(សៀមរាប)៖ ក្នុងនាមជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹកវប្បធម៌អាស៊ី (ACC) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញប្រកាសពីការបង្កើតជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីសៀមរាបអង្គរ ដែលជាដែនជង្រុកវប្បធម៌ និងប្រាង្គប្រាសាទរបស់កម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ស្អែកនេះ។
ក្នុងព្រឹត្តិការណ៍ប្រកបដោយកិត្តិយសឧត្តុងឧត្តមសម្រាប់កម្ពុជានេះ នឹងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពី ២៦ប្រទេសនៅទូទាំងអាស៊ី។ នៅថ្ងៃស្អែកនេះ វាគ្មិនជាតិ និងអន្តរជាតិនឹងចូលរួមក្នុងកិច្ចពិភាក្សាតុមូលទៅលើប្រធានបទសំខាន់ៗចំនួន៤រួមមាន៖ ១. ការលេចឡើងនូវពិភពលោកមួយទស្សនៈទានចម្រុះនិងអត្តសញ្ញាណអាស៊ី ២. ការតភ្ជាប់រវាងវប្បធម៌និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ៣. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការផ្សារភ្ជាប់រវាងអរិយធម៌ និង ៤. ការកសាងសហគមន៍មួយសម្រាប់ជោគវាសនាតែមួយនៅអាស៊ី។
បន្ទាប់ពីកិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ទាំង៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានស្ថាបនិកកិត្តិយស នៃ ACC នឹងថ្លែងចំណាប់អារម្មណ៍នៅពេលល្ងាច ដើម្បីប្រកាសពីការបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ រួចសម្ដេចនឹងអញ្ជើញជាអធិបតីក្នុងពិធីលៀងសោយភោជន៍នៅទីលានជល់ដំរីនៃប្រាសាទបាយ័ន ដោយមានវត្តមានភ្ញៀវជាង៨០០នាក់ មកពីស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិជាតិ និងអន្តរជាតិ។
លុះនៅថ្ងៃទី១៦ ខែមករា អ្នករៀបចំព្រឹត្តិការណ៍ ACC នឹងរៀបចំដំណើរកម្សាន្តជូនដល់បណ្ដាភ្ញៀវដែលមានបំណងអញ្ជើញទស្សនារមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរដែលត្រូវចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិផងដែរ។
លើសពីការលើកកម្ពស់ ការយោគយល់គ្នាទៅវិញទៅមកនិងការផ្លាស់ប្ដូរវប្បធម៌នោះ ព្រឹត្តិការណ៍ ACC ដែលរៀបចំឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានេះ គឺ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ឯកភាពក្នុងភាពចម្រុះជាតិសាសន៍ និងការផ្សារភ្ជាប់ប្រជាជាតិនានានៅក្នុងចំណោមបណ្ដាប្រទេសជាសមាជិក។
ព្រឹត្តិការណ៍នេះក៏នឹងផ្ញើចេញនូវសារដ៏មានអំណាចនិងវិជ្ជមានទៅដល់ពិភពលោកខាងក្រៅ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបទពិសោធន៍ដែលភ្ញៀវទទួលបានថា ព្រះរាជាណាចក្រកម្ពុជាមាននូវសក្ដានុពលដ៏ធំធេងសម្រាប់កំណើននៃទេសចរណ៍ វប្បធម៌ និងសម្រាប់ការវិនិយោគ។
សូមបញ្ជាក់ថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ត្រូវបានប្តូរឈ្មោះមកពី «ក្រុមប្រឹក្សាវប្បធម៌ ICAPP» នៅក្នុងសម័យប្រជុំលើកទី២៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP កាលពីខែកក្កដា ឆ្នាំ២០១៧ ដើម្បីពង្រីកវិសាលភាពនៃការងារឲ្យកាន់តែទូលំទូលាយ និងបើកចំហរ។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ត្រូវបានបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៉ី ហើយកិច្ចព្រមព្រៀងភាពជាដៃគូដ៏គួរឱ្យកោតសរសើរនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ ICAPP និងបណ្តាគណបក្សនយោបាយនៅអាស៊ី។
ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៉ី ត្រូវបានប្រគល់តួនាទីឱ្យរៀបចំឯកសារគោលសម្រាប់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ស្របតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំ លើកទី២៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ២០១៦។
ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានសម្រេចបង្កើតលេខាធិការដ្ឋាននៅក្នុងប្រទេសកម្ពុជា ហើយសម្រេចជ្រើសរើសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានស្ថាបនិកកិត្តិយស, លោកស្រី ឃួន សុដារី ជាប្រធាន និងលោក សួស យ៉ារ៉ា ជាអគ្គនាយក។
ក្រុមប្រឹក្សាវប្បធម៌អាស៊ីបង្កើតឡើង ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមបណ្តាប្រទេសជាសមាជិក លើកកម្ពស់សាមគ្គីភាពក្នុងភាពសម្បូរបែប លើកកម្ពស់សម្បត្តិវប្បធម៌ជាប្រភពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហការអន្តរជាតិ និងការផ្សារភ្ជាប់អារ្យធម៌ និងកសាងនូវទ្វីបអាស៊ីមួយប្រកបដោយភាពសុខុដុម៕