(ភ្នំពេញ)៖ គិតដល់ត្រឹមថ្ងៃច័ន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ គឺជារយៈពេល៣៤ឆ្នាំហើយ (១៤ មករា ១៩៨៥-១៤ មករា ២០១៩) ដែលបុរសខ្លាំងតេជោ សែន បានដឹកនាំប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ការទទួលបានតំណែងជានាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីសម្តេចបានបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយៈពេល៦ឆ្នាំ ហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទីជាង៣ខែ ពេលដែលលោក ចាន់ ស៊ី ចេញទៅព្យាបាលជំងឺ និងទទួលមរណភាពនៅទីក្រុងមូស្គូ សហភាពសូវៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានក្លាយជានាយករដ្ឋមន្ត្រីតាំងពីមានវ័យក្មេងជាងគេ ហើយបន្តកាន់តំណែងរហូតក្លាយជានាយករដ្ឋមន្ត្រីមានអាយុច្រើនជាងគេ ក្រោមការគាំទ្ររបស់ប្រជាពលរដ្ឋរូបនេះ ក៏បានឲ្យដឹងផងដែរ តំណែងជានាយករដ្ឋមន្ត្រីលើកដំបូងនេះទទួលបានការគាំទ្ររបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ពិសេសគឺសម្តេច ហេង សំរិន, សម្តេច ជា ស៊ីម, លោក សាយ ភូថង និងលោក ជា សុទ្ធ។ល។ ទើបមានការរៀបចំបែបនេះ។
បុរសដែលបានកាន់តំណែងយូរជាងគេនៅតំបន់អាស៊ី បានបញ្ជាក់ថា «អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុត គឺការបោះឆ្នោតជាសម្ងាត់នៅក្នុងរដ្ឋសភា គឺខ្ញុំទទួលបានសំឡេងឆ្នោតគាំទ្រ១០០%។ គ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោតអនុប្បវាទ គ្មានសន្លឹកឆ្នោតមោឃៈ។ នាយករដ្ឋមន្ត្រី២រូបមុនខ្ញុំ តែងមានសន្លឹកឆ្នោតប្រឆាំងមិនតិចជាង៥សំឡេង។ កម្លាំងគាំទ្រដ៏ខ្លាំងបែបនេះហើយទើបធ្វើឲ្យខ្ញុំសម្រេចបាននូវរបៀបវារៈនយោបាយដែលប្រជាជនកម្ពុជា បាន និងកំពុងទទួលផលរហូតសព្វថ្ងៃនេះ»។
នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្លាប់តែឆ្លងកាត់សមរភូមិប្រយុទ្ធកាន់កាំភ្លើងច្រើនជាងការកាន់ប៊ិចរូបនេះ បានរំលឹកថា ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅចំពោះពេលប្រទេសជាតិ ខ្វះស្បៀងអាហារយ៉ាងខ្លាំង ព្រោះតែការរងនូវទឹកជំនន់ និង គ្រោះរាំងស្ងួតក្នុងឆ្នាំ១៩៨៤។ បើទោះបីជាការឡើងដឹកនាំប្រទេសក្នុងស្ថានភាពខ្វះស្បៀងអាហារបែបនេះក្តី នាយករដ្ឋមន្ត្រីដ៏វ័យក្មេងរូបនេះបានថ្លែងទៅកាន់រដ្ឋសភាថា មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ហើយទ្រឹស្តីនេះបានបន្សល់ទុករហូតបច្ចុប្បន្នមិនគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះទេ តែជាសកម្មភាពជាក់ស្ដែងរបស់គណបក្សប្រជាជនកម្ពុជាទាំងមូល។
