(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមករាឆ្នាំ២០១៩នេះ លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោកស្រី មេធីនី ថេបម៉ានី (Methini Thepmani) អគ្គលេខាធិការនៃការិយាល័យគណៈកម្មការមុខងារសាធារណៈ នៃព្រះរាជាណាចក្រថៃ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការអភិវឌ្ឍ និងការគ្រប់គ្រងធនធានមនុស្ស រវាងក្រសួងមុខងារសាធារណៈ និងការិយាល័យគណៈកម្មការមុខងារសាធារណៈ។
គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នៅក្នុងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ននៅ ក្នុងវិស័មុខងារសាធារណៈ និងរដ្ឋបាលសាធារណៈ និងដើម្បីគាំទ្រវិស័យមុខងារសាធារណៈនៃប្រទេសទាំងពីរ ឱ្យទទួលបាននូវប្រសិទ្ធផល ប្រសិទ្ធភាព និងវឌ្ឍនភាព។
ការចុះអនុស្សរណៈនៅពេលនេះរួមមានទី១៖ ការផ្លាស់ប្តូរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ និងថ្នាក់កណ្តាល, ទី២៖ ការរៀបចំសិក្ខាសាលាស្តីពី ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីគ្រប់កម្រិត, ទី៣៖ បណ្តុះបណ្តាលមន្ត្រីរាជការស៊ីវិល នៃស្ថាប័នទាំងពីរ, ទី៤៖ ធ្វើកម្មសិក្សាសម្រាប់មន្ត្រីរាជការស៊ីវិល នៃស្ថាប័នទាំងពីរ, ទី៥៖ កិច្ចប្រជុំអ្នកជំនាញ ដើម្បីពិភាក្សាអំពីផលប្រយោជន៍រួម នៃស្ថាប័នទាំងពីរ, ទី៦៖ កម្មវិធីផ្លាស់ប្តូរសម្រាប់មន្ត្រីរាជការ និងគ្រូឧទ្ទេស និងទី៧៖ គ្រប់ទម្រង់ដទៃទៀតនៃកិច្ចសហការផ្សេងៗទៀត តាមការសម្រេចរបស់ភាគីទាំងពីរ៕