(កណ្តាល)៖ ដូចអ្វីដែលរដ្ឋបាលជលផលបានជូនដំណឹងនោះ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ត្រីបានចាប់ផ្តើមសម្រុកចេញពីបឹងទន្លេសាប ធ្វើឲ្យការចាប់ត្រីនៅតាមដងទន្លេសាបដោយប្រើឧបករណ៍ដាយ រាយមួង និងឧបករណ៍ផ្សេងៗទៀត បានច្រើនផងដែរ។ តាមដាយដែលដាក់នៅតាមដងទន្លេសាបត្រូវបានអះអាងថា ចាប់បានត្រីរាប់តោននៅពេលលើកម្តងៗ។
លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល ដែលបានចុះទៅមើលពីការចាប់ត្រីនៅតាមដាយនានានៅដងទន្លេសាប ក្នុងស្រុកពញាឭ ខេត្តកណ្តាល បានឲ្យដឹងថា ត្រីចាប់ផ្តើមសម្រុកចុះពីបឹងទន្លេសាបនៅចន្លោះពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា។ ដូច្នេះការចាប់ត្រីអាចបានផលច្រើននៅក្នុងកំលុងប៉ុន្មានថ្ងៃនេះ។
លោក អេង ជាសាន បានឲ្យដឹងទៀតថា ការប្រមូលផលត្រីនៅឆ្នាំមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ដោយសារតែឆ្នាំ២០១៨កន្លងទៅ មានទឹកធំតាំងពីដើមរដូវវស្សា ដែលជារដូវហាមឃាត់នេសាទ ហើយត្រីមានលំហរទឹកច្រើនអាចបំលាស់ទីក្នុងការកកើតកូន។
ទន្ទឹមនឹងការប្រមូលផលត្រីកំពុងទទួលបានផលច្រើននេះ គេបានសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនចាប់ផ្តើមទៅទិញត្រីធ្វើប្រហុក ផ្អកទុកសម្រាប់បរិភោគផងដែរ។ ប្រជាពលរដ្ឋដែលមកធ្វើត្រីប្រហុក ផ្អក បានសរសើរថា ត្រីនៅឆ្នាំនេះធំៗល្អ តែពួកគាត់ក៏បានរអ៊ូរទាំពីបញ្ហាត្រីនៅឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំទៅផងដែរ៕