(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៩ បានថ្លែងថា កងទ័ពរបស់កម្ពុជាកាន់តែមានមោទនភាព ដោយសារតែយុវជន យុវតីជំនាន់ក្រោយ បានដាក់ពាក្យចូលប្រឡងប្រជែង បំពេញក្របខ័ណ្ឌមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
មុនដំណើរការប្រឡងនៅទូទាំងប្រទេស នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានចុះពិនិត្យទិដ្ឋភាពផ្ទាល់ នៅមណ្ឌលរាជធានីភ្នំពេញ នាវិទ្យាល័យបាក់ទូក បានលើកឡើងថា ចំពោះបេក្ខជនដែលបានដាក់ពាក្យចូលប្រឡងក្របខ័ណ្ឌកងទ័ព នៅឆ្នាំ២០១៩នេះ គឺមានការកើនឡើងជាបណ្ដាឆ្នាំកន្លងទៅ ប្រមាណជាង១ពាន់នាក់។
ឧត្តមសេនីយ៍ឯក បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំនេះក៏ជាមោទនភាពរបស់កងយោធពលខេមរភូមិន្ទ ដែលមានយុវជន ប្អូនៗដែលបានចាប់អារម្មណ៍ ហើយស្ម័គ្រចិត្តដាក់ពាក្យប្រឡងមានការកើនឡើង។ បើយើងប្រៀបធៀបពីឆ្នាំ២០១៧ យើងមានតែ៤,០០០នាក់ទេ ឆ្នាំ២០១៨ កើនដល់៧,០០០នាក់ ហើយឆ្នាំ២០១៩នេះ យើងមានរហូតទៅដល់ជាង៨,៣០០នាក់»។
តួរលេខរបស់អនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ បានបង្ហាញថា សម្រាប់ក្របខ័ណ្ឌទូទាំងប្រទេស មានបេក្ខជនចូលរួមប្រឡង សរុបចំនួន៨,៣៥២នាក់ ស្រី៣,២៧០នាក់ ក្នុងបែងចែកជា៣៥៦បន្ទប់។ ក្នុងនោះ ក្រសួងសម្រេចជ្រើសយក នាយទាហានសកម្ម ចំនួន២០០នាក់, នាយទាហានទ័ពជើងគោក ចំនួន២៥០នាក់, នាយទាហានបន្តវេន ចំនួន១៧០នាក់ និងនាយទាហានជំនាញបច្ចេកទេស ចំនួន៦០នាក់។
ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានណែនាំដល់អនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាន និងគណៈកម្មការជ្រើសរើស ត្រូវរក្សាដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ មានតម្លាភាព និងមានយុត្តិធម៌។ មានន័យថា អ្នកដែលជោគជ័យក្រោយការប្រឡង ទាំងចំណេះដឹងទូទៅ ភាសា និងកីឡា គឺជាប់ដោយសមត្ថភាពផ្ទាល់ ហើយចំពោះអ្នកដែលប្រឡងមិនជាប់ គឺអស់ចិត្តដោយខ្លូនឯង។
លោកសង្កត់ធ្ងន់ថា «អនុគណៈកម្មការប្រឡង ក៏ដូចជាគណៈកម្មការជ្រើសរើសរបស់យើង គឺថាធ្វើមិចឲ្យការជ្រើសរើសនាយទាហានរបស់យើង ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ មានតម្លាភាព និងយុត្តិធម៌។ អ្វីដែលយើងចង់បាន គឺធ្វើឲ្យបានត្រឹមត្រូវយុត្តិធម៌ ដើម្បីឲ្យប្អូនៗទាំងអស់បានបង្ហាញនូវសមត្ថភាពរបស់ខ្លួន»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងជាអនុប្រធានប្រចាំការអនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាន និងជាប្រធានមណ្ឌលប្រឡងរាជធានីភ្នំពេញ ក៏បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានផងដែរថា សម្រាប់ចំនួនបេក្ខជនដែលចូលរួមប្រឡងនៅមណ្ឌលរបស់លោកគ្រប់គ្រង មានចំនួន៣,៧៧៧នាក់។
បើតាម លោកឧត្តមសេនីយ៍ ប៊ុត សុភាព សម្រាប់បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ទូទៅនៅក្នុងមណ្ឌលប្រឡង នាវិទ្យាល័យ និងបឋមសិក្សាបាក់ទូកនេះ គឺបានដំណើរការទៅយ៉ាងរលូន មិនមានបញ្ហាអ្វីទាំងអស់ ដោយមានការចូលរួមសហការយ៉ាងល្អ ពីសំណាក់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់។
លោកប្រធានមណ្ឌលរូបនេះ ក៏ណែនាំដល់បេក្ខជនទាំងនៅមណ្ឌលរាជធានីភ្នំពេញ និងតាមបណ្ដាយោធភូមិភាគទាំងអស់នៅទូទាំងប្រទេស ត្រូវតែខិតខំប្រឹងប្រែង យកចិត្តទុកដាក់ និងបញ្ចេញអស់សមត្ថភាពដែលខ្លួនធ្លាប់បានសិក្សារៀនសូត្រ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងលើកនេះ ព្រោះថាការប្រឡងនេះមិនមានការសូកប៉ាន ឬប្រកាន់បក្ខពួកអ្វីឡើយ ដោយអ្នកមានសមត្ថភាពពិត គឺជាប់។
គួរបញ្ជាក់ដែរថា ការប្រលងជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទ វគ្គនាយទាហានសកម្មជំនាន់ទី២៣ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១១ វគ្គនាយទាហានបន្តវេនជំនាន់ទី១២ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០១៩ ដែលផ្ដោតទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសាកីឡាកាយសម្បទា៕