(កណ្តាល)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យការប្រមូលផលត្រី នៅដាយត្រីលេខ១៣ ភូមិពានជនិក ឃុំកំពុងលួង ស្រុកពញាឭ ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអំពាវនាវ ឲ្យប្រជាពលរដ្ឋនៅទីជិត ឆ្ងាយមកធ្វើប្រហុកទុកជាស្បៀងប្រចាំគ្រួសារ ខណៈរដូវនេសាទកំពុងតែត្រូវខ្លាំង។
មន្រ្តីរដ្ឋបាលជលផលបានឲ្យដឹងដែរថា រដូវនេសាទចាប់ផ្តើមត្រូវ ជាបន្តបន្ទាប់តាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅតាមដាយនៃដងទន្លេសាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលអាចនេសាទត្រីបានជាបណ្តើរៗ។
បច្ចុប្បន្នត្រីប្រហុកនៅនឹងកន្លែងថ្លៃ ១៥០០រៀល ទៅ២០០០រៀលក្នុង១គីឡូក្រាម តែតម្លៃនេះមន្រ្តីជំនាញបានបញ្ជាក់ថា វាអាស្រ័យពេលវេលា លើកដាយត្រីផងដែរ៕