(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានផ្តាំផ្ញើដល់យុវជនទាំងអស់មានតួនាទីជាពុម្ព ជាសសរគ្រឹះជាអ្នកបន្តវេន និងជាទំពាំងស្នងឬស្សី សម្រាប់ការចូលរួមទ្រទ្រង់ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះត្រូវខិតខំកសាង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យស័ក្តិសមជាអ្នកបន្តវេនដ៏ល្អ តាមរយៈការបណ្តុះគំនិត បណ្តុះនូវវប្បធម៌កតញ្ញូ និងចរឹតជាតិនិយម។
ការលើកឡើងរបស់លោក ម៉ៅ ធនិន បានថ្លែងបែបនេះ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ម្សិលមិញ នៅក្នុងឱកាសដែលោកបានអញ្ជើញ ជាអធិបតីភាពក្នុងសន្និបាតបូកសរុបប្រចាំឆ្នាំ របស់ហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងផ្សព្វផ្សាយលទ្ធផលមហាសន្និបាតទូទាំងប្រទេសលើកទី៤ ដោយមានការអញ្ជើញចូលរួមពីលោក ឈុន សុង ប្រធានក្រុមប្រឹក្សាខេត្ត លោក ហេង សុខគង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងគ្រួសារ (សសយក) មកពីក្រុង-ស្រុកទាំង៥ នៅក្នុងខេត្តពោធិ៍សាត់ នៅសាលប្រជុំបណ្ណាល័យសាមគ្គី វិទ្យាល័យពោធិ៍សាត់
លោក សំ ណារិទ្ធ និងលោក ហេង សុខគង់ បានអានរបាយការណ៍ និងការផ្សព្វផ្សាយលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី០៤ ព្រមទាំងមតិចូលរួម ពីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមបណ្ដាក្រុង-ស្រុកទាំង៥រួចមក លោក ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងកោតសរសើរ ដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ ដែលមានសកម្មភាពរស់រវើក ទាំងការងារបក្សការងារមនុស្សធម៌ និងការងារសង្គម។
ថ្នាក់ដឹកនាំខេត្តរូបនេះ បានថ្លែងទៀតថា យុវជនមានឱកាសច្រើន ក្នុងការកសាងសមត្ថភាពរបស់ខ្លួន ឲ្យក្លាយជាធនធានមនុស្ស ភាពជាអ្នកដឹកនាំ និងបណ្ដុះគំនិតវប្បធម៌កាតញូ។ យុវជនជាទំពាំងស្នងឬស្សី បន្តដឹកនាំជាមេភូមិមេ មេឃុំ អភិបាលស្រុក អភិបាលខេត្ត ក្រសួង មន្ទីរ និងស្ថាប័នផ្សេងៗទៀត។ ដូច្នេះត្រូវរក្សាឱ្យបាននូវភាពថ្លៃថ្នូរ មានគុណធម៌ អភិវឌ្ព្យន៍ និងពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យស័ក្តិសមជាអ្នកបន្តវេន។
ជាមួយគ្នានោះ លោកបានអំពាវនាវដល់ក្រសួង-ស្ថាប័នរដ្ឋ រដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អង្គការ និងសមាគមមិនមែនរដ្ឋាភិបាលបន្តគាំទ្រ និងផ្ដល់កិច្ចសហការ ដល់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីចូលរួមបុព្វហេតុយុវជន សម្រាប់អនាគតរបស់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា អង្គសន្និបាតបានដំណើរការស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ប្រកបដោយស្មារតីសាមគ្គីខ្ពស់ ព្រមទាំងបានវាយតម្លៃលើសមិទ្ធផលការងារកន្លងមក ពិភាក្សាលើបញ្ហាប្រឈម និងការដាក់ទិសដៅការងារសម្រាប់អាណត្តិថ្មី។
អង្គសន្និបាតបានយល់ច្បាស់ ពីសច្ចៈធម៌ ប្រវត្តិសាស្រ្ត នៃដំណើរវិវត្តន៍រយះពេល៤០ឆ្នាំ របស់សហភាពសហព័ន្ធយុវជនកម្ពុជា បូកផ្សំជាមួយបទពិសោធន៍បន្ថែម ក្នុងរយៈពេល០៦ឆ្នាំកន្លងមក ដើម្បីបន្តបេសកកម្ម ក្នុងបុព្វហេតុយុវជនសង្គម និងកម្ពុជា ជាពិសេសការជំរុញឱ្យយុវជន និងប្រជាពលរដ្ឋទូទៅចូលរួមចំណែកប្រកបដោយទំនួលខុសត្រូវ និងកាតព្វកិច្ចចំពោះអនាគតកម្ពុជា។
ជាមួយគ្នានេះដែរសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តពោធិ៍សាត់ បានប្ដេជ្ញាបន្តអនុវត្តន៍ ចលនាយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពជាផែនការយុទ្ធសាស្ត្រ ចលនាយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣៕