(ភ្នំពេញ)៖ លោកស្រី កែ ឡេង ដែលត្រូវបានប្រសិទ្ធនាមថា ជាវីរកីឡាការិនីប៉េតង់ដៃឯកកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងអំណរគុណសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងក្រៃលែង ដែលសម្តេចបានជួយអំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាបោះឆ្នោតជូនលោកស្រី សម្រាប់ពានរង្វាន់ «អត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨» របស់សមាគមកីឡាអន្តរជាតិ។
សមាគមកីឡាអន្តរជាតិ (IWGA) ដែលមានទីស្នាក់ការនៅប្រទេសស្វីស នៅពេលថ្មីៗនេះ បានរៀបចំការបោះឆ្នោតតាម Online សម្រាប់ពានរង្វាន់ «អត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨»។ វីរកីឡាការិនីប៉េតង់ កែ ឡេង ត្រូវបានជ្រើសតាំងជាបេក្ខនារី តំណាងប្រទេសកម្ពុជា ត្រូវប្រជែងយកពាននេះ ជាមួយបេក្ខភាពអត្តពលិកនានា ជុំវិញពិភពលោកជាច្រើននាក់។
កម្មវិធីបានតម្រូវឲ្យអ្នកគាំទ្រ ចូលរួមបោះឆ្នោតដោយផ្ទាល់ តាមរយៈការចុច Vote លើឈ្មោះអត្តពលិក ហើយបំពេញឈ្មោះ និង E-mail ផងដែរទើបអាចបោះឆ្នោតបាន។ នេះជាឱកាសមួយ ដែលមហាគ្រួសារខ្មែរ ត្រូវរួបរួមគ្នាដើម្បីបោះឆ្នោត ឲ្យអ្នកស្រី កែ ឡេង យកមហាកិត្តិយសជូនជាតិជាបន្តបន្ទាប់ទៀត។
តាមរយៈអង្គភាពព័ត៌មាន Fresh News លោកស្រី កែវ ឡេង បានចាត់ទុកថា ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន គឺជាប្រសាសន៍ដ៏មានតម្លៃ ដែលបានគិតគូរពីប្រជាជនកម្ពុជា និងដើម្បីជាតិកម្ពុជា ព្រោះថាប្រសិនជាលោកស្រី ឈ្នះពានរង្វាន់នេះ ប្រទេសកម្ពុជានឹងបន្តលើកទង់ជាតិ បង្ហាញកិត្តិយសយ៉ាងធំធេង មុខប្រជាជនយ៉ាងច្រើនលើពិភពលោក។
សូមជំរាបថា ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាង់សង់ផ្លូវក្រវាត់ក្រុងទី៣ កាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល តម្លៃជិត៣០០លានដុល្លារអាមេរិក ព្រឹកមិញនេះ, សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាបោះឆ្នោត Online ជូនវីរិកាឡាការិនីប៉េតង់ កែ ឡេង ដើម្បីឈ្នះពានរង្វាន់ «អត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨»។
ទន្ទឹមនឹងការអំពាវនាវឲ្យបោះឆ្នោតគាំទ្រវីរកីឡារការិនី កែ ឡេង ដើម្បីឈ្នះពានរង្វាន់ «អត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨» ហើយនោះ, សម្តេចនាយករដ្ឋមន្ត្រី ក៏បានរិះគន់យ៉ាងខ្លាំងៗ ដល់ក្រុមអតីតបក្សប្រឆាំង ដែលមិនដែលគាំទ្រសូម្បីវិស័យកីឡា ពោលមានតែព្យាយាមនិយាយជាន់ពន្លិច និងបន្តុះបង្អាប់។ សម្តេចគូសបញ្ជាក់ដែរថា បើក្រុមអតីតបក្សប្រឆាំង មានចិត្តចង្អៀតចង្អល់បែបនេះ គឺពួកគេគ្មានសមត្ថភាព ធ្វើជាអ្នកដឹកនាំគេបានឡើយ។
យោងតាមសមាគមកីឡាអន្តរជាតិ ដើម្បីគាំទ្របេក្ខភាពអ្នកស្រី កែ ឡេង ឲ្យឆ្លងផុតការជម្រុះជុំទី១ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ «អត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨» សូមចូលតាមតំណរភ្ជាប់ដូចតទៅ៖ ទី១៖ ចូលទៅកាន់៖ http://www.theworldgames.org , ទី២៖ ចុចលើពាក្យ picture «Athelete of the year 2018» និងទី៣៖ ចុច Vote លើរូបអ្នកស្រី កែ ឡេង រួចចុចលើពាក្យ Register ជាការស្រេច។
ការបោះឆ្នោតគាំទ្រ តាមនីតិវិធីនេះរាល់២៤ម៉ោងម្ដង ជារៀងរាល់ថ្ងៃ។ ផុតកំណត់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដែលជាជុំទី១ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ដែលជាជុំបញ្ចប់។
អ្នកស្រី កែ ឡេង គឺជាវីរកីឡាការិនីកម្ពុជា តែ១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ ចំនួន៤លើកមកហើយគឺ៖ ឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។ គិតមកដល់ដើមឆ្នាំ២០១៩នេះ អ្នកស្រីឈ្នះមេដាយចំនួន៥៥ ខណៈមេដាយមាស២១ មេដាយសំរឹទ្ធ១៧ និងមេដាយប្រាក់១៧ផងដែរ៕