(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ អបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៤ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី។
យោងតាមសេចក្តីថ្លែងការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ការកាន់តំណែងជាប្រមុខរាជរដ្ឋាភិបាលពីសំណាក់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេស និងប្រជាជនកម្ពុជា ទទួលបានភាពកក់ក្តៅ និងជឿជាក់ជាទីបំផុត។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមសម្តែងនូវគុណូបការៈ និងសាទរគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសថ្ងៃខួបនៃការទទួលបានតំណែង ជានាយករដ្ឋមន្ត្រី ពីប្រជាជនកម្ពុជាតាមរយៈសភារបស់ខ្លួន ក្នុងរយៈពេល៣៤ឆ្នាំ ដែលចាប់ផ្តើមពីខែមករា ឆ្នាំ១៩៨៥ រហូតដល់បច្ចុប្បន្ន»។
សេចក្តីថ្លែងការណ៍ដដែល បានឲ្យដឹងបន្តថា «តំណែងជាប្រមុខរាជរដ្ឋាភិបាល ដែលជាជម្រើសរបស់មហាជនខ្មែរនេះ គឺជាសក្ខីភាពនៃប្រសិទ្ធភាព និងថាមពល នៃការដឹកនាំរបស់សម្តេចតេជោ ដែលយើងខ្ញុំទទួលបានភាពកក់ក្តៅ និងជឿជាក់បំផុត»៕ សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ៖