«ខ្ញុំក្លាយខ្លួនជានាយករដ្ឋមន្ត្រីក្នុងវ័យ ៣២ឆ្នាំ និងស្ថិតក្នុងស្ថានភាពប្រទេសជាតិមានសន្តិភាពផង និងមានសង្គ្រាមផង»។ នេះជាការរំលឹកនូវគ្រាដ៏កម្សត់នៃការដឹកនាំរបស់បុរសខ្លាំងកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ការផ្តើមជីវិតជានាយករដ្ឋមន្ត្រីក្នុងប្រទេសទើបរំដោះចេញពីភ្នក់ភ្លើងសង្គ្រាម និងរំខានដោយភ្លើងសង្គ្រាមតាមជាយដែន ព្រមទាំងមានការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីប្រទេសជិតខាងផងនោះ គឺមិនមានភាពស៊ីវិល័យឡើយ ហើយមានការខ្វះមុខខ្វះក្រោយយ៉ាងខ្លាំង។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកជីវិតជានាយករដ្ឋមន្ត្រីក្នុងប្រទេសដ៏ក្រីក្រនាពេលនោះយ៉ាងដូច្នេះ «កូនៗរបស់ខ្ញុំនៅតូចៗណាស់ ហើយអាយុខុសគ្នាតែ ១ឆ្នាំៗ ព្រោះភរិយាខ្ញុំកូនញឹកមួយឆ្នាំកូន១។ មានតែ ម៉ាណែត មួយទេ ដែលអាយុច្រើនជាងប្អូនបន្ទាប់ ៤ឆ្នាំ តែក៏មិនទាន់ចេះមើលប្អូនដែរ»។ «គ្រួសារខ្ញុំមិនមានអ្នកបម្រើ ឬមេដោះទេ។ ប្តី-ប្រពន្ធរបស់យើងបានថែទាំកូនៗដោយខ្លួនឯង។ យប់ខ្លះកូននោមដាក់ និងរាល់ពេលព្រឹកតែងតែសំអាតគ្រែ កន្ទេល បោកភួយ ហាលខ្នើយ។ល។ ព្រោះកូនខ្ញុំ ២នាក់តែងតែនោមយប់ មួយបន្ទប់សម្រាក ៧នាក់ឪពុក ម្តាយ ២នាក់ កូន ៥នាក់ បើកូនមិននោមដាក់ទេ ក៏ធំខ្លិនទឹកនោមដែរ ហើយពិបាកជាងគេ គឺនៅពេលភរិយាខ្ញុំមិននៅផ្ទះខ្ញុំត្រូវឆុងទឹកដោះគោបំបៅកូន។ ពេលមួយខ្ញុំឆុងទឹកដោះគោឲ្យស្រីពៅរវល់ដាំទឹក ម៉ានិត មកស៊ីអស់ម៉្សៅទឹកដោះគោ ខំឲ្យអ្នកបើកបរទៅទិញម៉្សៅទឹកដោះគោពីផ្សារទំរាំមកមកដល់ស្រីពៅយំរហូតគេងលក់។ ពេលភ្លៀងម្តងៗដំបូលផ្ទះវាលិចខំយកក្រណាត់កៅស៊ូគ្របលើកូន។ រហូតដល់ឆ្នាំ១៩៩៤ ទើបដំបូលផ្ទះខ្ញុំឈប់លិច»។
* ការវិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាក្រោមការដឹកនាំរបស់បុរសខ្លាំតេជោ សែន
ការផ្តើមជីវិតជានាយករដ្ឋមន្ត្រីរបស់អតីតយុទ្ធជនឆ្លងកាត់ និងពុះពារសមរភូមិរាប់មិនអស់រូបនេះ ត្រូវប្រឈមការលំបាកជាច្រើនគ្រាដែលប្រទេសត្រូវបានហ៊ុំព័ទ្ធសេដ្ឋកិច្ច ដោយបណ្តាប្រទេសលោកសេរី និងមានការយាយីរំខានពីចលនាប្រយុទ្ធប៉ុនប៉ងកាន់កាប់ប្រទេសជាថ្មីរបស់កងទ័ពសេសសល់របស់ខ្មែរក្រហមនៅតាមជាយដែនខ្មែរ-ថៃនោះ។
ទសវត្សរ៍ឆ្នាំ៨០ ជាពេលដែលប្រទេសកម្ពុជា ត្រូវប្រឹងរើបម្រះជម្នះឧបសគ្គសព្វបែបយ៉ាង។ ប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសក្រីក្របំផុតនៅអាស៊ីអាគ្នេយ៍ ហើយប្រជាពលរដ្ឋរឹតតែក្រីក្រថែមទៀត ពឹងតែលើការធ្វើស្រែចម្ការយកអង្កហូប និង ការជួញដូរបន្តិចបន្តួចតែប៉ុណ្ណោះ មិនមានការធ្វើជំនួញជួញដូរអ្វីជាដុំកំភួននោះឡើយ។
ក្រៅពីបញ្ហាសេដ្ឋកិច្ចនៅមានបញ្ហាជាច្រើនទៀត ដូចការការអប់រំបណ្តុះបណ្តាលធនធានមនុស្ស និងការផ្ទុះអាវុធនៅតាមទល់ដែនសុទ្ធតែ ជារឿង ដែលនាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះត្រូវពុះពារក្នុងការដោះស្រាយ។
ទោះបីជាបញ្ហារាប់ម៉ឺនជំពូកយ៉ាងណាក្តី តែនាយករដ្ឋមន្ត្រីមានវ័យក្មេងរូបនេះ បានប្រឹងប្រែងជម្នះឧបសគ្គ និង ដោះស្រាយបញ្ហាជាបន្តបន្ទាប់ឈានទៅរកការចរចាស្វែងសន្តិភាពជាមួយខ្មែរតាមជាយដែន ជាពិសេសជាមួយសម្តេចព្រះបរម រតនកោដ្ឋ នរោត្តម សីហនុ រហូតមានកិច្ចព្រមព្រៀទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងនាំឲ្យមានការបោះឆ្នោត និងបង្កើតបានព្រះរាជាណាចក្រកម្ពុជាជាថ្មី។
ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ និងដោយមានការជួយជ្រោមជ្រែងពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងនៅតំបន់អឺរ៉ុបផងនោះ បានធ្វើឲ្យសន្ទុះនៃការអភិវដ្ឍរបស់កម្ពុជា បានបោះពួយជាបន្តបន្ទាប់ ក្រោមការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
គេក៏មិនអាចភ្លេចបានដែរ បើទោះបីជាមានការជួយជ្រោមជ្រែងពីបរទេស និងមានការដាក់ចេញគោលនយោបាយច្បាស់លាស់បែបណាក៏ដោយ ក៏ប្រទេសកម្ពុជា មិនអាចបោះពួយការអភិវឌ្ឍរបស់ខ្លួនឲ្យបានខ្លាំងក្លាឡើយ ប្រសិនបើចលនារបស់ខ្មែរក្រហមនៅតាមជាយដែនខ្មែរ-ថៃ មិនត្រូវបានបិទបញ្ចប់ទេនោះ។
ក្រោមក្រសែចក្ខុដែលមើលឃើញយ៉ាងច្បាស់ថា ការបិទបញ្ចប់សង្គ្រាមតាមទល់ដែនជារឿងសំខាន់សម្រាប់នាំមកនូវការអភិវឌ្ឍជាតិនោះ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញផែនការ និងអនុវត្តន៍គោលនយោបាយឈ្នះ-ឈ្នះ ដោយបើកការចរចា ជាមួយខ្មែរក្រហម រហូតយកកម្លាំងតស៊ូរបស់ខ្មែរក្រហមមកជ្រកក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ នាំឲ្យកម្ពុជាបិទបញ្ចប់កម្លាំងប្រដាប់អាវុធក្នុងប្រទេសទាំងស្រុងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨។
ផ្តើមចេញពីការបិទបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ បានធ្វើឲ្យកម្ពុជាទទួលបានឱកាសពេញបរិបូរណ៍ក្នុងអភិវឌ្ឍន៍ប្រទេសជាតិ។ រយៈពេល ៣៣ឆ្នាំក្រោមការដឹកនាំនាវាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជា ដែលជាប្រទេសក្រីក្របំផុតក្នុងឆ្នាំ១៩៨៥ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទៀបនាពេលបច្ចុប្បន្ន។ ប្រជាពលរដ្ឋកម្ពុជា ដែលជាប្រជាពលរដ្ឋមិនមានចំណូលសោះក្នុងឆ្នាំ១៩៨៥ មកជាប្រជាពលរដ្ឋមានចំណូលជាមធ្យមប្រមាណ ១,៤៣៥ដុល្លារអាមេរិកនាពេលបច្ចុប្បន្ន។
ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៨៥ ដែលមានប្រជាពលរដ្ឋត្រឹមតែជាង ៥លាននាក់ កំពុងក្លាយជាប្រទេសមានប្រជាពលរដ្ឋរហូតដល់ជិត ១៦លាននាក់នាពេលបច្ចុប្បន្ន។
កម្ពុជាដែលមានចំនួនយានយន្តតិចតួចបំផុតនៅក្នុងឆ្នាំ១៩៨៥ កំពុងក្លាយជាប្រទេសមានយានយន្តសរុបរហូតដល់ជាង ៤លានគ្រឿង ក្នុងនោះរថយន្តធុនស្រាលមានចំនួន ៣៧៧,៣៩៦គ្រឿង, រថយន្តធុនធ្ងន់មានចំនួន ២១៧,៧៦៥គ្រឿង និង ទោចក្រយានយន្តមានចំនួន ៣,៤៤២,៩២៦គ្រឿង។
កម្ពុជាក្នុងឆ្នាំ១៩៨៥ ដែលខ្វះប្រព័ន្ធគមនាគមន៍ ផ្លូវ ស្ពាន ថ្នល់ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងបម្រើដល់ការដឹកជញ្ជូននោះ កំពុងក្លាយជាប្រទេសមានប្រព័ន្ធផ្លូវថ្នល់ ស្ពានយ៉ាងប្រទាក់ក្រឡាពីខេត្តមួយទៅខេត្តមួយ ក្នុងនោះមានស្ពានធំៗឆ្លងកាត់ទន្លេជាច្រើនដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ស្ពានឆ្លងកាត់ទន្លេកើតក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានដូចជា៖ ស្ពានអ្នកលឿង ស្ពានព្រះមុនីវង្សទី២ ស្ពានស្ពានកោះធំ ស្ពានជ្រោយចង្វា២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែតាម៉ាក់ ស្ពានមេគង្គស្ទឹងត្រែង និងស្ពានតាខ្មៅ ស្ពានព្រែកព្នៅ...។ល។
