(នាយសមុទ្រ)៖ ប្រជាពលរដ្ឋខ្មែរជាច្រើនរយនាក់ ដែលកំពុងរស់នៅក្នុងប្រទេសបារាំង ស្វីស អាល្លឺម៉ង់ និងប្រទេសប៊ែលហ្សិក បានជួបជុំគ្នានៅតាមតំបន់រៀងៗខ្លួន ដើម្បីប្រារព្ធពិធីអបអរសាទរខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត ដែលនេះសបញ្ជាក់ថា ទោះបីរស់នៅឆ្ងាយពីមាតុភូមិខ្មែរក៏ពិតមែន ប៉ុន្តែក្នុងចិត្តរបស់ពួកគេនៅតែសាមគ្គីជាមហាគ្រួសារខ្មែរតែមួយ។

បើតាមតំណាងប្រជាពលរដ្ឋតាមប្រទេសនីមួយៗខាងលើ បានឱ្យដឹងថា នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ប្រជាពលរដ្ឋខ្មែរប្រមាណ ៦០នាក់ រស់នៅប្រទេសស្វីស បានជួបជុំគ្នាអបអរសាទរខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩ ដល់ ០៧ មករា ២០១៩)។

ចំណែកឯប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងលីល ប្រទេសបារាំង ប្រមាណ១៨០នាក់ នៅទីក្រុងលីយុង ប្រទេសបារាំង ប្រមាណ៥០នាក់ និងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ប្រមាណ៧០នាក់ ក៏បានជួបជុំគ្នាអបអរសាទរខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ផងដែរ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។

កាលពីថ្ងៃទី០៥ និងទី០៦ ខែមករា ឆ្នាំ២០១៩ ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងហ្គ្រូសហែម ប្រទេសអាឡឺម៉ង់ ប្រមាណ ៥០នាក់ និងនៅតំបន់នង់ស៊ី ប្រទេសបារាំង ប្រមាណ ៦៥នាក់ ក៏បានជួបជុំគ្នាអបអរសាទរខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ផងដែរ។

ស្ថិតក្នុងឱកាសនោះ ប្រជាពលរដ្ឋខ្មែរទាំងនោះ ថែមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេស ចូលរួមទាំងអស់គ្នាក្នុងការថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនតទៅទៀត៕

ប្រជាពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងលីយុង ប្រទេសបារាំង និងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក

ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងហ្គ្រូសហែម ប្រទេសអាល្លឺម៉ង់ និងនៅតំបន់នង់ស៊ី ប្រទេសបារាំង

ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសស្វីស