(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បាននែណាំឱ្យមន្ត្រីគណបក្សប្រជាជនទាំងអស់ និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តសាងនូវអំពើល្អជាប្រចាំ ត្រូវចុះមូលដ្ឋានជួបប្រជាពលរដ្ឋឱ្យបានញឹកញាប់ ដើម្បីស្វែងយល់ពីសុខទុក្ខ និងបញ្ហារបស់ប្រជាពលរដ្ឋ ហើយត្រូវដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគាត់។
លោក អ៊ុន ចាន់ដា បានថ្លែងយ៉ាងដូវនេះ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក បានដឹកនាំក្រុមការងារគណបក្សចុះជួយស្រុកជ័យសែន រួមមានប្រធានក្រុមការងារ អនុប្រធានក្រុមការងារ និងសមាជិកជាច្រើនរូបទៀត ចុះជួបសំណេះសំណាល និងហូបបាយសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋជាង១,០០០នាក់ ប្រកបដោយភាពស្និតស្នាល និងសប្បាយរីករាយ។
លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ថ្ងៃនេះយើងបានជួបជុំគ្នា ក្នុងបរិយាកាសរីករាយស្និតស្នាល ក្នុងន័យអបអរសារទរ ចំពោះលទ្ធផលបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៦កន្លងទៅនេះ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រច្រើនលើសលប់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ពិសេសប្រជាពលរដ្ឋស្រុកជ័យសែនតែម្តង។ ការជួបជុំគ្នាថ្ងៃនេះ គឺជាការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា គឺបានបង្ហាញឱ្យឃើញពីការគាំទ្រ និងការស្រលាញ់របស់បងប្អូនប្រជាពលរដ្ឋ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោក អ៊ុន ចាន់ដា ក៏បានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារខេត្តចុះជួយស្រុកជ័យសែនទាំងអស់ ពិសេសលោក កង សៅគុណ ដែលជាប្រធានក្រុមកាងារ ដែលបានខិតខំអស់កំលាំងកាយចិត្ត និងធនធានបំរើប្រជាពលរដ្ឋគ្រប់បែបយ៉ាង រហូតឆក់យកបេះដូងប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋ មានការជឿជាក់ និងការស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា។
លោក អ៊ុន ចាន់ដា ក៏បានធ្វើការណែនាំឱ្យមន្ត្រីគណបក្ស ក៏ដូចជាក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តសាងនូវអំពើល្អជាប្រចាំ ត្រូវចុះមូលដ្ឋានជួបប្រជាពលរដ្ឋឱ្យបានញឹកញាប់ ដើម្បីស្វែងយល់ពីសុខទុក្ខ និងបញ្ហារបស់ប្រជាពលរដ្ឋ ហើយត្រូវដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគាត់ និងជាពិសេសត្រូវបន្តការសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នា ធ្វើការដើម្បីជ័យជំនះរបស់គណបក្ស នៅឱកាសក្រោយៗទៀត៕