(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាបោះឆ្នោត Online ជូនវីរិកាឡាការិនីប៉េតង់ កែ ឡេង ដើម្បីឈ្នះពានរង្វាន់ «អត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨» របស់សមាគមកីឡាអន្តរជាតិ។
សមាគមកីឡាអន្តរជាតិ (IWGA) ដែលមានទីស្នាក់ការនៅប្រទេសស្វីស នៅពេលថ្មីៗនេះ បានរៀបចំការបោះឆ្នោតតាម Online សម្រាប់ពានរង្វាន់ «អត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨»។ វីរកីឡាការិនីប៉េតង់ កែ ឡេង ត្រូវបានជ្រើសតាំងជាបេក្ខនារី តំណាងប្រទេសកម្ពុជា ត្រូវប្រជែងយកពាននេះ ជាមួយបេក្ខភាពអត្តពលិកនានា ជុំវិញពិភពលោកជាច្រើននាក់។
កម្មវិធីបានតម្រូវឲ្យអ្នកគាំទ្រ ចូលរួមបោះឆ្នោតដោយផ្ទាល់ តាមរយៈការចុច Vote លើឈ្មោះអត្តពលិក ហើយបំពេញឈ្មោះ និង E-mail ផងដែរទើបអាចបោះឆ្នោតបាន។ នេះជាឱកាសមួយ ដែលមហាគ្រួសារខ្មែរ ត្រូវរួបរួមគ្នាដើម្បីបោះឆ្នោត ឲ្យអ្នកស្រី កែ ឡេង យកមហាកិត្តិយសជូនជាតិជាបន្តបន្ទាប់ទៀត។
ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាង់សង់ផ្លូវក្រវាត់ក្រុងទី៣ កាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល តម្លៃជិត៣០០លានដុល្លារអាមេរិក, សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ យ៉ាងដូច្នេះថា «ជួយបោះឆ្នោតឲ្យកីឡាការិនី កែ ឡេង ដើម្បីក្លាយទៅជាកីឡាឆ្នើមរបស់ពិភពលោក ព្រោះគេរើសប្រមាណប្រទេសទៅប្រកួត តាមរយៈការបោះឆ្នោត។ កែ ឡេង គាត់ទទួលបាន១លេខខាងប៊ូល... ឥឡូវដើម្បីឆ្លងវគ្គបន្ត គេដាក់ឲ្យបោះឆ្នោតតាម Online»។
ទន្ទឹមនឹងការអំពាវនាវឲ្យបោះឆ្នោតគាំទ្រវីរកីឡារការិនី កែ ឡេង ដើម្បីឈ្នះពានរង្វាន់ «អត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨» ហើយនោះ, សម្តេចនាយករដ្ឋមន្ត្រី ក៏បានរិះគន់យ៉ាងខ្លាំងៗ ដល់ក្រុមអតីតបក្សប្រឆាំង ដែលមិនដែលគាំទ្រសូម្បីវិស័យកីឡា ពោលមានតែព្យាយាមនិយាយជាន់ពន្លិច និងបន្តុះបង្អាប់។ សម្តេចគូសបញ្ជាក់ដែរថា បើក្រុមអតីតបក្សប្រឆាំង មានចិត្តចង្អៀតចង្អល់បែបនេះ គឺពួកគេគ្មានសមត្ថភាព ធ្វើជាអ្នកដឹកនាំគេបានឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «សូម្បីតែកីឡា ដែលប្រកួតឈ្នះក៏អាពួកប្រឆាំង វាមិនដែលអបអរសាទរទេ ព្រោះអបអរសាទរទៅ វាដូចជាឲ្យគុណសម្បត្តិ មកគណបក្សប្រជាជន ឬឲ្យគុណសម្បត្តិមករដ្ឋាភិបាល។ ប៉ុន្តែសួរថាបើគំនិត ចង្អៀតចង្អល់បែបនេះ វាដឹកនាំជាតិបានឬអត់? វាទៅមិនរួចទេ»។
សូមជំរាបថា យោងតាមសមាគមកីឡាអន្តរជាតិ ដើម្បីគាំទ្របេក្ខភាពអ្នកស្រី កែ ឡេង ឲ្យឆ្លងផុតការជម្រុះជុំទី១ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ «អត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨» សូមចូលតាមតំណរភ្ជាប់ដូចតទៅ៖ ទី១៖ ចូលទៅកាន់៖ http://www.theworldgames.org , ទី២៖ ចុចលើពាក្យ picture «Athelete of the year 2018» និងទី៣៖ ចុច Vote លើរូបអ្នកស្រី កែ ឡេង រួចចុចលើពាក្យ Register ជាការស្រេច។
ការបោះឆ្នោតគាំទ្រ តាមនីតិវិធីនេះរាល់២៤ម៉ោងម្ដង ជារៀងរាល់ថ្ងៃ។ ផុតកំណត់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដែលជាជុំទី១ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ដែលជាជុំបញ្ចប់។
អ្នកស្រី កែ ឡេង គឺជាវីរកីឡាការិនីកម្ពុជា តែ១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ ចំនួន៤លើកមកហើយគឺ៖ ឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។ គិតមកដល់ដើមឆ្នាំ២០១៩នេះ អ្នកស្រីឈ្នះមេដាយចំនួន៥៥ ខណៈមេដាយមាស២១ មេដាយសំរឹទ្ធ១៧ និងមេដាយប្រាក់១៧ផងដែរ៕