(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងនៅលើទំព័រ Facebook បញ្ជាក់ថា មានការសណ្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានី បានប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅប្រឡាយស្ទឹងមានជ័យ។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ នេះជាជំហានទី១ ក្នុងការផ្តល់ជូនប្រជាពលរដ្ឋចំនួន១៥៣ខ្នងផ្ទះ ក្នុងចំណោម៥៦២ខ្នងផ្ទះ ហើយនឹងត្រូវប្រគល់ជូនជាបន្តបន្ទាប់ រហូតដល់អស់សព្វគ្រប់។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានប្រឡាយទឹក រីឯប្រជាពលរដ្ឋទទួលបានកម្មសិទ្ធិស្របច្បាប់។
គួរបញ្ជាក់ថា នៅតំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យ មានប្រវែង១,៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល។ ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុប ប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នេះ រដ្ឋបាលរាជធានី បានសម្រេចចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋ ដែលរស់នៅលើប្រឡាយនេះ១៥៣គ្រួសារ រួចហើយដែរ កាលពីប៉ុន្មានខែមុននេះ។
ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការអភិវឌ្ឍនេះ ឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យ និងខណ្ឌសែនសុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះ ចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះ នឹងទទួលបានដីទំហំ៤គុណ និង៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់នៅកន្លែងតែម្តង។
សូមជម្រាបថា ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទម្លាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យ មានទំហំ៨ម៉ែត្រចិញ្ចើម២ម៉ែត្រ សាងសង់ផ្លូវបេតុង ទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះ និងក្រោយផ្ទះកន្លះម៉ែត្រ៕