(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាសាធារណៈ ជាមួយក្រុមហ៊ុនវិនិយោគ សម្បទានដីសេដ្ឋកិច្ច ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ លោក-លោកស្រី ជានាយក និងតំណាងក្រុមហ៊ុនវិនិយោគ សម្បទានដីសេដ្ឋកិច្ចជាតិ និងអន្តរជាតិជាង៤០០នាក់ ដែលរៀបចំធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
វេទិកានេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីវឌ្ឍនភាពបញ្ហាប្រឈម ដែលក្រុមហ៊ុនជួបប្រទះ និងបន្តខិតខំប្រឹងប្រែងរួមគ្នា ដោះស្រាយបញ្ហាដោយឈរលើគោលការណ៍ច្បាប់ បច្ចេកទេស និងកិច្ចសហការគ្នាល្អ ក្នុងន័យស្ថាបនាតាមយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» ដោយតម្រង់ចក្ខុវិស័យគិតគូរ ក្នុងការពន្លឿនការ អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅ ឲ្យមានប្រសិទ្ធភាព ដើម្បីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម និងទំនើបកម្មកសិកម្ម ឲ្យទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍រួមសមតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍»។
បន្ទាប់ពីលោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានបច្ចេកទេស សម្រាប់សម្បទានដីសេដ្ឋកិច្ច បានរាយការណ៍ជូនអង្គវេទិកា ជ្រាបពីស្ថានភាពទូទៅ វឌ្ឍនភាព និងបញ្ហាប្រឈមទាក់ទង នឹងការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចរួចមក លោករដ្ឋមន្រ្តី បានបកស្រាយជូនអង្គវេទិកាជ្រាប ដោយសង្ខេមពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស និងការងាររដ្ឋបាល ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង ការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
សំខាន់ជាងនេះ ដើម្បីបន្តនិរន្តរភាពលើការគ្រប់គ្រង និងអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច ឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ លោករដ្ឋមន្រ្តី វេង សាខុន បានធ្វើការណែនាំ បូកសរុប និងផ្តល់នូវចំណុចគន្លឹះមួយចំនួន ដើម្បីឲ្យភាគីពាក់ព័ន្ធយកទៅអនុវត្ត ទទួលបានជោគជ័យ ដែលចំណុចទាំងនោះ មានដូចខាងក្រោម៖
ទី១៖ ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចទាំងអស់ ត្រូវបង្កើនល្បឿនដាំដុះដំណាំ ទៅតាមផែនការផលិតកម្ម ដោយត្រូវសហការជាមួយលេខាធិការដ្ឋាន និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ ត្រូវសហការដោះស្រាយ ជាមួយក្រសួង ពិសេសជាមួយគណៈកម្មការសម្របសម្រួល ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដោយត្រូវអនុវត្តតាមខ្លឹមសារលិខិត ជូនដំណឹងរបស់រាជរដ្ឋាភិបាល ដើម្បីត្រួតពិនិត្យវាស់វែង និងវាយតម្លៃសម្បទាន ដីសេដ្ឋកិច្ចប្រកបដោយសមធម៌ និងនីតិវិធីជាធរមាន។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនត្រូវមានភារកិច្ចពន្លឿនការចុះបញ្ជីដីរដ្ឋឲ្យបានទាន់ពេល ដោយត្រូវសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់។
ទី២៖ ដើម្បីអនុវត្ព និងពង្រឹងការគ្រប់គ្រង ឲ្យមានប្រសិទ្ធភាព លេខាធិការដ្ឋាន ត្រូវរៀបចំបញ្ជីក្រុមហ៊ុនជាបីប្រភេទ៖
* ក៖ ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ដែលបានអនុវត្តកាតព្វកិច្ច និងលក្ខខណ្ឌផ្សេងៗ បានល្អប្រសើរ។
* ខ៖ ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ដែលបាននិងកំពុងដំណើរការ អនុវត្តកាតព្វកិច្ច និងលក្ខខណ្ឌផ្សេងៗ ឲ្យបានពេញលេញ។
* គ៖ ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ដែលមិនបានអនុវត្តកាតព្វកិច្ច និងលក្ខខណ្ឌផ្សេងៗ ដើម្បីឲ្យបានពេញលេញល្អប្រសើរ។
