែឯងដូច ដាក់ទណ្ឌកម្មអ្នកគ្រូពេទ្យអញ្ចឹង៕