(ភ្នំពេញ)៖ អ្នកលក់ទឹកអំពៅ រវាងអ្នកលក់ទឹកអំពៅដូចគ្នា គ្រាន់តែរឿងទាស់ពាក្យសម្ដីបន្តិចបន្តួចសោះ ឈានដល់ការទាញកាំបិតប៉័ងតោដេញកាប់បើកឆាកប្រយុទ្ធគ្នា បណ្ដាលឲ្យភាគីម្ខាងរងរបួសធ្ងន់ដេកពេទ្យ និងភាគីម្ខាងទៀតរងរបួសស្រាល ត្រូវកម្លាំងនគរបាលឃាត់ខ្លួន នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
តាមការអះអាងរបស់ លោកអធិការនគរបាលខណ្ឌឬស្សីកែវ មុនជនរងគ្រោះ និងជនសង្ស័យកាប់គ្នា បណ្ដាលឲ្យម្នាក់រងរបួសត្រង់ (កដៃស្តាំ និងក្បាលពីខាងក្រោយធ្ងន់ធ្ងរ) កំពុងសម្រាកព្យាលបាលសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងម្នាក់ទៀតរងរបួសស្រាល។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងដោយសារតែពីមុនមក អ្នកទាំង២ បានឈ្លោះទាស់ពាក្យសម្ដីគ្នាម្ដងរួចមកហើយ ទើបមកដល់វេលាកើតហេតុនារាត្រីនេះ ជនរងគ្រោះបានមករករឿងជនបង្កដល់បន្ទប់ជួល ស្រាប់តែមួយសន្ទុះក្រោយមក ជនបង្កបានទាញកាំបិតប៉ាំងតោដើរសំដៅទៅបន្ទប់ជួល របស់ជនរងគ្រោះវិញ ហើយក៏កាប់បណ្ដាលចំកដៃស្ដាំ និងត្រង់ក្បាលពីផ្នែកខាងក្រោយ រងរបួសយ៉ាងធ្ងន់ធ្ងរតែម្ដង។
លោកអធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ជនបង្កដែលសមត្ថកិច្ចឃាត់ខ្លួនសួរនាំមានឈ្មោះ រ៉េត ម៉េងលី អាយុ២៩ឆ្នាំ មានទីលំនៅក្នុងបន្ទប់ជួល ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ក្បែរផ្ទះជនរងគ្រោះឈ្មោះ ពុធ ញ៉ាញ់ អាយុ២៦ឆ្នាំ។
ទោះបីយ៉ាងណា បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យកាល់ម៉ែត្រ និងជនសង្ស័យជាមួយវត្ថុតាងកាំបិតប៉័ងតោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី៕