(ភ្នំពេញ)៖ សិទ្ធិមានលំនៅឋាន គឺជាសិទិ្ធមូលដ្ឋានរបស់មនុស្សគ្រប់រូប ដែលមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) ។ ជាមួយគ្នានេះ ការគោរពកម្មសិទ្ធិស្របច្បាប់របស់ឯកជន ក៏ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយមានចែងក្នុងមាត្រា៥០ កថាខណ្ឌទី២ ។ តាមរយៈនៃការការពារសិទ្ធិកម្មសិទ្ធិឯកជននេះ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ញត្តិនូវបទល្មើសមួយចំនួន ក្នុងគោលបំណងការពារ និងផ្តន្ទាទោសចំពោះអំពើរំលោភបំពានលើកម្មសិទ្ធិឯកជន ក្នុងនោះក៏មានបទល្មើសរំលោភលើលំនៅឋានផងដែរ ។
តើអ្វីជាបទល្មើសរំលោភលើលំនៅឋាន? អ្នកដែលបានប្រព្រឹត្តបទល្មើសនេះ នឹងត្រូវទទួលទោសដូចម្តេច?
ដើម្បីយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះសូមលើកយកប្រធានបទស្តីពីបទល្មើស «រំលោភលើលំនៅឋាន» មកចែករំលែកដូចតទៅ៖
បទល្មើស «រំលោភលើលំនៅឋាន» ជាប្រភេទបទល្មើសមជ្ឈិម ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ ត្រង់មាត្រា២៩៩ ហើយត្រូវបានកំណត់និយមន័យថា ជាអំពើប្រព្រឹត្តដោយមានហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬឧបាយកលចូលទៅក្នុងលំនៅឋានអ្នកដទៃនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ តាមរយៈនិយមន័យខាងលើនេះ មានន័យថា រាល់សកម្មភាពដែលចូលទៅក្នុងលំនៅឋានរបស់អ្នកដទៃ ដោយមិនមានច្បាប់អនុញ្ញាត និងដោយប្រើហិង្សា ធ្វើការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយប្រើល្បិចកល (ការឡើង ឬ ផ្លោះរបង) ដោយមិនមានការអនុញ្ញាតពីម្ចាស់លំនៅឋាន។
បន្ថែមពីនេះ មាត្រា៣០០ នៃក្រមព្រហ្មទណ្ឌក៏បានកំណត់ថា បទល្មើសរំលោភលើលំនៅឋាន នឹងត្រូវផ្តន្ទាទោសដោយមានស្ថានទម្ងន់ទោស ក្នុងករណីដែលចារី (អ្នកប្រព្រឹត្ត) ជាអ្នករាជការសាធារណៈ នៅក្នុងក្របខ័ណ្ឌនៃមុខងាររបស់ខ្លួន ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ចូលទៅក្នុងលំនៅឋានរបស់អ្នកដទៃដោយគ្មានការយល់ព្រមពីម្ចាស់ផ្ទះទេនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត ។
សរុបមកបទល្មើស «រំលោភលើលំនៅឋាន» អ្នកប្រព្រឹត្តបទល្មើស គឺមានចេតនាទុច្ចរិតយ៉ាងច្បាស់លាស់ក្នុងការប្រព្រឹត្ត និងចូលក្នុងលំនៅឋានរបស់ភាគីម្ខាងទៀតដោយពុំមានការអនុញ្ញាត ស្តែងឡើងតាមរូបភាពហិង្សា ឬ ឧបាយកលទុច្ចរិត។ ប៉ុន្តែបទល្មើសនេះមិនអាចកើតឡើងបានទេ ក្នុងករណីដែលមានការអនុញ្ញាតពីម្ចាស់លំនៅឋាន ឬច្បាប់បានអនុញ្ញាត។
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ប៊ុន វិទូ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៨១ ៦៧៧ ៧៧៨ , អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