(កង់បេរ៉ា)៖ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នេះ នារដ្ឋធានីកង់បេរ៉ា (Canberra) ប្រទេសអូស្ត្រាលី បងប្អូនប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងកំពុងសិក្សានៅ រដ្ឋធានីកន់បេរ៉ានោះបានជួបជុំគ្នា ដើម្បីប្រារព្ធពិធីអបអរសាទរបុណ្យជាតិខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០១៩) យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុតក្នុងនាមមហាគ្រួសារខ្មែរតែមួយ។
កម្មវិធីនេះបានសហការរៀបចំឡើងដោយឯកស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងក្រុមការងារតំបន់១ ដោយស្ថិតក្រោមអធិបតីភាពលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំយុវជន ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ផងដែរ៕