(ភ្នំពេញ)៖ លោក ម៉ា យ៉ារិទ្ធ អ្នកកាសែតជើងចាស់ដ៏ល្បីមួយរូប ដែលជានាយកគ្រប់គ្រងទូរទស្សន៍អប្សរាណិត នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ បានចេញមុខប្រដៅ ថ្នាក់ដឹកនាំ គណបក្សខ្មែរក្រោក ឱ្យចេះរៀនប្រើភាសាឱ្យបានសមរម្យ ក្នុងនាមជាកូនខ្មែរ។
លោក ម៉ា យ៉ារិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «ថ្នាក់ដឹកនាំគណបក្សខ្មែរក្រោក មិនគួរប្រើសម្តីនេះប្រមាថអ្នកកាសែតខ្មែរទេ។ គណបក្សនេះមិនទាន់ស្គាល់អ្នកកាសែតខ្មែរច្បាស់ទេ។ គួររៀនប្រើភាសាឱ្យបានសមរម្យឱ្យសមជាកូនខ្មែរអ្នកចេះដឹងថ្លៃថ្នូរ»។
សូមបញ្ជាក់ថា អ្នកព័ត៌មាននៅកម្ពុជាបានខឹងសម្បាយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំគណបក្សខ្មែរក្រោក ដែលបានប្រើសម្តីប្រមាថមើលងាយអ្នកព័ត៌មាននៅកម្ពុជា រហូតហៅកាសែតនៅស្រុកខ្មែរថា ជាកាសែត «ខ្ចប់ចេកចៀន»។ ជាមួយការខឹងសម្បាក្រុមអ្នកព័ត៌មានគ្រោងធ្វើសកម្មភាពផ្សេងៗឲ្យថ្នាក់ដឹកនាំបក្សនេះចេញមកកែតម្រូវពាក្យសម្តី និងសុំទោសជាសាធារណៈជាដើមចំពោះការប្រមាថមួយនេះ។
ការខឹងសម្បាបានកើតមានឡើងបន្ទាប់គណនី Facebook របស់ថ្នាក់ដឹកនាំខ្មែរក្រោកមួយឈ្មោះថា «គណបក្សខ្មែរក្រោក ភូមិភាគពិសស» មានរូបលោក ព្រំ ពិសិដ្ឋ ប្រធានកិត្តិយសបក្សខ្មែរក្រោកភ្ជាប់នៅលើ Profile នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានសរសេរថា «សម្ដច ខឹងពួកអ្ននកាសែតជាង ៥,០០០នាក់ គ្មានចេះវាយប្រហារអាមេរិក? បើសមត្ថភាពមិនដល់ផង អោយវ៉ៃបកយ៉ាងម៉េច? កាសែត ខ្ចប់ចេកចៀននឹង! Funny»។
តាមពិតទៅសម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបជាមួយអ្នកព័ត៌មានក្រោមបរិយាកាសដ៏ស្និទ្ធស្នាលនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មិនបានសម្តែងកាយវិការខឹងសម្បាណាមួយ ចំពោះអ្នកព័ត៌មានដូចការលើកឡើងរបស់ថ្នាក់ដឹកនាំបក្សខ្មែរក្រោកនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន មានតែការថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកព័ត៌មាន ក្នុងបេសកកម្មការងារផ្សព្វផ្សាយដំណឹង និងធ្វើជាស្ពានចម្លងដំណឹងពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ឬពីប្រជាពលរដ្ឋទៅកាន់រាជរដ្ឋាភិបាល។
បន្ថែមពីលើនោះសម្តេចនាយករដ្ឋមន្ត្រីចង់ឲ្យអ្នកព័ត៌មាននៅកម្ពុជាហ៊ានសរសេរវិភាគចំពោះស្ថានការណ៍វិវឌ្ឍន៍របស់អន្តរជាតិ ដូចជាបញ្ហានៅសហរដ្ឋអាមេរិកជាដើម។ អ្វីដែលសម្តេចតេជោលើកឡើងនោះ គ្រាន់តែជាសំណូមពរតែប៉ុណ្ណោះ មិនមែនជាការបង្គាប់បញ្ជាអ្វីនោះឡើយ ព្រោះសម្តេចបានយល់ច្បាស់ណាស់ពីរបបសារព័ត៌មានរបស់កម្ពុជា ជាព័ត៌មានឯករាជ្យមិនមាននរណាម្នាក់ទៅបង្គាប់បញ្ជាស្ថាប័នព័ត៌មាន ឬអ្នកព័ត៌មានណាមួយនោះឡើយ៕