(ភ្នំពេញ)៖ បញ្ហាផ្លូវចិត្តបានធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួន ប្រឈមនឹងបញ្ហារស់នៅរបស់ខ្លួន រហូតឈានដល់ការប្រព្រឹត្តិអំពើអមនុស្សធម៌ ឬធ្វើអត្តឃាតផ្សេងៗមកលើខ្លួន ដោយទង្វើទាំងអស់នេះហើយ ទើបត្រូវឲ្យមនុស្សម្នាក់ៗមានការអប់រំចិត្តផ្លូវចិត្ត ដោយសមាធិដើម្បីសុខភាពផ្លូវចិត្ត និងជាធម្មឱសថព្យាបាលបញ្ហាផ្លូវចិត្តបានយ៉ាងល្អប្រសើ សម្រាប់មនុស្សគ្រប់រូបយកទៅអនុវត្តផងដែរ។
ដោយហេតុមើលឃើញនូវអំពើអមនុស្សធម៌ ឬធ្វើអត្តឃាតផ្សេងៗមកលើខ្លួននោះ ទើបនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ លោក អៀង សុធារ៉ា ប្រធានមូលនិធិអៀង បានរៀបចំការតាំងសមាធិដើម្បីសុខភាពផ្លូវចិត្ត នៅពុទ្ធមណ្ឌលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានការចូលរួមពីមន្ត្រីសង្ឃ មន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល សមាគម វិស័យឯកជននានា និងសិស្សនិស្សិតសរុបទាំងអស់ចំនួន ១,២៥០រូបផងដែរ។
ព្រះភិក្ខុមហាថេរចិត្តការោ ទូច សារិទ្ធ បានពន្យល់យ៉ាងដូច្នេះថា «យើងមានវិបត្តិផ្លូវចិត្ត ហើយយើងដោះស្រាយអត់បាន អ្នកខ្លះទៅជាចង់ក អ្នកខ្លះទៀតលោតទឹក ហើយអ្នកខ្លះទៀតទៅជាប្រើប្រាស់គ្រឿងញៀន អ្នកខ្លះទៀតមានវិបត្តិផ្សេងៗ រាប់មិនអស់ទេ ដោយទង្វើទាំងនេះហើយ ថាមកពីយើងអត់មានសតិ តែត្រូវយកធម្មឱសថមកព្យាបាល ត្រូវរៀនអប់រំចិត្ត គឺធ្វើសមាធិ។ ព្រះភិក្ខុមហាថេរចិត្តការោ បានបញ្ជាក់បន្តថា សមាធិ គឺមានន័យថា ការតម្កល់ចិត្តឲ្យ និងឲ្យមូល គិតរឿងតែមួយក្នុងពេលតែមួយ»។
បើតាមពុទ្ធសាសនិកជនដ៏មុះមុតលោក អៀង សុធារ៉ា ប្រធានមូលនិធិអៀង បានបញ្ជាក់ថា កម្មវិធី «សមាធិដើម្បីសុខភាពផ្លូវចិត្ត» គឺរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៤ ក្នុងរួមមាន៖ ទី១ គឺដើម្បីផ្សព្វផ្សាយពីគុណប្រយោជន៍នៃការធ្វើសមាធិ, ទី២ ដើម្បីជាជំនួយផ្នែកផ្លូវសុខភាពចិត្ត និងសុខភាពផ្លូវកាយសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ, ទី៣ ការជួយបង្កើតនូវភាពសុខដុមរមនាក្នុងសង្គមជាតិទាំងមូល, និងទី៤ គឺដើម្បីជំរុញឲ្យមានការធ្វើសមាធិជាលក្ខណៈថ្នាក់ជាតិនៅឆ្នាំក្រោយៗទៀត។
សូមបញ្ជាក់ផងដែរថា សម្រាប់ការរៀបចំដែលមានអ្នកចូលរួមចំនួន ១,២៥០រូបនេះដែរ គឺសំដៅដល់ថ្ងៃប្រជុំសន្និបាតជាលើកដំបូងរបស់ព្រះសម្មាសម្ពុទ្ធ ជាមួយព្រះភិក្ខុទាំងឡាយ ដែលកាលព្រះអង្គទើបត្រាស់ដឹងដំបូង ដែលជាថ្ងៃពេញបូណ៌មី ខែមាឃ ខណៈមានប្រជាពលរដ្ឋ ពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យមាឃបូជា ដែលមានព្រះភិក្ខុចំនួន ១,២៥០រូបផងដែរ៕