(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលចិន ដែលបានគាំទ្រថវិកាសម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រ ដែលមានទឹកប្រាក់រហូត ដល់ជិត៣០០លានដុល្លារអាមេរិក។ 

ការថ្លែងរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នៅថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងនូវអំណរគុណជូនចំពោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង, នាយករដ្ឋមន្ត្រី លី ឃឺជាំង ក៏ដូចជារដ្ឋាភិបាល និងប្រជាជនចិន ផ្តល់នូវការគាំទ្រហិរញ្ញប្បទានសម្រាប់ការកសាង ផ្លូវមួយខ្សែនេះ (ផ្លូវក្រវាត់ក្រុងទី៣) ដែលមានចំនួន២៧៣លានដុល្លារសហរដ្ឋអាមេរិកឯណោះ។...ខ្ញុំអរគុណជាមួយនឹងការផ្តល់នូវឥណទានសម្បទាន សម្រាប់ឲ្យកម្ពុជាមានលទ្ធភាព ដើម្បីសាងសង់ផ្លូវវាងក្រុងនេះ»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាមួយនឹងការទទួលបានហិរញ្ញប្បទានពីបរទេសហើយនោះ គឺតម្រូវឲ្យកម្ពុជាខ្លួនឯងមានថវិកាក្នុងដៃ ដែលជាថវិកាបដិភាគ ដើម្បីអនុវត្តន៍គម្រោងបាន។

សម្តេចតេជោបានបញ្ជាក់ថា ក្នុងពេលកម្ពុជាសងសង់ផ្លូវវាងក្រុងទី៣នេះ គឺបង្កើតបាននូវស្ពានអាកាសរហូតដល់៤ថែមទៀត ដែលឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងឆ្លងកាត់ផ្លូវជាតិលេខ២១។ សម្តេចបញ្ជាក់ទៀតថា នៅពេលខាងមុខ កម្ពុជានឹងសាងសង់ផ្លូវក្រោមទន្លេរថែមទៀត។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ សម្តេចនឹងធ្វើដំណើរទស្សកិច្ចនៅកាន់ប្រទេស ដែលក្នុងទស្សនកិច្ចនោះអាចនឹងមានគម្រោងថ្មីមួយចំនួនទៀត ត្រូវចុះហត្ថលេខាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ បានថ្លែងអំណរគុណប្រជាបលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រោះតែការគាំទ្ររបស់ប្រជាពលរដ្ឋនោះហើយ ទើបធ្វើឲ្យមានការបើកការដ្ឋានស្ថាបនាផ្លូវក្រវាត់ក្រុងទី៣នៅថ្ងៃនេះ។

សម្តេចតេជោ ចាត់ទុកថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយ សម្រាប់សម្រួលដល់ការធ្វើចរាចរណ៍ និងការធ្វើពាណិជ្ជកម្មដឹកជញ្ជូនទំនិញ ដែលផ្តល់នូវផលចំណេញដល់សេដ្ឋកិច្ចជាតិ។ សម្តេចក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋ ដែលរងការរំខានពីការសាងសង់ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា កម្ពុជាកំពុងសិក្សាក្នុងការសាងសង់ផ្លូវ និងស្ពាន សម្រាប់តភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ និងក៏កំពុងតែគិតក្នុងសាងសង់ផ្លូវតភ្ជាប់ពីកោះកុង ទៅថ្មដាព្រំដែន និងភ្ជាប់សំឡូត និងប៉ៃលិន៕