(ភ្នំពេញ)៖ ដើម្បីភាពសុខដុមរមនា និងសេចក្តីថ្លៃថ្នូរក្នុងសង្គមកម្ពុជា នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន ប្រមាណ៥ពាន់នាក់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅដល់អ្នកលេង Facebook ទាំងអស់បញ្ឈប់នូវការជេរប្រមាថគ្នា ដែលកន្លងមក ទង្វើបែបនេះបានធ្វើឱ្យបាត់បង់សីលធម៌ខ្មែរមានការអាប់ឱនជាបន្តបន្ទាប់។
ការអំពាវនាវនេះបានទទួលការសាទរយ៉ាងខ្លាំងពីបណ្តាអ្នកប្រើប្រាស់ Facebook ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមអ្នកនយោបាយខ្លះដែលមិនសូវឱ្យតម្លៃលើសីលធម៌ នៅតែបន្តសកម្មភាពរបស់ខ្លួន ដោយមិនខ្វាយខ្វល់អំពីរឿងសីលធម៌នេះឡើយ។
មួយថ្ងៃបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ស្នើសុំអ្នកលេង Facebook កុំជេរប្រមាថគ្នា, ថ្នាក់ដឹកនាំគណបក្សខ្មែរក្រោក បានប្រើប្រាស់ Facebook មួយឈ្មោះថា «គណបក្សខ្មែរក្រោក ភូមិភាគពិសស» មានរូបលោក ព្រំ ពិសិដ្ឋ ប្រធានកិត្តិយសបក្សខ្មែរក្រោកភ្ជាប់នៅលើ Profile នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ បានវាយប្រហារវិញថា «សម្ដេច ខឹងពួកអ្ននកាសែតជាង៥,០០០នាក់ គ្មានចេះវាយប្រហារអាមេរិក? បើសមត្ថភាពមិនដល់ផង ឱ្យវ៉ៃបកយ៉ាងម៉េច? កាសែតខ្ចប់ចេកចៀននឹង! Funny»។
អ្នកព័ត៌មាននៅកម្ពុជាបានខឹងសម្បាយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំគណបក្សខ្មែរក្រោក ដែលបានប្រើសម្តីប្រមាថមើលងាយអ្នកព័ត៌មាននៅកម្ពុជា រហូតហៅកាសែតនៅស្រុកខ្មែរថាជាកាសែត «ខ្ចប់ចេកចៀន»។ ជាមួយការខឹងសម្បាក្រុមអ្នកព័ត៌មានគ្រោងធ្វើសកម្មភាពផ្សេងៗឲ្យថ្នាក់ដឹកនាំបក្សនេះចេញមកកែតម្រូវពាក្យសម្តី និងសុំទោសជាសាធារណៈជាដើមចំពោះការប្រមាថមួយនេះ។
អតីតអ្នកសារព័ត៌មានល្បីឈ្មោះមួយរូបលោក នេត្រ ភក្ត្រា បានសម្តែងការសោកស្តាយចំពោះសម្តីប្រមាថមើលងាយរបស់គណបក្សខ្មែរក្រោក មកលើអ្នកព័ត៌មាន និងកាសែតរបស់កម្ពុជា។ លោក នេត្រ ភក្ត្រា ចាត់ទុកការប្រមាថនេះជាជាការជាន់ឈ្លីសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ។
តាមរយៈអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ អតីតអ្នកព័ត៌មានល្បីឈ្មោះបោះសំឡេងនៅកម្ពុជារូបនេះ បានសម្តែងប្រតិកម្មទៅនឹង សម្តីរបស់លោក ព្រំ ពិសិដ្ឋ យ៉ាងដូច្នេះ «ពិតជាគួរឱ្យសោកស្តាយដែលប្រធានកិត្តិយស នៃគណបក្សនយោបាយមួយដែលអះអាងថា ខ្លួនមានសមត្ថភាពដឹកនាំប្រទេស ប៉ុន្តែបែរជាប្រមាថអ្នកសារព័ត៌មាន និងមើលងាយ មើលថោកសមត្ថភាពអ្នកសារព័ត៌មានកម្ពុជា ខណៈអ្នកសារព័ត៌មានបានជួយផ្សព្វផ្សាយព័ត៌មានពីបក្សរបស់ខ្លួន និងអ្នកសារព័ត៌មានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិ ថែរក្សាសន្តិភាព និងស្ថិរភាពជាតិ និងការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា»។
