(សៀមរាប)៖ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី បានទទួលជួបធ្វើសវនការ និងសម្តែងការគួរសម ជាមួយនឹងគណៈប្រតិភូនៃសភាឌូម៉ារុស្សី ដឹកនាំដោយលោកស្រី អូហ្កា អេពីហ្វាណូវ៉ា (OLGA EPIFANOVA) អនុប្រធានសភាឌូម៉ា នៃសហព័ន្ធរុស្សី។
សវនាការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ខណៈដែលលោកស្រី អូហ្កា អេពីហ្វាណូវ៉ា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ សភាឌូម៉ា នៃសហព័ន្ធរុស្សី ចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅទឹកដីអង្គរកម្ពុជា។
លោកស្រី ឃួន សុដារី បានថ្លែងថា សភាកម្ពុជាមានកិត្តិយសណាស់ ដែលបានធ្វើជាអ្នករៀបចំកិច្ចប្រជុំសមាជិកសភាស្ត្រី នៃAPPF ជាលើកដំបូង ដែលកិច្ចប្រជុំសមាជិកសភាស្រ្តីនេះ ត្រូវបានសម្រេចឲ្យមានជាផ្លូវការ នៅក្នុងសេចក្តីសម្រេច APPF លើកទី២៦ កាលពីឆ្នាំមុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ក្នុងឱកាសនោះដែរ លោកស្រី ឃួន សុដារី ក៏បានលើកឡើងពីប្រវត្តិ និងទំនាក់ទំនង យ៉ាងជិតស្និតរវាងកម្ពុជា និងសហព័ន្ធរុស្សី ដោយឈរលើគោលការណ៍សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលជានិច្ច ជាកាលតែងតែជួយគ្នាទៅវិញទៅមក។
ជាមួយគ្នានោះ លោកស្រី ក៏សូមឲ្យជំរុញកិច្ចទំនាក់ទំនង ដែលមានស្រាប់នេះ ឲ្យកាន់តែប្រសើរឡើងថែមទៀត ពិសេសទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាង សភានៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក។
ជាការឆ្លើយតប លោកស្រី អូហ្កា អេពីហ្វាណូវ៉ា បានថ្លែងអំណរគុណ ជូនចំពោះ លោកស្រី ឃួន សុដារី ដែលបានលើកឡើងពីសារសំខាន់ នៃទំនាក់ទំនងរវាងប្រទេស ក៏ដូចជាសភាទំាងពីរហើយ លោកស្រី បានសន្យាថា នឹងពាំនាំអនុសាសន៍ដ៏ល្អ នៅក្នុងជំនួបនេះ ទៅជម្រាបជូនថ្នាក់ដឹកនាំសភាឌូម៉ា នៃសហព័ន្ធរុស្សីផងដែរ។
លោកស្រី អូហ្កា អេពីហ្វាណូវ៉ា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសភាកម្ពជា ដែលបានខិតខំរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF លើកទី២៧នេះ និងសូមជូនពរឲ្យកិច្ចប្រជុំឆ្នាំនេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។
សូមជម្រាបផងដែរថា សម្រាប់វេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧នេះ មានការរៀបចំកិច្ចប្រជុំ លើក៣វិស័យ ហើយដែលនៅក្នុងនោះ កិច្ចប្រជុំសភាស្រ្តីប្រធានបទ របស់ក្រុមការងារទទួលបន្ទុក កិច្ចប្រជុំសមាជិកសភាស្ត្រីមាន៖
*១៖ ពង្រឹងភាពជាដៃគូ ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីសមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាច ដល់ស្រ្តីនិងកុមារី ដើម្បីសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព
*២៖ ធានាការផ្ដល់សមភាពរវាងស្ត្រីនិងបុរស ក្នុងវិស័យអប់រំ វិជ្ជាជីវៈ បច្ចេកទេស និងព័ត៌មានវិទ្យា ដើម្បីសន្តិភាព និងសម្រេចបាន នូវគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព
*៣៖ លើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាច ដល់ស្រ្តីតាមរយៈការបង្កើនការចូលរួម របស់ស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចនៅគ្រប់កម្រិត៕