(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទជនជាតិបារាំង និងជនជាតិចិន ២កន្លែងផ្សេងគ្នា ដោយមួយករណីនៅខណ្ឌដូនពេញ និងមួយករណីទៀត នៅខណ្ឌចំការមន រាជធានីភ្នំពេញ។
វរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការជាបន្ដបន្ទាប់នេះ បានធ្វើឡើងក្រោមការណែនាំ និងបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអគ្គស្នងការរងនគរបាលជាតិ ទទួលផែនកណ្ដាលនគរបាលយុត្តិធម៌។
បើតាមលោកវរសេនីយ៍, នៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ កម្លាំងល្បាតរបស់ការិយាល័យបានបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃជនជាតិបារាំង) ត្រង់ចំណុចមុខសាលាចតុមុខ ផ្លូវព្រះនរោត្តម ខណ្ឌដូនពេញ ពេលនោះកម្លាំងបានឃាត់ខ្លួន សង្ស័យចំនួន០២នាក់ ដោយម្នាក់ឈ្មោះ សុខ ឧត្តម អាយុ១៥ឆ្នាំ និងឈ្មោះ ផាំ មិនកង អាយុ១៦ឆ្នាំ។ ក្នុងនោះដកហូតបាន ទូរសព្ទ័ដៃជនរងគ្រោះ ម៉ាកiPhoneX ពណ៌ខ្មៅ និង ម៉ូតូធ្វើសកម្មភាពម៉ាក ស៊ុយសូគីនិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ1GO-9567 ជនសង្ស័យ និងសម្ភារដកហូតខាងលើការិយាល័យបានសាកសួរ និងក៏សាងសំណុំរឿងតាមនីតិវិធី។
ដោយឡែក នៅវេលាម៉ោង០៩៖២១នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ កម្លាំងល្បាតរបស់ការិយាល័យបានបង្ក្រាបជាក់ស្តែងករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃជនជាតិចិន) ត្រង់ចំណុចសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដោយឃាត់ខ្លួនសង្ស័យចំនួន០២នាក់ឈ្មោះ ដាំ សុភ័ក្រ អាយុ២៥ឆ្នាំ និងឈ្មោះ ប៉ុល ខួចចិន្តា អាយុ២៥ឆ្នាំ។ ដកហូតបានទូរស័ព្ទដៃជនរងគ្រោះ ម៉ាក One Plus និងម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ1HK-5893 ជនសង្ស័យ និងសម្ភារដកហូតខាងលើ ការិយាល័យបានសាកសួរ និងក៏សាងសំណុំរឿងតាមនីតិវិធី៕