(ភ្នំពេញ)៖ ក្នុងពិធីប្រគល់ទទួលបណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមជូនថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានលើកឡើងថា ការផ្ដល់របបសន្តិសុខសង្គមនេះ គឺជាកាយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលចំពោះមន្ត្រីរាជការ។
លោក ម៉េង ហុង នាយករងបេឡាជាតិរបបសន្ដិសុខសង្គម បានលើកឡើងពីខ្លឹមសារពាក់ព័ន្ធនឹងរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីរាជការសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។
លោករដ្ឋមន្ត្រីស្ដីទី ទិត ចន្ថា បានឱ្យដឹងថា របបសន្តិសុខសង្គមទាំងពីរផ្នែកខាងលើនេះ គឺជាគោលនយោបាយដ៏ល្អប្រសើរ ក្នុងការឆ្លើយតបទៅនឹងការរក្សាសុខុមាលភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនឱ្យកាន់តែប្រសើរឡើង។
លោក ទិត ចន្ថា ជឿជាក់ថា បន្ទាប់ពីទទួលបានបណ្ណសមាជិក ប.ស.ស នេះ មន្ត្រីរាជការក្រសួងទេសចរណ៍ នឹងមានភាពងាយស្រួលក្នុងការទទួលយកសេវា ថែទាំសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យជាដៃគូនានា។
បន្ថែមលើនេះ លោកក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ សូមចូលរួមចំណែកអនុវត្តក្នុងការងារកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងខិតខំប្រឹងប្រែងបន្តបង្កើនផលិតភាពការងារសម្រាប់ឆ្នាំថ្មី ឱ្យបានកាន់តែប្រសើរជាងមុន ពិសេសត្រូវចូលរួមថែរក្សាសន្តិភាពឱ្យបានស្ថិតស្ថិរ ដើម្បីបន្តការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយនឹងការណែនាំនេះ រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍រូបនេះ ក៏បានបន្តទៀតថា ដរាបណាមានសន្តិភាពនោះ នឹងមានការអភិវឌ្ឍ ហើយការលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការ ក៏បានកាន់តែប្រសើរឡើងជាបន្តបន្ទាប់៕