(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dato' Haji Mohd.Rashid Bin Hasnon អនុប្រធានរដ្ឋសភាម៉ាឡេស៊ី នៅសណ្ឋាគារសុខាអង្គរសៀមរាប ក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) និងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ថ្លែងទៅកាន់អនុប្រធានរដ្ឋសភាម៉ាឡេស៊ី ដែលជាមិត្តភក្តិជាង១០ឆ្នាំមកហើយ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ ដល់ភាគីម៉ាឡេស៊ី ដែលជាភាគីដៃគូជាមិត្តជិតស្និទ្ធរបស់កម្ពុជា តែងតែដើរនាំមុខក្នុងការជ្រោមជ្រែងសហគមន៍ខ្មែរឥស្លាម ក្នុងបេសកកម្មមនុស្សធម៌ លើគ្រប់វិស័យ ដែលសកម្មភាពនេះលោកចាត់ទុកថា ម៉ាឡេស៊ីគឺជាដៃគូដើរលំដាប់លេខមួយ បើប្រៀបធៀបនឹងបណ្តាប្រទេសផ្សេងៗ ដែលកំពុងចូលរួមអភិវឌ្ឍន៍ លើកកម្ពស់លើគ្រប់វិស័យជូនសហគមន៍ខ្មែរឥស្លាម។
លោកអនុប្រធានសភាម៉ាឡេស៊ី បានថ្លែងការកោតសរសើរដល់ការដឹកនាំដ៏ល្អរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានការរីកចម្រើនគ្រប់វិស័យ ស្ទើរតែមិនអាចជឿពីភាពជឿនលឿនគ្រប់បែបយ៉ាងមកដល់បច្ចុប្បន្ន ជាពិសេសកម្ពុជាត្រូវបានទទួលស្គាល់ក្នុងតំបន់ និងអន្តរជាតិជាប្រទេសគំរូ ដែលរក្សាបាននូវសន្តិភាព និងសុខដុមបនីយកម្ម៕