(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺជាវីរជន ស្នេហាជាតិ និងបានកសាងសន្ដិភាព ធ្វើឲ្យប្រជាជនមានជីវភាពធូរធារ សំបូររុងរឿងដូចសព្វថ្ងៃ។
ការលើកឡើងបែបនេះ របស់លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានធ្វើឡើងក្នុងពិធីមីទ្ទីងរំឭកខួបទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា ២០១៩) ដោយមានការចូលរួម ពីលោកតា លោកយាយ អ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរជាច្រើនរូប ដែលរៀបចំធ្វើឡើង នៅក្នុងសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិត ម៉ា ឈឿន បានលើកឡើងថា «សម្ដេចតេជោ ហ៊ុន សែន គឺជាវីរជន ស្នេហាជាតិ កសាងសន្ដិភាព ធ្វើឲ្យប្រជាជនមានជីវភាពធូរធារ សំបូររុងរឿងដូចសព្វថ្ងៃ ដូច្នេះ យើងមិនអាចបដិសេធ បានទេ...មានសម្ដេចតេជោ ហ៊ុន សែន គឺមានសន្ដិភាព និងការអភិវឌ្ឍ ពីព្រោះថា សម្ដេចតេជោ ហ៊ុន សែន និងសន្ដិភាព គឺតែមួយ»។
តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានបន្ថែមទៀតថា «យើងទាំងអស់គ្នា ប្ដេជ្ញាគាំទ្រ ការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា ជារៀងរហូត»។
ជាមួយគ្នានោះ លោកបណ្ឌិត ម៉ា ឈឿន បានបញ្ជាក់ថា ត្រូវតែរក្សាការពារ រួមចំណែកសហការគ្នា ការពារសន្ដិសុខ តាមរយៈការអនុវត្ដគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព តាមរយៈការរួមចំណែក បំផ្លិចបំផ្លាញ ទប់ស្កាត់ កំទេច និងធ្វើយ៉ាងណា រារាំងទប់ស្កាត់ ឲ្យខានតែបាន នូវចលនាបដិវត្ដន៍ពណ៌។
ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ រូបនេះ បានលើកឡើងថា «បដិវត្ដន៍ពណ៌ ធ្វើឲ្យពិភពលោក ពោរពេញដោយសង្គ្រាម ដូច្នេះយើងទាំងអស់គ្នា ស្អប់ខ្ពើមបដិវត្ដន៍ពណ៌ យើងទាំងអស់គ្នា មិនត្រូវការបដិវត្ដន៍ពណ៌ យើងទាំងអស់គ្នា ត្រូវតែទប់ស្កាត់ឲ្យខានតែបាន»។
លោកបណ្ឌិត ម៉ា ឈឿន បានគូសបញ្ជាក់ទៀតថា ត្រូវរួមចំណែកកសាងប្រទេស លើគ្រប់វិស័យឲ្យរីកចម្រើនជារៀងរហូត ផ្ដើមចេញពីការអភិវឌ្ឍ លើគ្រប់វិស័យ ពិសេសអាជ្ញាធរ ភូមិ ឃុំ រដ្ឋអំណាច គ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវរួមគ្នាកសាងជីវភាពរស់នៅ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែរីកចម្រើនជាបន្ដបន្ទាប់។
លោកបន្ដថា «យើងទាំងអស់គ្នា ត្រូវចង់ចាំថា យើងត្រូវតែសាមគ្គីគ្នា...សាមគ្គីជាតិ គឺរស់ បែកបាក់សាមគ្គី គឺស្លាប់ ដូច្នេះយើងទាំងអស់គ្នា ត្រូវសាមគ្គីគ្នា ជារៀងរហូត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជន គ្រប់ជាន់ថ្នាក់ ត្រូវបន្ដអនុវត្ដគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បំបាត់អំពើឆក់ លួច និងបំបាត់អំពើល្មើស គ្រប់បែបយ៉ាងទាំងអស់»៕