(ស្វាយរៀង)៖ សត្វជ្រូកជាច្រើនក្បាល ត្រូវបាន​សមត្ថកិច្ចជំនាញចុះប្រតិបត្តិការ​ទប់ស្កាត់ការនាំចូលខុសច្បាប់ ពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រករបៀងធ្លក ក្រុងបាវិត ខេត្តស្វាយរៀង ហើយត្រូវ​កម្លាំងជំនាញនាំយកសត្វជ្រូកមករក្សាទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។

លោក ឈិន សៅ មន្ត្រីពេទ្យសត្វខេត្ត ​បានឲ្យដឹង​នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះថា សត្វជ្រូកដែលក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ ឥឡូវនាំមករក្សាទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀងហើយ ដើម្បីយកឈាមជ្រូកទៅពិនិត្យនៅភ្នំពេញថា តើមានមេរោគដែរឬទេ?។

លោក ឈិន សៅ បានបញ្ជាក់ថា សត្វជ្រូកជាក់ស្តែងមានចំនួនតែ១៩ក្បាល មិនមែន១០០ក្បាលនោះទេ ហើយពេលនេះ រង់ចាំលទ្ធផលការពិនិត្យឈាមទើប សម្រេចត្រូវធ្វើយ៉ាងណា។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១២ ខែមរា ឆ្នាំ២០១៩កន្លងទៅនេះ ក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តស្វាយរៀង បានឃាត់រថយន្ត​១គ្រឿង ដឹកសត្វជ្រូករស់ជាច្រើនក្បាល ចេញមកពីប្រទេសវៀតណាម បំណងដឹកទៅកាន់រាជធានីភ្នំពេញ ដោយចូលមកតាមច្រករបៀងធ្លក ឬហៅថាច្រកម្ទេស ភូមិម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយគ្មានលិខិតអនុញ្ញាត ឬឯកសារអ្វីទាំងអស់។​

មន្ត្រីជំនាញបន្តថា ក្រោយពីក្រុមការងារបានឃាត់រថយន្តនោះមក ក្រុមការងារ​បានប្រគល់វត្ថុតាងបទល្មើស ជូនទៅការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តស្វាយរៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