(ព្រះវិហារ)៖ អភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានប្រកាសឲ្យចូលកាន់តំណែងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ដោយលោក ជុំ ពុយ ជំនួសលោក រស់ ហេង ដែលត្រូវបានទៅកាន់តំណែងជាអភិបាលស្រុកជ័យសែន។ ពិធីប្រកាសនេះ ស្ថិតក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការជាច្រើនរូបទៀត។
លោក អ៊ុន ចាន់ដា បានថ្លែងថា ការផ្លាស់ប្តូរតំណែងអភិបាលស្រុកសង្គមថ្មី នៅពេលនេះ មិនមានរឿងអ្វីចម្លែកនោះទេ ដោយសារលោក រស់ ហេង អភិបាលស្រុកសង្គមថ្មីចាស់ គឺដល់អាណត្តិ របស់គាត់៨ឆ្នាំហើយ ដូច្នេះត្រូវផ្លាស់ប្តូរចេញ ហើយការប្តូរនេះក៏មិនមែនដោយសារគាត់មានកំហុសឆ្គងអីដែរ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានណែនាំឲ្យអភិបាលស្រុកដែលត្រូវតែងតាំងថ្មីនេះ ត្រូវខិតខំធ្វើការងារបំរើប្រជាពលរដ្ឋឲ្យបានល្អ ពិសេសត្រូវបង្កើតនូវស្នាដៃថ្មីៗបន្ថែមទៀត ហើយត្រូវរក្សាស្នាដៃចាស់របស់គេ ដោយមិនត្រូវបំផ្លាញស្នាដៃចាស់របស់គេនោះទេ ហើយផ្ទុយទៅវិញត្រូវកសាងស្នាដៃខ្លួនឯងថ្មីៗបន្ថែមទៀត សម្រាប់អាណត្តិដែលខ្លួនកាន់កាន់ ហើយត្រូវដឹកនាំការងារដោយមានការសហការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ។
សូមបញ្ជាក់ថា អភិបាលស្រុកសង្គមថ្មី ដែលត្រូវប្រកាសចូលកាន់តំណែងនៅពេលនេះ គឺលោក ជុំ ពុយ អតីតអភិបាលស្រុកជ័យសែន ដោយឡែកអភិបាលស្រុកសង្គមថ្មីលោក រស់ ហេង ត្រូវប្តូរទៅកាន់អភិបាលស្រុកជ័យសែនវិញ៕