(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានផ្ដាំផ្ញើទៅកាន់តំណាងរាស្ដ្រអឺរ៉ុបមួយចំនួន បញ្ឈប់ការយកកម្ពុជា ទៅធ្វើជាប្រធានបទសម្រាប់ការឃោសនា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងដើម្បីជាប់ឆ្នោតជាសមាជិកសភាអឺរ៉ុបឲ្យសោះ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ប្រសិនបើតំណាងរាស្ដ្រអឺរ៉ុប គិតតែផលប្រយោជន៍ខ្លួនឯងហើយយកកម្ពុជាធ្វើជាល្បែងក្មេងលេងនោះ ប្រយ័ត្នស្ដាយក្រោយនៅពេលដែលសម្ដេច កម្ចាត់បរិវារបស់ពួកគេ ដែលបម្រើឲ្យផលប្រយោជន៍ដ៏ងប់ងល់នៅកម្ពុជា។
ប្រសាសន៍ដ៏មុតមាំរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមករានេះ ក្នុងឱកាសអញ្ជើញជាអធិបតីជាមួយ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បើកការដ្ឋានផ្លូវក្រវាត់ក្រុងទី៣ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគ្រោងថវិកាសាងសង់ ប្រមាណ៣០០លានដុល្លារសហរដ្ឋអាមេរិក។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «សុំកុំយករឿងកម្ពុជាធ្វើជាប្រធានបទ សម្រាប់ការឃោសនាដើម្បីការជាប់ឆ្នោត ជាសមាជិកសភាអឺរ៉ុប ជាបន្ដទៅទៀត ធ្វើយ៉ាងដូច្នេះគ្រាន់តែចំណេញអ្នកឯង ក៏ប៉ុន្ដែបរិវារបស់អ្នកឯង នៅកម្ពុជានឹងទទួលភាពខ្ទេចខ្ទាំ បាក់ឆ្អឹងខ្នង រឿងអីដែលយើងត្រូវទុក ហើយអ្នកឯងក៏គ្មានសិទ្ធិមកនិយាយជាមួយខ្ញុំតទៅទៀតដែរ»។
បុរសខ្លាំងកម្ពុជារូបនេះ បានគូសបញ្ជាក់បន្ថែមថា ទំនាក់ទំនងនៅតែបន្ដធម្មតារវាងរដ្ឋ និងរដ្ឋ, ប្លុកអាស៊ាន និងប្លុកសហភាពអឺរ៉ុប ហើយការចរចារកិច្ចព្រមព្រាង តំបន់ពាណិជ្ជកម្មសេរីនៅតែបន្ដធ្វើ ប៉ុន្ដែពាក់ព័ន្ធជាមួយបញ្ហានយោបាយណាមួយ ដែលយកកម្ពុជាធ្វើជាចំណាត់ខ្មាំងនោះ មិនអាចទៅរួចនោះទេ សូមបញ្ឈប់ការយកកម្ពុជាធ្វើជាល្បែងក្មេងលេង។
បើតាមប្រសាសន៍ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ប្រសិនបើចង់ឲ្យបរិវារបស់ពួកគេនៅកម្ពុជា អាចបន្ដរស់បានទៀតនោះ ត្រូវមកជជែកពិភាក្សាគ្នា កែលម្អពិភាក្សាជាមួយគ្នា ហើយបន្ដទៅមុខជាមួយគ្នា ក្នុងភាពជាដៃគូស្មើភាពលើការគោរពឯករាជ្យ និងអធិបតេយ្យរវាងគ្នា និងគ្នា ប៉ុន្ដែបើមានការដាក់ទណ្ឌកម្ម មកលើកម្ពុជា កម្ពុជានឹងអនុវត្តន៍ច្បាប់តឹងរឹងជាមួយក្រុមប្រឆាំង ហើយប្រទេសដែលដាក់ទណ្ឌកម្ម គ្មានសិទ្ធិអ្វីមកនិយាយលើការអនុវត្តន៍ច្បាប់កម្ពុជាទៀតដែរ។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវតែរួមគ្នាពង្រឹងឯករាជ្យរបស់កម្ពុជាទ្វេដងបន្ថែមទៀត មិនត្រូវចុះញមចំពោះការគំរាមរបស់ប្រទេសណាមួយនោះទេ៕