Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំជនជាតិភាគតិចម៉ុងតា​ញ៉ា ឈ្មោះ កុក ស ទទួលមរណភាព (Video Inside)

13-01-2019 12:11

(អាមេរិក)៖ លោក កុក ស មេដឹកនាំជនជាតិភាគតិចម៉ុងតា​ញ៉ា ឬយួនដឺហ្ការ (Degar) នៅភូមិភាគកណ្ដាល នៃប្រទេសវៀតណាម បានទទួលមរណភាព​ នៅរដ្ឋខារ៉ូលីណាខាងជើង សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ នេះបើតាមការផ្សព្វផ្សាយរបស់បណ្តាញក្រុមប្រឆាំង និង Twitter របស់លោក សម រង្ស៊ី។

សូមជម្រាបថា​លោក កុក ស មេដឹកនាំ​ជនជាតិភាគតិច​វៀ​តណា​ម និង លោក សម រង្ស៉ី បាន​ចុះហត្ថលេខា​រួមគ្នា​មួយ នៅលើ​ទឹកដី​សហរដ្ឋអាមេរិក កាលពី​អំឡុង​ឆ្នាំ​២០១៣ ដោយលោក​ សម រង្ស៉ី បានសន្យាថា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​រដ្ឋាភិបាល លោក​នឹង​កាត់​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ក្រចេះ​ឲ្យ​ក្រុម​ជនជាតិភាគតិច​វៀតណាម Degar (​ម៉ុង​តា​ញ៉ា​) ដឹកនាំដោយ លោក កុក ស ដើម្បី​គ្រប់គ្រង​ផ្តល់​ស្វ័យភាព និង​មាន​សិទ្ធិ​ពេញលេញ អាច​រស់នៅ​និង​មាន​សិទ្ធិ​ដូច​ប្រជាជន​កម្ពុជា​ដែរ​។

ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៉ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបាន ចុះហត្ថលេខា ជាមួយលោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះ តំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៉ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ផងដែរ ប៉ុន្តែ លោក សម រង្ស៉ី បានអវត្តមានក្នុងការចូលបំភ្លឺ។ ទោះជាយ៉ាងនេះក្តី តំណាងអយ្យការបានអះអាងថា ខ្លួននឹងបន្តនីតិវិធីរបស់ខ្លួនបន្តទៀត ចំពោះសំណុំរឿងនេះ៕