(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លើកិច្ចការមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ បានចុះពិនិត្យមើលសកម្មភាពបោសសម្អាតមីន របស់កងកម្លាំងប្រតិបត្តិការបោសសម្អាតមីន MAG ដែលកំពុងធ្វើសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងភូមិសាស្ត្រស្រែត្រាច និងភូមិតាសាញ់ខាងជើង ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង។
ប្រធានគ្រប់គ្រងអង្គការ MAG បានឲ្យដឹងថា អង្គការ MAG បានបង្កើតឡើងក្នុងឆ្នាំ១៩៩២ មានការិយាល័យធំនៅក្នុងរាជធានីភ្នំពេញ និងការិយាល័យរងប្រតិបត្តិការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងខេត្តបាត់ដំបង បៃលិន និងខេត្តរតនគីរី។ ក្រៅពីនោះ អង្កការបានធ្វើសកម្មភាពនេះដូចគ្នានៅខេត្តកំពង់ចាម កំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ ហើយកំពុងប្រតិបត្តិការរុករកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងតំបន់គ្រប់គ្រងរបស់ MAG នេះ ក្នុងខេត្តបាត់ដំបង ប៉ៃលិន និងរតនគីរី។
ប្រធានគ្រប់គ្រងអង្គការ MAG ក៏បានបញ្ជាក់ដែរថា ចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ដើមខែមករា ឆ្នាំ២០១៩ កងកម្លាំងប្រតិបត្តិការបោសសម្អាតមីន MAG បានធ្វើសកម្មភាពបោសសម្អាត និងកម្ទេចគ្រាប់មិនទាន់ផ្ទុះបានចំនួន ២៤៩,០០០គ្រាប់ គ្រាប់មីនប្រឆាំងថ្មើរជើង និងប្រឆាំងរថក្រោះចំនួន ៧៨,០០០គ្រាប់ ដោយបានរំដោះផ្ទៃដីជូនប្រជាពលរដ្ឋបានជាង ៧៤គីឡូម៉ែត្រការ៉េ។
បច្ចុប្បន្នអង្គការ MAG ប្រើបច្ចេកវិទ្យាថ្មីក្នុងការបង្ហោះដ្រូនថតជម្រៅដី ដើម្បីរុករកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ មុននឹងកម្លាំងមនុស្សចូលទៅដោះ ដែលការប្រើបច្ចេកវិទ្យារបៀបនេះ MAG ប្រតិបត្តិការបានលឿនមិនចំណាយពេលយូរ ដឹងគោលដៅច្បាស់លាស់ពិតប្រាកដ កាត់បន្ថយគ្រោះថ្នាក់បានច្រើន។
នាយឧត្តមសេនីយ៍ មាស សុភា បានកោតសរសើរ និងក្រើនរំលឹកដល់កងកម្លាំងដោះមីនរបស់អង្គការ MAG ទាំងអស់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្នុងពេលប្រតិបត្តិការការងារត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងគ្រោះថ្នាក់ដោយសារការដោះមីន ខ្វះការប្រុងប្រយ័ត្ន និងធ្វេសប្រហែស។
ទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់ទៀតថា ដោយសារសង្គ្រាម គឺបានបន្សល់គ្រាប់មីនគ្រប់ប្រភេទនៅក្នុងដីជាច្រើន ដែលបង្កហានិភ័យដល់អាយុជីវិតប្រជាជនស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស៕