រាជធានីភ្នំពេញ ដែលជាបេះដូងសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍របស់កម្ពុជា ដែលមានផ្ទៃដីត្រឹមតែជាង ៣០០គីឡួម៉ែត្រក្រឡា ក្នុងឆ្នាំ១៩៨៥ បានក្លាយទៅជារាជធានី ដែលមានផ្ទៃដីរហូតជាង ៧៦០គីឡូម៉ែត្រក្រឡានាពេលបច្ចុប្បន្ន។ រាជធានីភ្នំពេញ ដែលមានប្រជាពល រដ្ឋតិចតួចបំផុតក្នុងឆ្នាំ១៩៨៥ កំពុងក្លាយជារាជធានី ដែលប្រមូលផ្តុំទៅដោយប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះកររហូតជិត ៣លាននាក់ និងមានអ្នកមកស្នាក់អាស្រ័យ ដើម្បីប្រកបរបរចិញ្ចឹមជីវិត បម្រើការងារ និងសិក្សារៀនសូត្រ ក៏ដូចជាទេសចរណ៍ជាដើមនោះរហូត ដល់ជាង ១លាននាក់ថែមទៀតនាពេលបច្ចុប្បន្ន។
រាជធានីភ្នំពេញ ដែលមានអគារលំនៅឋានតិចតួចសេសសល់ពីភ្លើងសង្គ្រាមនាឆ្នាំ១៩៨៥នោះ កំពុងក្លាយជារាជធានី ដែលមានអគារលំនៅឋាន អគារពាណិជ្ជកម្មខ្ពស់ទាបយ៉ាងច្រើនស្អេកស្កះ។ របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅនៅរាជធានីភ្នំពេញមានរហូតដល់ ៩៧៩គម្រោង។
ក្រៅពីវិស័យដែលបានរៀបរាប់ខាងលើ គេក៏បានឃើញថា វិស័យសំខាន់ៗជាច្រើនរបស់កម្ពុជា កំពុងបោះពួយរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរបើធៀបនៅឆ្នាំ១៩៨៥ និងពេលបច្ចុប្បន្ន។ ក្រឡេកទៅសេដ្ឋកិច្ចរបស់កម្ពុជាវិញ កំពុងមានសន្ទុះទៅមុខគួរឲ្យកត់សម្គាល់ផងដែរ ដោយរក្សាបានអត្រាកំណើនក្នុងរង្វង់ប្រមាណ ៧ភាគរយរយៈពេលប្រមាណ ១ទសវត្សរ៍ចុងក្រោយនេះ។
* ក្នុងសមរភូមិប្រជាធិបតេយ្យ ៥អាណត្តិ បុរសខ្លាំងតេជោ សែន បានផ្តួលគូប្រកួត ៤អាណត្តិជាប់ៗគ្នា
មិនរាប់បញ្ចូលព្រឹត្តិការណ៍នៃការបោះឆ្នោតឆ្នាំ១៩៩៣ ដែលជាការបោះឆ្នោតលើកដំបូង ហើយការចូលរួមរបស់ប្រជាពលរដ្ឋមិនបានពេញលេញនោះ ៤អាណត្តិចុងក្រោយចាប់តាំងពីឆ្នាំ១៩៩៨ សម្តេចតេជោ ហ៊ុន សែន បេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា តែងទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឆ្ពោះទៅការដឹកនាំរាជរដ្ឋាភិបាល។
សរុបរួមមកវិញរយៈពេល ៣៤ឆ្នាំក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានកាន់ចង្កូតនាវាកម្ពុជាយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្តារ និងនាំប្រទេសដ៏កម្សត់មួយនេះឆ្ពោះមកកាន់សករាជថ្មី ដែលមានការអភិវឌ្ឍលើគ្រប់វិស័យគួរឲ្យកត់សម្គាល់ និងបានជួយឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរផងដែរ។
តាមរយៈសារនយោបាយនានា នាយករដ្ឋមន្ត្រីរបស់កម្ពុជា ដែលមានវ័យប្រមាណ៦៦ឆ្នាំរូបនេះ បានកំពុងកំណត់គោលដៅរបស់ខ្លួនរុញ នាវាកម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈ ដែលគម្រោងវិនិយោគធំៗជាមួយទុនរាប់ពាន់លានដុល្លារជាច្រើនកំពុងលេចចេញជារូបរាងនាពេលបច្ចុប្បន្ន៕