(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីជំនាញ សហការជាមួយអគ្គនាយកដ្ឋានពិសោធន៍ អមដោយរថយន្តចល័ត ចុះទៅត្រួតពិនិត្យស្ថានីយ៍ប្រេងឥន្ទនៈ នៅក្នុងខេត្តកំពង់ឆ្នាំង ជាលទ្ធផលរកឃើញស្ថានីយ៍ប្រេងមួយចំនួន លក់ប្រេងមិនគ្រប់ចំណុះ និងមិនមានគុណភាពតាមស្តង់ដារ ហើយត្រូវបានមន្រ្តីជំនាញធ្វើការណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ធ្វើសកម្មភាពកេងប្រវ័ញ្ចនេះបន្តទៀត។
លោក យីវ សារិន បានថ្លែងថា នៅថ្ងៃនេះ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានសហការជាមួយមន្រ្តីមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ទនៈ រួមជាមួយមន្រ្តី នៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យស្ថានីយ៍ប្រេងឥន្ទនៈ មួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ច អ្នកប្រើប្រាស់ការពារគ្រឿងម៉ាស៊ីន នៃយាន្តជំនិះ គ្រប់ប្រភេទ និងការពារបរិស្ថានដែលកើតចេញពីចំហេះ ប្រេងឥន្ធនៈ មិនសមស្របពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ និងការកេងប្រវ័ញ្ច។
លោក យីវ សារិន បានបន្តថា បន្ទាប់ពីមន្ត្រីជំនាញរកឃើញភាពមិនប្រក្រតី ក៏បានធ្វើការណែនាំដល់ម្ចាស់ស្ថានីយ៍ និងដេប៉ូចែកចាយទាំងអស់ ត្រូវធ្វើការកែសម្រួលឡើងវិញ នូវផ្នែកបរិមាណបាញ់ ចេញពីទុយោ និងគុណភាពដោយទុករយៈពេល១ខែ ខាងមន្រ្តីជំនាញនឹងចុះមកពិនិត្យម្តងទៀត តែបើឃើញនៅតែមិនប្រក្រតីដដែលម្ចាស់សា្ថនីយ៍នោះនឹងត្រូវធ្វើការផាកពិន័យ ឬត្រូវអនុវវត្តន៍ទៅតាមនីតិវិធីច្បាប់ ដើម្បីធ្វើយ៉ាងណា ឲ្យមានតម្លាភាព យុត្តិធម៌ រវាងអ្នកលក់ អ្នកចែកចាយ និងអ្នកប្រើប្រាស់ឲ្យកាន់តែមានទំនុកចិត្ត និងមានការគាំទ្រកាន់តែច្រើនឡើង ពីមហាជនផងដែរ។
លោកប្រធានសាខាកាំកុងត្រូល បានបន្តថា បន្ទាប់ពីបានរកឃើញលទ្ធផលទាំងនេះហើយ មន្រ្តីជំនាញអគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការណែនាំដល់ពួកគេ និងចាប់ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពនូវការកេងបន្លំបែបនេះបន្តទៀត។
លោកក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយ៍ ប្រេងឥន្ទនៈទាំងអស់ត្រូវបញ្ឈប់ការកេងបន្លំទាំងបរិមាណ និងគុណភាពក្នុងការលក់ជូនអតថិជនជាបន្តទៀតបើមិនដូច្នេះមន្ត្រីជំនាញ នឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់យ៉ាងមឺងម៉ាត់បំផុត៕