លោក នេត្រ ភក្ត្រា បានថ្លែងទៀតថា ការប្រមាថរបស់គណបក្សខ្មែរក្រោកថា កាសែតខ្ចប់ចេកចៀន គឺគណបក្សនេះកំពុងដើរផ្ទុយពីការពិត និងមិនឱ្យតម្លៃនៃការខិតខំ ប្រឹងប្រែងរបស់អ្នកសារព័ត៌មាន។ លោកបានផ្តល់គំនិតឲ្យគណបក្សខ្មែរក្រោក គួរសុំទោសអ្នកសារព័ត៌មានកម្ពុជា ជាសាធារណៈជៀសជាងការចេញមកលុបលាង កំហុសដោយថា គណនី Facebook នេះ ជាគណនីក្លែងក្លាយដើម្បីដោះសារយករួចខ្លូន និងលាងជម្រះអត្តចរិតក្រអឺតក្រទម គ្មានសីលអម៌របស់ខ្លួន។
លោក ម៉ា យ៉ារិទ្ធ អ្នកកាសែតជើងចាស់ដ៏ល្បីមួយរូប ដែលជានាយកគ្រប់គ្រងទូរទស្សន៍អប្សរាណិត នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ បានចេញមុខប្រដៅ ថ្នាក់ដឹកនាំ គណបក្សខ្មែរក្រោក ឱ្យចេះរៀនប្រើភាសាឱ្យបានសមរម្យ ក្នុងនាមជាកូនខ្មែរ។ លោក ម៉ា យ៉ារិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «ថ្នាក់ដឹកនាំគណបក្សខ្មែរក្រោក មិនគួរប្រើសម្តីនេះប្រមាថអ្នកកាសែតខ្មែរទេ។ គណបក្សនេះមិនទាន់ស្គាល់អ្នកកាសែតខ្មែរច្បាស់ទេ។ គួររៀនប្រើភាសាឱ្យបានសមរម្យឱ្យសមជាកូនខ្មែរអ្នកចេះដឹងថ្លៃថ្នូរ»។
លោក ពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា បានបង្ហាញការសោកស្តាយចំពោះការលើកឡើងនេះ។ លោកបានចាត់ទុកការប្រើសម្តីនេះវាធ្ងន់បន្តិចហើយ និងចង់ឲ្យប្រធានកិត្តិយសបក្សនេះប្រើសម្តីឲ្យបានសមរម្យជាងនេះ។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានផ្តាំទៅថ្នាក់ដឹកនាំបក្សនេះថា ប្រយ័ត្នជាន់បន្ទាត់ក្រហម ហើយគួរតែលុបសារពី Facebook របស់ខ្លួនរបស់ខ្លួន។ «ខណៈនេះ អ្នកសារព័ត៌មានកំពុងប្រតិកម្ម ចំពោះការប្រមាថ និងការបំភ្លៃខុសពីប្រសាសន៍ដើមរបស់ សម្តេចនាយករដ្ឋមន្ត្រី។ បើមិនត្រូវបានអញ្ជើញឲ្យចូលរួមស្តាប់ផ្ទាល់ គួរចូលមើលខ្លឹមសារដើមក្នុង Page សម្តេចនាយក។ ធ្វើនយោបាយ បើមិនស្គាល់តួនាទីសារព័ត៌មាន គឺមិនខុសពីចូលសមរភូមិ មិនស្គាល់គ្រាប់មីននោះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហ៊ុយ វណ្ណៈ។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា សំណេររបស់ប្រធានកិត្តិយសគណបក្សខ្មែរក្រោក លោក ព្រំ ពិសិដ្ឋ បានសាងកំហុសធំចំនួនពីរ។ កំហុសទី១ គឺបំភ្លៃប្រសាសន៍ដើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងកំហុសទី២ គឺមើលងាយធ្ងន់ធ្ងរចំពោះអ្នកសារព័ត៌មាន។
ទី១៖ គឺការបំភ្លៃសម្តីដើមរបស់សម្តេចតេជោ ហ៊ុន សែន។ លោក បូណា បានបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានមានប្រសាសន៍បែបនេះទេ។ សម្តេចគ្រាន់តែចង់ឲ្យអ្នកសារព័ត៌មានខ្មែរមានសមត្ថភាពចេះតាមដាន ស្រាវជ្រាវ និងវិភាគព័ត៌មានអន្តរជាតិ ដូចជាករណីអាមេរិកដកទ័ពពីប្រទេសស៊ីរីជាដើមគឺមិនបានខឹងសម្បារអ្នកកាសែតថាមិនចេះវាយប្រហារអាមេរិកដូចការលើកឡើងទេ។ ផ្ទុយទៅវិញសម្តេចនាយករដ្ឋមន្ត្រីអំពាវនាវឲ្យលុបបំបាត់ការជេរប្រមាថគ្នាតាមហ្វេសប៊ុកដូចដែលលោកខ្មែរក្រោកកំពុងធ្វើពេលនេះ។
ទី២៖ គឺជាការមាក់ងាយធ្ងន់ធ្ងរចំពោះអ្នកសារព័ត៌មានដែលបានខិតខំបំពេញការងាររបស់ខ្លួន និងកំពុងពង្រឹងសមត្ថភាពវិជ្ជាជីវៈយ៉ាងសកម្មដើម្បីបម្រើសង្គមឲ្យកាន់តែល្អប្រសើរ។ គាត់អាចរិះគន់ កែលម្អរបានប្រសិនបើឃើញចំណុចខ្វះខាត តែមិនត្រូវជេរប្រមាថឡើយពីព្រោះវាមិនមែនសីលធម៌របស់ខ្មែរ។
