(ត្បូងឃ្មុំ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ តំណាងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ដែលមានតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក នៅវត្តរតនមុនីតាប៉ាវ ហៅវត្តពងទឹក ស្ថិតក្នុងភូមិពងទឹក ឃុំរកាពរប្រាំ ស្រុកតបូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពិធីនោះមានការចូលរួមពី លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្ត នាយកស្តីទីរដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងយាយជីតាជីយ៉ាងច្រើនកុះករ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា ការរីកចម្រើនវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវពឹងផ្អែកលើកត្តាសន្តិសុខ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមចាំបាច់ជាចម្បង ដែលមិនអាចខ្វះបាន ជាក់ស្តែងសមិទ្ធិផលនានាមានតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ បានបង្ហាញឲ្យឃើញស្រាប់។

លោកថ្លែងគូសបញ្ជាក់ថា បើសិនប្រទេសអសន្តិសុខ អ្វីៗក៏មិនអាចកើតឡើងបាននោះដែរ តែបើស្រុកទេសសុខសប្បាយ សន្តិសុខសុវត្ថិភាពពេញលេញ មានស្ថិរភាពនយោបាយ ច្បាស់ណាស់ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាព ប្រកបរបរបានដោយសេរី មានជីវភាពធូរធារ ប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដូចកម្ពុជាសព្វថ្ងៃនេះ។ លោកបន្តថា កត្តាដែលប្រទេសជាតិមានសុខសន្តិភាព ពិតជាមានតម្លៃណាស់សម្រាប់ប្រជាជាតិនីមួយៗ ក៏ដូចជាកម្ពុជាផងដែរ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការបោះជំហានអភិវឌ្ឍបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានរំលឹកថា កូនខ្មែរគ្រប់រូប ទាំងជំនាន់មុន ជំនាន់នេះ ជំនាន់ក្រោយតទៅអនាគត ត្រូវនាំគ្នាលើកតម្កើងកិត្តិយសជាតិ តាមរយៈការរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឲ្យរឹងមាំ។

លោកបានស្នើរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានជំនឿលើខ្លួនឯង ជឿលើរាជរដ្ឋាភិបាលខ្លួនឯង ជឿលើគោលនយោបាយ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តដំណើរលើនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាបន្តទៀត ជាពិសេសនៅតែគោរពបូជា សាសនាតែមួយគត់ គឺព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