ទី៣៖ លេខាធិការដ្ឋាន ក្រសួង ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ត្រូវសហការដោះស្រាយ និងត្រូវបញ្ចប់រាល់បញ្ហា ដែលនៅសេសសល់ លើការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ក្នុងស្មារតី ទទួលខុសត្រូវតាមវិធានការច្បាប់ បច្ចេកទេស និងរដ្ឋបាល ពិសេសគោលនយោបាយឈ្នះ ឈ្នះ។ ត្រូវជំរុញការអនុវត្តលិខិតបទដ្ឋាន ខ្លឹមសារនៃកិច្ចសន្យា និងត្រូវយកចិត្តទុកដាក់ ដល់ជីវភាព សុខភាព ប្រាក់បៀវត្ស ជម្រកស្នាក់នៅ។
ក្រៅពីនេះ ពង្រឹងការអនុវត្តច្បាប់ និងកិច្ចសន្យាពាក់ព័ន្ធដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍដី សម្បទានសេដ្ឋកិច្ចឲ្យមាននិរន្តរភាព និងមានប្រសិទ្ធភាពខ្ពស់។ ដោយឡែក លេខាធិការដ្ឋានបច្ចេកទេស ត្រូវបន្តតាមដានវាយតម្លៃ ការអនុវត្តរបស់ក្រុមហ៊ុន និងបន្តសហការជាមួយក្រសួង និងអង្គភាពពាក់ព័ន្ធ ធ្វើបច្ចុប្បន្នភាពរបាយការណ៍ពីវឌ្ឍនភាព។
ទី៤៖ ស្នើសុំគោលការណ៍ ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីឲ្យក្រុមការងារអន្តរក្រសួង ចុះធ្វើអធិការកិច្ចរួមគ្នា ក្នុងពេលតែមួយដើម្បីបញ្ជៀស បាននូវការលំបាករបស់ក្រុមហ៊ុន ចំណេញពេលវេលា កាត់បន្ថយបែបបទរដ្ឋបាល និងបង្កើនប្រសិទ្ធភាពការងារ។
ទី៥៖ អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំប្រកាសរួម ស្តីពីកម្រៃសេវាសាធារណៈ នៃការផ្តល់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ សម្រាប់នាំចេញផលិតផលកសិកម្ម។
ទី៦៖ អគ្គនាយកដ្ឋានកៅស៊ូ ត្រូវពិនិត្យឡើងវិញ នូវការព្យួរទុក សេចក្តីព្រាងច្បាប់ស្តីពីកៅស៊ូមួយអន្លើរសិន ប្រសិនបើមិនមានការចាំបាច់ នាពេលបច្ចុប្បន្ននោះទេ។
ទី៧៖ អគ្គនាយនាយកដ្ឋានកៅស៊ូ ត្រូវរៀបចំសេចក្តីព្រាងសំណើស្នើសុំ ទៅសម្តេចតេជោ ដើម្បីពិនិត្យ និងសម្រេចឡើងវិញ ទាក់ទងទៅនឹងការយកតម្លៃបង់ពន្ធកៅស៊ូនាំចេញ ដោយគួរមិនយកការបង់ពន្ធ ចំពោះតំលៃកៅស៊ូ ក្រោមពីពាន់ដុល្លារអាមេរិក ហើយក្នុងករណីតម្លៃកៅស៊ូថ្លៃជាងពីរពាន់ដុល្លារអាមេរិក ត្រូវបង់ពន្ធចំនួនមួយរយដុល្លារអាមេរិក។
ក្នុងនាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមំាថា លទ្ធផលដែលនឹងទទួលបាន ពីអង្គវេទិកានាពេលនេះ គឺជាយន្តការមួយ នៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាកសិករ និងធុរជនក្នុងវិស័យកសិកម្ម។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏សូមសម្តែងនូវការកោតសរសើរ និងមូលវិចារណ៍ដ៏ថ្លៃថ្លា ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ពិសេសធាតុចូលទាំងឡាយ ដែលទទួលបាន ពីលទ្ធផល នៃកិច្ចពិភាក្សាក្នុងវេទិកានាពេលនេះ និងយកទៅច្នៃប្រឌិតអនុវត្តរួមគ្នា ឲ្យទទួលបានជោគជ័យប្រកបដោយក្តីសង្ឃឹម និងផ្តល់ភាពកក់ក្តៅ ដល់ប្រជាកសិករយើងតាមការរំពឹងទុក។
លោកបន្ដថា «ជារួមយើងត្រូវចាត់ទុកបញ្ហា ដែលយើងត្រូវដោះស្រាយនេះ ជាបញ្ហាដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាជាអន្តវិស័យ ដែលត្រូវរួមគ្នាដោះស្រាយប្រកបដោយប្រសិទ្ធភាព រួមទាំងវិស័យឯកជន ដែលជាកម្លាំងចលករ នៃកំណើនសេដ្ឋកិច្ច»។
សូមបញ្ជាក់ថា បច្ចុប្បន្ន មានគម្រោងវិនិយោគសរុបចំនួន២២៩គម្រោង ដែលមានទំហំផ្ទៃដី តាមកិច្ចសន្យាសរុបចំនួន ១,១៦៨,៤៣០ហិកតា ក្នុងនោះ ផ្ទៃដីធ្វើអាជីវកម្ម-ផលិតកម្ម មានចំនួន ៩៣៨,៨៤៥ហិកតា ដែលផ្ទៃដីដែលបានដាំដុះដំណាំកសិ-ឧស្សាហកម្ម មានចំនួន ៤២១,៣១២ហិកតា ការសាងសង់ប្រព័ន្ធផ្លូវបានចំនួន ១៦,៤០៨គីឡូម៉ែត្រ និងបានស្រូបយកកម្លាំងពលកម្ម សរុបចំនួន ៤៤,០៨៧នាក់៕