ប្រធានក្លឹបអ្នកកាសែតកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា កំហុសធំៗទាំងពីរនេះ បញ្ជាក់ថា ប្រធានកិត្តិយសគណបក្សខ្មែរក្រោកនៅមិនទាន់ស័ក្តិសមធ្វើជាអ្នកនយោបាយទេ។ ដូច្នេះ គួរតែកែតម្រូវពាក្យពេចន៍ឡើងវិញ និងខិតខំរៀបចំខ្លួនឲ្យបានល្អជាងនេះ។
លោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News ក៏បានសម្តែងការសោកស្តាយផងដែរចំពោះសម្តីប្រមាថមើលអ្នកព័ត៌មានកម្ពុជា រហូតប្រដូចកាសែតស្រុកខ្មែរទៅនឹងក្រដាសខ្ចប់ចេកចៀននេះ។ លោកបានលើកឡើងថា ក្នុងសង្គមប្រជាធិបតេយ្យដូចនៅកម្ពុជាព័ត៌មានកំពុងដើរតួនាទីរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការសង្គមជាតិ ដោយបានធ្វើជាស្ពានចម្លងនូវដំណឹងគ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាល និងពីស្ថាប័ននានាជូនទៅប្រជាពលរដ្ឋ ហើយក៏បានពាំនាំនូវបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋជូនរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជូនដល់រាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នពាក់ព័ន្ធស្វែងរកដំណោះស្រាយបានឆាប់រហ័ស ហើយក៏មានប្រសិទ្ធភាពផងដែរ។
អ្នកព័ត៌មានរូបនេះបានបន្ថែមថា អ្នកព័ត៌មាននៅកម្ពុជាភាគច្រើនបំផុតបម្រើការកើតចេញពីឆន្ទៈ មនសិការរបស់ខ្លួន ព្រោះថាការបំពេញការងារនេះមិនមានការឧបត្ថម្ភថវិកាពីស្ថាប័នរដ្ឋ ឬប្រជាពលរដ្ឋណាមួយនោះឡើយ។ ថវិកាដែលបានគឺបានពីស្ថាប័នព័ត៌មានដែលពួកគេយកកម្លាំងកាយ បញ្ញាញាណរបស់គេទៅប្តូរយកមក។
អ្នកព័ត៌មានរូបនេះបានឆ្លៀតចោទសួរទៅថ្នាក់ដឹកនាំបក្សខ្មែរក្រោកថា អ្នកព័ត៌មានទោះមិនរស់ដោយលុយជាតិ និងប្រជាជន តែបានធ្វើការងារជាច្រើនសម្រាប់ជាតិ និងប្រជាជន ចុះគណបក្សខ្មែរក្រោកក្នុងតួនាទីជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចាយលុយជាតិ និងប្រជាជនអស់ជាច្រើនខែមកហើយនោះ បានធ្វើការជាប្រយោជន៍ជាតិ និងប្រជាជនបានអ្វីខ្លះហើយ? បេសកកម្មយកកោះត្រល់ដល់ណាហើយ ឬបានត្រឹមតែស្រែកកោក វាយធុង វាយប៉ោតយកតែមុខទេ?។
លោក បាន ចក់ អ្នកព័ត៌មានមកពីទូរទស្សន៍ BTV បានសម្តែងការខឹងសម្បាយ៉ាងខ្លាំង រហូតបានប្រើពាក្យធ្ងន់ទៅលើបក្សនេះថែមទៀតផង។ លោក បាន ចក់ បានសរសេរលើ Facebook ថា «អាមេបក្សដុំអាចម៍ឈ្មោះមិនចំខ្មែរផងហើយដើរបោកតែស្រីឆ្កួតមកចង់ដៀលគេហា... ចាប់ពីពេលនេះតទៅអញធ្វើសង្គ្រាមហ្វេសបុកជាមួយហែងហើយអាយេន»។
លោក បាន ចក់ ថែមទាំងបានបន្ថែមថា លោកបានដឹងរឿងពីអតីតកាលរបស់មេបក្សរូបនេះយ៉ាងច្រើនថែមទៀតផង តែលោកមិនចង់ទម្លាយ។
សូមបញ្ជាក់ថា គណបក្សខ្មែរក្រោកមានមេបក្សឈ្មោះថា លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ឬហៅថា William Guang ដែលជាបុគ្គលរុំស្រោបដោយរឿងអាស្រូវមិនសូវល្អមួយចំនួន មានទាំងការដើរបោកនារីៗជាដើម។ បក្សនេះត្រូវបានបង្កើតឡើងនៅមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ តែមិនទទួលបានអាសនៈនោះឡើយក្នុងព្រឹត្តិការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨នោះ៕