(ពោធិ៍សាត់)៖ អ្នកគ្រប់គ្រងដំណាំកប្បាសរបស់ក្រុមហ៊ុន Jiangsu Lianfa ស្ថិតក្នុងខេត្តពោធិ៍សាត់ បានអះអាងប្រាប់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យដឹងថា ក្រុមហ៊ុនមានផែនការដាំកប្បាស លើផ្ទៃដីជិត២០០ហិកតា ដើម្បីផ្គត់ផ្គង់រោងចក្រ កាត់ដេរសម្លៀកបំពាក់លើពិភពលោក។
ការអះអាងរបស់អ្នកគ្រប់គ្រងរូបនេះ បានធ្វើឡើង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក វេង សាខុន អមដំណើរជាមួយសហការី បានអញ្ជើញទៅពិនិត្យការសាកល្បងដាំកប្បាស របស់ក្រុមហ៊ុន Jiangsu Lianfa ស្ថិតក្នុងខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នកំពុងដាំសាកល្បងលើផ្ទៃដី៣អា។
អ្នកគ្រប់គ្រងបានឲ្យដឹងថា ដំណាំកំពុងមានការលូតលាស់បានល្អ សមស្របតាមគុណភាពដី និងក្សេត្យបរិស្ថាន នៅតំបន់នេះ ហើយសង្ឃឹមថា កប្បាសនឹងផ្តល់ផល បានយ៉ាងល្អប្រសើរគួរជាទីគាប់ចិត្ត។ លោកបន្តថា នេះជាការដាំសាកល្បងលើកទី១ បើទិន្និផលឈានដល់កម្រិតមួយ ដូចដែលក្រុមហ៊ុនចង់បាន ក្រុមហ៊ុននឹងដាំសាកល្បងលើកទី២ លើផ្ទៃដីចំនួន១៨០ហិកតា។
បន្ទាប់ពីប្រមូលផលកប្បាសរួច ក្រុមហ៊ុននឹងដាំសណ្តែក ឬពោតដើម្បីបង្កើនផលិតភាពផលិតកម្ម លើផ្ទៃដីដដែល និងប្រើប្រាស់ដីឲ្យអស់លទ្ធភាព។ នេះបើតាមការឲ្យដឹងបន្ថែម ពីអ្នកគ្រប់គ្រងដំណាំកប្បាស របស់ក្រុមហ៊ុន Jiangsu Lianfa។
សូមបញ្ជាក់ជូនថា ក្រុមហ៊ុននឹងកែច្នៃផលិតផលកប្បាសនេះ ជាអំបោះសម្រាប់ផ្គត់ផ្គង់ ឲ្យរោងចក្រងវាយនភ័ណ្ឌធ្វើជាក្រណាត់ រួចផ្គត់ផ្គង់ឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅទូទាំងពិភពលោកចំនួន១២។ ក្នុងចំណោមនោះមាន២ ដែលកំពុងដំណើរការនៅកម្ពុជា គឺរោងចក្រ Jincheng Garment Factory និង Hengyu Garment Factory ក្នុងខេត្តពោធិ៍សាត់ផងដែរ។
នាឱកាសនេះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិក កម្មកររបស់ក្រុមហ៊ុន ដែលបានខិតខំយកចិត្តទុក និងស្មារតីទទួលខុសត្រូវ ក្នុងការដាំសាកពិសោធន៍ដំណាំកប្បាស សម្រេចទទួលបានជោគជ័យ យ៉ាងគាប់ប្រសើរ។
លោកបន្តថា នេះជាជោគជ័យជំហានដំបូង នៅមានការងារជាច្រើនដែលត្រូវអនុវត្តន៍បន្ត ធ្វើយ៉ាងណា ឈានទៅសម្រេចគោលដៅចម្បង របស់ក្រុមហ៊ុននាពេលអនាគត។
លោករដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុន សហការជាមួយអគ្គនាយកកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរដែនដី ដើម្បីរួមសហការគ្នាដោះស្រាយបញ្ហា និងបន្តអនុវត្តន៍ផែនការសកម្មភាពសំខាន់ៗ ឈានទៅអភិវឌ្ឍវិស័យផលិតកម្មកប្បាស ជាលក្ខណៈប្រព័ន្ធខ្សែចង្វាក់ផលិតកម្ម (ដាំ ប្រមូលផល កែច្នៃ និងប្រើប្រាស់) នៅកម្ពុជាឲ្យមានការរីកចម្រើននាពេលអនាគតដ៏ខ្លី។
សូមបញ្ជាក់ជូនផងដែរថា ក្រុមហ៊ុនបានចុះ អនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោករដ្ឋមន្រ្តីកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីអភិវឌ្ឍន៍វិស័យផលិតកម្ម និងកែច្នៃកប្បាសនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការនេះ បាននិងកំពុងលូតលាស់ ផ្តល់ជាផ្លែផ្កាគួរជាទីមោទន។
លោករដ្ឋមន្ត្រី ក៏ដូចជាក្រុមហ៊ុនសង្ឃឹម និងជឿជាក់ថាវិស័យផលិតកម្ម និងកែច្នៃកប្បាស នឹងពិតជាទទួលបានជោគជ័យដូចការរំពឹងទុក៕