(វៀតណាម)៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរនិមន្តបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល៤ថ្ងៃ បាននិមន្តបំបួសកុលបុត្រចំនួន១២រូប និងនិមន្តធ្វើជាវាគ្មិន ក្នុងកម្មវិធីសំណួរចម្លើយ ពីសកម្មភាពព្រះពុទ្ធសាសនា និងការដឹកនាំព្រះពុទ្ធសាសនានៅកម្ពុជា ដល់ពុទ្ធសាសនិក នៅវៀតណាម។
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នាព្រលប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ម្សិលមិញ បាននិមន្តនិវត្តន៍ ពីបំពេញព្រះរាជកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ ក្រោយបំពេញរាជទស្សនកិច្ចអស់រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មួយអន្លើដោយព្រះមន្ត្រីសង្ឃ និងលោក ចាន់ជាអនុប្រធានសមាគមកម្ពុជា-វៀតណាម។
នៅក្នុងឱកាសបំពេញទស្សនកិច្ចនោះផងដែរ សម្ដេចព្រះមហាសង្ឃរាជ បាននិម្តចូលរួមកម្មវិធីជាច្រើននៅ វត្តPhatQuang (ហ្វាតគ័ង) ខេត្តបារៀ មានដូចជាទី១៖ កម្មវិធីបូកសរុបសកម្មភាពការងារឆ្នាំ២០១៨, ទី២៖ និមន្តជាអធិបតីក្នុងពិធីបំបួស កុលបុត្រចំនួន១២រូប, ទី៣៖ និមន្តជាវាគ្មិន ក្នុងកម្មវិធីសំណួរចម្លើយ ពីសកម្មភាពព្រះពុទ្ធសាសនា និងការដឹកនាំព្រះពុទ្ធសាសនានៅកម្ពុជា និងទី៤៖ យាងចូលរួមកម្មវិធីសូត្រធម៌សន្តិភាព និងមនិមន្តទតសកម្មភាពបូជាផ្កាភ្ញីចំពោះព្រះពុទ្ធរូប ពីសំណាក់ពុទ្ធបរិស័ទវត្ត PhatQuang ចំនួនប្រមាណជាងបួនម៉ឺននាក់ ដែលមានរបៀបរៀបរយល្អគួរជាទីជ្រះថ្លា។
សូមបញ្ជាក់ថា ព្រះរាជទស្សនកិច្ចនេះដោយមានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ព្រះចៅអធិការវត្ត PhatQuang ក៏ដូចពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទើបធ្វើឱ្យទស្សនកិច្ចនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