(សៀមរាប)៖ លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាកម្ពុជា, ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC), អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃអាយកាប់ (ICAPP) និងជាសហប្រធាន នៃវេទិកានយោបាយអាស៊ី-អឺរ៉ុប (AEPF) បានលើកឡើងថា ការតភ្ជាប់គ្នារវាងវប្បធម៌ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការជំរុញទំនាក់ទំនងអន្តរជាតិ និងសហគមន៍ ពិសេសការបង្កើតនូវសិល្បៈកម្មថី្មៗ តាមរយៈទំនាក់ទំនងអន្តរវប្បធម៌ ការផ្ទេរវប្បធម៌ដល់មនុស្សជំនាន់ក្រោយ គឺជាកត្តាចាំបាច់សម្រាប់ការវិវត្តរបស់មនុស្សជាតិ។
ការលើកឡើងរបស់លោកស្រី ឃួន សុដារី បានធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកស្រី បានអញ្ជើញក្នុងពិធីប្រកាសបើកជាផ្លូវការ នូវក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅសណ្ឋាគារ និងមជ្ឈមណ្ឌលពិព័រណ៍ សុខាសៀមរាប ខេត្តសៀមរាប និងមានអញ្ជើញចូលរួមពីសំណាក់កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តី, លោក ហូសេ ដឺ វេណេស្យា ប្រធានស្ថាបនិក នៃសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (ICAPP) លោក មូសាហ៊ីត ហ៊ូសេន សាយិត អនុប្រធានអាយកាប់ និងជាអ្នករាយការណ៍ពិសេសរបស់អាយកាប់ (ICAPP), លោកអាន់ដ្រេ ឃ្លីម៉ុស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអាយកាប់, លោកផាក រ៉ូប្យុគ អគ្គលេខាធិការអាយកាប់ រួមជាមួយភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។
លោកស្រីបានថ្លែងយ៉ាងដូច្នេះ៖ «នាងខ្ញុំចាប់អារម្មណ៍ គឺទំនាក់ទំនងអន្តរវប្បធម៌។ ការតភ្ជាប់គ្នារវាងវប្បធម៌ គឺពិតជា មានសារសំខាន់ខ្លាំងណាស់ ក្នុងការជំរុញទំនាក់ទំនងអន្តរជាតិ និងសហគមន៍ ពិសេសការបង្កើតនូវសិល្បៈកម្មថី្មៗ តាមរយៈទំនាក់ទំនងអន្តរវប្បធម៌ ការផ្ទេរវប្បធម៌ដល់មនុស្សជំនាន់ក្រោយ គឺជាកត្តាចាំបាច់សម្រាប់ការវិវត្តរបស់មនុស្សជាតិ»។
បើតាមលោកស្រី ឃួន សុដារី ការកសាងសាមគ្គីភាព ក្នុងភាពសម្បូរបែប គឺមានសារសំខាន់បំផុត ចំពោះសន្តិភាព និងការអភិវឌ្ឍន៍។ ខណៈដែលទ្វីបអាស៊ី គឺជាទីកន្លែងដែលមានវប្បធម៌ និងប្រពៃណីខុសៗគ្នា ការលើកកម្ពស់ការយល់ដឹងអន្តរវប្បធម៌ និងការអត់ឱនឱ្យគ្នាទៅវិញទៅមក គឺជាកត្តាចាំបាច់បំផុតសម្រាប់សាមគ្គីភាព ការរួមរស់ដោយសន្តិភាព និងការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ។
លោកស្រី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះ៖ «នាងខ្ញុំសង្ឃឹមថា ACC ក៏នឹងចូលរួមក្នុងកិច្ចអភិវឌ្ឍ និងការប្រើប្រាស់វិទ្យាសាស្ត្រ ការច្នៃប្រឌិត និងបញ្ញាសិប្បនិម្មិត (artificial intelligence) នៅក្នុងការអប់រំ និងផ្សព្វផ្សាយវប្បធម៌ រួមគ្នាជាមួយការថែរក្សានូវបេតិកភណ្ឌវប្បធម៌»។
សូមជម្រាបថា គំនិតផ្តួចផ្តើមដើម្បីបង្កើត «ក្រុមប្រឹក្សាវប្បធម៌» មួយនៅក្នុងក្របខ័ណ្ឌ ICAPP ត្រូវបានស្នើឡើងដោយលោក Andrey Klimov នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP លើកទី២៧ នៅទីក្រុង Kuala Lumpur ក្នុងឆ្នាំ២០១៦ បន្ទាប់ពីមានការពិភាក្សាខ្លះៗ នៅក្នុងសន្និសីទពិសេសរបស់ ICAPP ស្តីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ នៅទីក្រុង Vladivostok នៅឆ្នាំ២០១៥។
នៅក្នុងស្មារតីនោះលោក Chung Eui-yong ដែលពេលនោះជាអគ្គលេខាធិការ ICAPP បានលើកឡើងថា ដើម្បីបង្កើតក្រុមថ្មីមួយ ឱ្យមាននិរន្តរភាព និងផលិតភាពនៅក្រោម គណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP ចាំបាច់ត្រូវបង្កើត លក្ខន្តិកៈ (TOR) មួយ ដែលមានគោលបំណងច្បាស់លាស់។
លោក Andrey Klimov បានឆ្លើយតបដោយស្នើសុំឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន៤រូប មកពីប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៊ី រៀបចំសេចក្តីព្រាង នៃលក្ខន្តិកៈ រួចបញ្ជូនទៅសមាជិក នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ដើម្បីពិនិត្យ និងអនុម័ត។
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ប្រទេសកម្ពុជា បានរៀបចំពង្រាងលក្ខន្តិកៈនេះ ដោយពិគ្រោះយោបល់ជាមួយប្រទេសចិន នេប៉ាល់ និងប្រទេសរុស្ស៊ី ហើយបានដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ពិនិត្យ។ នៅក្នុងកិច្ចប្រជុំលើកទី២៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល នៃសាធារណៈរដ្ឋកូរ៉េ សមាជិកទាំងអស់នៃគណៈកម្មាធិការ អចិន្ត្រៃយ៍ បានគាំទ្រជាឯកច្ឆន្ទលើលក្ខន្តិកៈនេះហើយ ដោយបានប្តូរឈ្មោះពី «ក្រុមប្រឹក្សាវប្បធម៌ ICAPP» ទៅជា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី»។
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងអង្គការយូណេស្កូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ នៅក្នុងខេត្តសៀមរាប។ ជាមួយភាពជាដៃគូនេះ ACC មានគោលបំណងរួមសហការ ជាមួយបណ្តាប្រទេសជាសមាជិក ICAPP ដើម្បីសម្រេចបាននូវគោលដៅទាំងឡាយនៅក្នុង SDGs នៅឆ្នាំ២០៣០ និងដើម្បីធានាឱ្យបាន នូវអនាគតមួយ ដែលមាននិរន្តភាពសម្រាប់ប្រជាជនទាំងអស់។
ចំណុចសំខាន់ៗដែលគួរអនុវត្តន៍មានដូចជា៖ ការអភិរក្សវប្បធម៌ ឧស្សាហកម្មច្នៃប្រឌិត និងកម្មវិធីលើកកម្ពស់ វិស័យទេសចរណ៍។ ប្រទេសកម្ពុជានឹងចាប់ផ្តើមអនុវត្តកម្មវិធីរបស់ខ្លួន ដើម្បីសម្រេចបាននូវ SDGs នៅក្នុងភូមិគំរូចំនួន១០០ នៅទូទាំងប្រទេស៕