(ភ្នំពេញ)៖ ក្រោយពីចុះត្រួតពិនិត្យស្ថានភាពផ្លូវ នៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ឃើញថាមានជង្ហុគតូច-ធំ កើតមានជាសំបុកមាន់ មានការពិបាកធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ បានចាត់ឲ្យលោក នុត សាវី ប្រធានសណ្ដាប់ខណ្ឌស្ដីទី ដឹកនាំក្រុមការងារនាំយកសម្ភារសំណង់ មានថ្មគ្រោះ ខ្សាច់ និងស៉ីម៉ង់ផងដែរ ទៅធ្វើការជួសជុលលប់បំបាត់ចោលភ្លាមៗ ដើម្បីបង្កាទប់ស្កាត់ ទាំងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ និងបង្កាកុំឲ្យខូចខាតកាន់តែធ្ងន់ធ្ងរជាងនេះទៀត ក្នុងការរួមចំណែកកាត់បន្ថយលើការចំណាយថវិការបស់ជាតិ។
លោក ជា ពិសី បានឲ្យដឹងថា ការចាក់ក្រាលបេតុងលប់បំបាត់ជង្គុកតូចធំ ជាសំបុកមាន់ គឺត្រូវបានធ្វើឡើង និងដោះស្រាយជាជំហ៊ានៗ និងបន្តធ្វើឥតឈប់ឈរឡើយ និងជួសជុលឲ្យទាល់តែអស់ចំពោះផ្លូវទាំងឡាយណា ដែលរងការខូចខាត បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានការស្នើ ឫជាសំណូមពរ ពីប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែជាសេវាតម្រូវការចាំបាច់នៅចំពោះមុខមួយ ដែលក្នុងនាមអាជ្ញាធរ ត្រូវមានវិធានការធ្វើទៅតាមលទ្ធភាព ជាបណ្ដោះអាសន្ន ដើម្បីឆ្លើយតបឲ្យទាន់សភាពការដោយពុំបានគិតពីពេលវេលា និងគ្មានលក្ខខណ្ឌឡើយ ក្នុងការបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានដាក់ចេញថា «មន្ត្រីមិនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋឡើយ» ផ្ទុយទៅវិញ «មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»។
បើតាមលោក ជា ពិសី ក្រោយពីការជួសជុលផ្លូវ ដែលរងការខូចខាតជាបន្តបន្ទាប់នៅមួយអន្លើ នៅក្នុងភូមិសាស្ត្រសង្កាត់ទាំង៧ ដែលកើតមានជង្គុកតូចធំ ជាសំបុកមាន់រួចរាល់ជាស្ថាពរហើយ ទាំងផ្លូវ១ខ្សែខាងលើនេះក្ដី មិនត្រឹមតែអាចជួយកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរ ដែលអាចកើតមានឡើងជាហេតុនោះទេ គឺសណ្ដាប់ធ្នាប់ អាជ្ញាធរភូមិ សង្កាត់ ឫខណ្ឌ បានចូលរួមចំណែកក្នុងការកាត់បន្ថយការចំណាយលើថវិកាជាតិផងដែរ៕