(ស្ទឹងត្រែង)៖ ក្បួនរថយន្តដឹកជញ្ជូនបទល្មើសឈើ បានបើកបុករថយន្តសមត្ថកិច្ចខេត្តស្ទឹងត្រែង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ គ្រាសមត្ថកិច្ចចេញបង្ក្រាបបទល្មើស ហើយចាប់បានរថយន្តដឹកឈើ១គ្រឿង។ ចំណែករថយន្តជាច្រើនគ្រឿងទៀត បើកបានគេចចេញដោយសុវត្ថិភាព។
ហេតុការណ៍នោះ បានកើតឡើងនៅម៉ោងប្រមាណ៥៖០០ទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
ប្រភពបានឱ្យដឹងថា រថយន្តមួយគ្រឿងដែលរងការបុកបើកផ្លូវពីក្បួនរថយន្តក្រុមឈ្មួញឈើ ធី កាប៉ូ នោះគឺជារថយន្តរបស់មន្ត្រីព្រៃឈើមួយរូប នៅស្នាក់ការបណ្តុះកូនឈើភ្នំក្រហម អូរពងមាន់។
ក្រោយការធ្វើសកម្មភាពបុករថយន្តមន្ត្រីព្រៃឈើរួចមក សមត្ថកិច្ចបង្ក្រាបបានរថយន្តបាឡែនមួយគ្រឿង របស់ក្រុមឈ្មួញ ធី កាប៉ូ និងច្រើនគ្រឿងទៀត បានបើកគេចចេញដោយសុវត្ថិភាព។
ប្រជាពលរដ្ឋបានបង្ហាញក្តីសង្ឃឹមថា សមត្ថកិច្ចខេត្តស្ទឹងត្រែង នឹងបន្តចុះបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសព្រៃឈើ ដោយធ្វើឡើងដូចភ្លៀងរលឹម ទៅតាមអនុសាសន៍របស់រាជរដ្ឋាភិបាល៕