(ភ្នំពេញ)៖ រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ មន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទួលគោក ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងក្រោមការបញ្ជាផ្ទាល់ពី រដ្ឋមន្ដ្រីសុខាភិបាល ការស្រាវជ្រាវនៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀ កំពុងតែប្រព្រឹត្តទៅ ហើយឈានទៅដល់ការកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធ ករណីបង្ខំឲ្យនារីម្នាក់ធ្វើការវះកាត់ និងបង្ខាំងស្ដ្រីជាម្ដាយនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ដោយសារតែពួកគេគ្មានលុយបង់ថ្លៃព្យាបាល តាមការកំណត់របស់មន្ទីរពេទ្យនោះ។
អភិបាលខណ្ឌទួលគោក លោក ឯក ឃុនឌឿន នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមល្ងាចនេះ មិនទាន់មានការឃាត់ខ្លួន មនុស្សណាម្នាក់នៅក្នុងមន្ទីរពេទ្យនៅឡើយទេ ដោយកំពុងកំណត់មុខសញ្ញាតាមរយៈការសួរនាំអ្នកដែលពាក់ព័ន្ធ ដូចជា បុរសសន្ដិសុខជាដើម ដែលជាអ្នកបានយកច្រវ៉ាក់មកចាក់ទ្វារ មិនឲ្យជនរងគ្រោះ និងម្ដាយចេញមកក្រៅបាន។
អភិបាលខណ្ឌទួលគោក បានបញ្ជាក់ទៀតថា «នៅពេលនេះយើងបានសួរសន្ដិសុខ តើគាត់ទទួលបញ្ជាពីនរណា រួចហើយយើងនឹងទៅរកអ្នកនោះបន្ដទៀត ប៉ុន្ដែនៅវេលាកើតហេតុ មានគ្រូពេទ្យដែលវះកាត់ផ្ទាល់ និងព្យាបាល៤-៥នាក់ ជាជនជាតិចិន»។ តែយ៉ាងណានោះ ទាំងមន្ដ្រីជំនាញ ទាំងអាជ្ញាធរ កំពុងបន្ដស្រាវជ្រាវ និងសួរនាំសិន ព្រោះមានមនុស្សផ្សេងទៀត ត្រូវធ្វើការសួរនាំទៀត។
យ៉ាងណាក៏ដោយ សម្រាប់លោកស្រី សៀង សុគន្ធ ដែលជាអ្នកទទួលខុសត្រូវនៅមន្ទីរពេទ្យវ៉ិចតូរៀ ក៏ត្រូវបានមន្ដ្រីធ្វើការសួរនាំផងដែរ ប៉ុន្ដែគ្មានលទ្ធផលនោះទេ ដោយសារតែសួរអ្វីក៏មិនបានដឹង ហើយលោកស្រីក៏ជាអ្នកឈរឈ្មោះឲ្យគេផងដែរ។
ទាក់ទិនព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ មជ្ឈដ្ឋាននានា រួមទាំងអ្នកសារព័ត៌មាន ដែលបានទៅយកព័ត៌មានផ្ទាល់ និងធ្វើការផ្សាយផ្ទាល់ទាំងយប់ បានទទូចឲ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរចាត់វិធានការឲ្យតឹងរឹងបំផុត ពោលមិនត្រឹមតែបិទត្រឹមមន្ទីរពេទ្យនោះឡើយ គឺត្រូវរកអ្នកទទួលខុសត្រូវ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងករណីនេះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
