(សៀមរាប)៖ លោក ឯក ថា អនុប្រធានគណៈកម្មការផ្សព្វផ្សាយ និងសារព័ត៌មាន នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានថ្លែងថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាលើកដំបូងក្រុមប្រឹក្សាវប្បធម៌អាស៊ីគឺជាជោគជ័យដ៏ធំធេងមួយសម្រាប់វិស័យការទូតរបស់កម្ពុជាលើឆាកអន្តរជាតិ និងជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ផ្នែកវប្បធម៌ទាំងរូបិយ និងអរូបិយរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយអ្នកព័ត៌មាននៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ លោក ឯក ថា បានឲ្យដឹងថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជាលើកដំបូងនៃក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះ កម្ពុជារៀបចំលក្ខណៈសម្បត្តិរួចរាល់អស់ហើយ។
លោក ឯក ថា បានបញ្ជាក់ថា តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះកម្ពុជានឹងទទួលបានប្រយោជន៍ជាច្រើន។ «បើនិយាយពីការទូត គឺកម្ពុជាកាន់តែមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ផ្នែកការទូត នយោបាយលើឆាកអន្តរជាតិរបស់យើងមានសភាពខ្លាំងក្លាណាស់ពីមួយឆ្នាំទៅមួយឆ្នាំយើងឃើញថានៅលើឆាកអន្តរជាតិការដែលគេប្រគល់ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើជាប្រធានវប្បធម៌អាស៊ី ហើយការធ្វើជាអ្នកដឹកនាំកិច្ចប្រជុំទាំងមូលបង្ហាញឲ្យឃើញថា សហគមន៍អន្តរជាតិទាំងមូលផ្តល់ការគាំទ្រមកលើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ១០០ភាគរយ»។
លោក ឯក ថា បន្ថែមថា «កាលណាយើងធ្វើអ៊ីចឹងវាជួយឲ្យសហគមន៍អន្តរជាតិមើលមកប្រទេសកម្ពុជាថា ជាគំរូមួយក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ទាំងរូបិយ និងអរូបិយ។ វាទាក់ទងដល់ទេសចរណ៍វប្បធម៌ តាមរយៈសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងទៅកាន់ពិភពលោកខាងក្រៅថា ប្រទេសកម្ពុជា គឺជាឋានសួគ៌ទេសចរណ៍ផ្នែកវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រ»។
អ្នកនាំពាក្យរូបនេះបានអះអាងទៀតថា នៅពេលដែលកម្ពុជាទទួលបានអ្នកទេសចរកាន់តែច្រើន អ្នកវិនិយោគក៏នឹងមកកម្ពុជាកាន់តែច្រើនផងដែរ។
សូមបញ្ជាក់ថា រាជដ្ឋាភិបាលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីអង្គរខេត្តសៀមរាប ពីថ្ងៃទី១៤-១៦ ខែមករា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលត្រូវបានបោះឆ្នោតឯកភាពឲ្យធ្វើជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ពីសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP ដែលមានតំណាងគណបក្សនយោបាយជាង៣៥០ មកពី៥២ប្រទេសក្នុងតំបន់។
វេទិកានេះ មានការអានព្រះរាជសារស្វាគមន៍របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ពេលចាប់ផ្តើមកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៥ ខែមករា។ បន្ទាប់មកមានការថ្លែងនូវចំណាប់អារម្មណ៍ស្វាគមន៍ពីលោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាកម្ពុជា ដែលជាប្រធាន ACC និងបន្តដោយសុន្ទរកថារបស់តំណាង ICAPP និង តំណាងអង្គការយូណេស្កូ។
លោក ឯក ថា បានបញ្ជាក់ថា ជំនួបពិភាក្សាកម្រិតអន្តរជាតិនេះ ផ្តោតលើប្រធានបទសំខាន់ចំនួន៤រួមមាន៖ ១. ការលេចឡើងនូវពិភពលោកមួយទស្សនៈទានចម្រុះ និងអត្តសញ្ញាណអាស៊ី ២.ការតភ្ជាប់រវាងវប្បធម៌ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ៣. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការផ្សារភ្ជាប់រវាងអរិយធម៌ និង ៤.ការកសាងសហគមន៍មួយសម្រាប់ជោគវាសនាតែមួយនៅអាស៊ី។
សូមបញ្ជាក់ផងដែរថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ត្រូវបានប្តូរឈ្មោះមកពី «ក្រុមប្រឹក្សាវប្បធម៌ ICAPP» នៅក្នុងសម័យប្រជុំលើកទី២៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP កាលពីខែកក្កដា ឆ្នាំ២០១៧ ដើម្បីពង្រីកវិសាលភាពនៃការងារឲ្យកាន់តែទូលំទូលាយ និងបើកចំហរ។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ត្រូវបានបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៉ី ហើយកិច្ចព្រមព្រៀងភាពជាដៃគូដ៏គួរឱ្យកោតសរសើរនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ ICAPP និងបណ្តាគណបក្សនយោបាយនៅអាស៊ី។
ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៉ី ត្រូវបានប្រគល់តួនាទីឱ្យរៀបចំឯកសារគោលសម្រាប់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ស្របតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំ លើកទី២៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ២០១៦។
ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានសម្រេចបង្កើតលេខាធិការដ្ឋាននៅក្នុងប្រទេសកម្ពុជា ហើយសម្រេចជ្រើសរើសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានស្ថាបនិកកិត្តិយស, លោកស្រី ឃួន សុដារី ជាប្រធាន និងលោក សួស យ៉ារ៉ា ជាអគ្គនាយក។
ក្រុមប្រឹក្សាវប្បធម៌អាស៊ីបង្កើតឡើង ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមបណ្តាប្រទេសជាសមាជិក លើកកម្ពស់សាមគ្គីភាពក្នុងភាពសម្បូរបែប លើកកម្ពស់សម្បត្តិវប្បធម៌ជាប្រភពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហការអន្តរជាតិ និងការផ្សារភ្ជាប់អារ្យធម៌ និងកសាងនូវទ្វីបអាស៊ីមួយប្រកបដោយភាពសុខុដុម៕