(ភ្នំពេញ)៖ ករណីគ្រោះអគ្គិភ័យឆេះផ្ទះថ្មលក់ឥវ៉ាន់ចាប់ហួយមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងចំណុចផ្ទះលេខ៥៥ ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ប៉ុន្ដែបានរលត់ទៅវិញ បន្ទាប់ពីកម្លាំងសមត្ថកិច្ចប្រើពេលប្រមាណ២៥នាទី ដើម្បីអន្ដរាគមន៍ជួយបាញ់សង្គ្រោះ។
របាយការណ៍របស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ស្ដីពីករណីគ្រោះថ្នាក់អគ្គិភ័យខាងលើនេះ បានកើតឡើងទៅលើម្ចាស់ផ្ទះឈ្មោះ ណោ ឆេងគីម ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ក្រោយពីមានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងលោក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានប្រើរថយន្ដពន្លត់អគ្គិភ័យចំនួន០៦គ្រឿង ប្រើប្រាស់ទឹកជួយបាញ់ពន្លត់អស់ចំនួន០៣គ្រឿង។
ក្នុងនោះរថយន្តរបស់ការិយាល័យបង្កាពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង រថយន្តរដ្ឋបាលខណ្ឌឫស្សីកែវ០១គ្រឿងផងដែរ ហើយរលត់ទៅវិញទាំងស្រុង ដោយពុំបានឆេះរីករាលដាលឆ្លងដល់ផ្ទះប្រជាពលរដ្ឋដ៏ទៃទៀតឡើយ ក្នុងរយៈពេល២៥នាទី ក្រោយពីកើតហេតុឆាបឆេះ នៅម៉ោង១០៖០០នាទី។
នៅក្នុងរបាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា អគ្គីភ័យដែលឆាបឆេះរយៈពេល២៥នាទីនេះ បណ្តាលឲ្យរងការខូចខាតរថយន្ដ Lexus RX300 ពណ៌មាស ពាក់ផ្លាកលេខភ្នំពេញ2V-0897 នៅផ្នែកមួយកំណាត់មុខ រួមជាមួយសម្ភារស្តុកលក់ចាប់ហួយមួយចំនួនធំ ដែលមូលហតុមកពីឆ្លងចរន្តអគ្គីសនី តែមិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ៕