តាមព័ត៌មានមួយចំនួន មន្ទីរពេទ្យវ៉ិចតូរៀនេះ ពីមុនមានឈ្មោះថា «សៀនតាយ» ប៉ុន្ដែក៏មានរឿងអាស្រូវលើការព្យាបាលជំងឺ ក៏ត្រូវបានក្រសួងសុខាភិបាល បិទចោល ប៉ុន្ដែក៏សុំបើកដោយប្ដូរឈ្មោះ វ៉ិចតូរៀ នេះតែម្ដង រហូតមានរឿងអាស្រូវជាលើកទី២។
នៅថ្ងៃដដែលនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានចេញសេចក្ដីសម្រេច បិទមន្ទីរពេទ្យនេះជាផ្លូវការហើយ។
សូមបញ្ជាក់ថា ករណីកើតខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មន្ទីរពេទ្យ វ៉ិចតូរៀ ដែលមានទីតាំងនៅផ្ទះលេខ៦១A ផ្លូវលេខ ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជា របស់លោកស្រីវេជ្ជបណ្ឌិត សៀង សុគន្ធ អ្នកទទួលខុសត្រូវ មន្ទីរពេទ្យវ៉ិចតូរៀ ។
សម្រាប់ហេតុការណ៍នេះ នារីរងគ្រោះបានទៅមន្ទីរពេទ្យអន្តរជាតិវ៉ិតូរៀ ជាមួយម្ដាយ ដើម្បីមកពិនិត្យជំងឺរោគស្ត្រី។ បន្ទាប់ពីបានពិនិត្យរួច ស្រាប់តែខាងមន្ទីរពេទ្យ បានប្រាប់ឲ្យនារីរងគ្រោះត្រូវតែវះកាត់ បើមិនវះកាត់ទេអាចនឹងស្លាប់។ ភ្លាមៗនោះនារីរងគ្រោះ បាននិយាយថា ខ្លួនគ្មានប្រាក់ទេ បានសុំចេញទៅក្រៅវិញ ថែមទាំងសុំអង្វរទៀត តែបែរជាខាងមន្ទីរពេទ្យបង្ខិតបង្ខំឲ្យនារីរងគ្រោះខាងលើ ត្រូវតែធ្វើការវះកាត់ជាបន្ទាន់ ហើយថែមទាំងមិនប្រាប់ពីតម្លៃនៃការវះកាត់ទៀតផង។
ភ្លាមៗនោះខាងមន្ទីរពេទ្យ បានយកក្រដាស១សន្លឹក មិនដឹងថា ជាសរសេរអ្វីខ្លះនោះទេ បានឲ្យម្ដាយរបស់នារីរងគ្រោះ ផ្ដិតមេដៃ។ លុះក្រោយធ្វើការវះកាត់រួច ខាងមន្ទីរពេទ្យបានយកវិក្កយបត្របង់ថ្លៃវះកាត់មកឲ្យគាត់ ដោយអស់ប្រាក់ចំនួន២,០០០ដុល្លារ ថ្លៃពិនិត្យ១០ដុល្លារ ថ្លៃពិសោធន៍៤៦ដុល្លារ ហើយការវះកាត់នេះ មិនទាន់ដឹងថាជាជំងឺអ្វីឲ្យប្រាកដនោះទេ។
ភ្លាមៗនោះម្ដាយរបស់នារីរងគ្រោះ គាត់មានប្រាក់តែ៦០០ដុល្លារទេ សល់ប៉ុន្មានគាត់សុំរំលួស ម្ដង១០០ដុល្លារ តែករណីនេះខាងមន្ទីរពេទ្យមិនព្រមទេ ទាល់តែមាន៥០០ដុល្លារទៀត។ ភ្លាមៗនោះទ្វាររបស់មន្ទីរពេទ្យ ក៏ត្រូវសន្តិសុខ យកច្រវាក់មកចាក់ទ្វារមិនឲ្យក្រុមគ្រួសាររបស់គាត់ចេញឡើយ។
ក្រោយការវះកាត់ នារីរងគ្រោះបានមានអាការៈឈឺចុកចាប់ខ្លាំង ត្រូវក្រុមគ្រួសារហៅម៉ូតូកង់បី ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរដ្ឋវិញ និងករណីនេះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកសារព័ត៌មានចុះទៅធ្វើការផ្សាយផ្ទាក់ព្រោងព្រាតផងដែរ៕