(ប៉ារីស)៖ ភ្នាក់ងារពន្លត់អគ្គីភ័យ២នាក់បានបាត់បង់ជីវិត ហើយមនុស្សយ៉ាងហោចណាស់ចំនួន៤៧នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះយ៉ាងកក្រើកដែលគេសង្ស័យថា បង្កឡើងដោយការធ្លាយហ្គាសនៅកណ្តាលទីក្រុងប៉ារីស។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីមហាផ្ទៃបារាំង ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។
លោក Christophe Castaner រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងបានឲ្យដឹងថា ហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយ បានកើតចេញពីក្នុងហាងនំប៉័ងមួយកន្លែងដែលបិទទ្វារ នៅជាប់ផ្លូវ Rue de Trevise ក្នុងសង្កាត់ទី៩ នៃរដ្ឋធានីប៉ារីស ចំពេលមានមនុស្សម្នាច្រើនកុះករកំពុងដើរទៅមកនៅក្នុងតំបន់ពាណិជ្ជកម្មដ៏មមាញឹក ហើយវាបានបង្កការខូចខាតដល់អគារ ហាងលក់ទំនិញ និងយានជិះជាច្រើនគ្រឿង ដែលស្ថិតនៅក្បែរៗនោះថែមទៀតផង។
គួរជម្រាបថា ឆ្លើយតបចំពោះហេតុការណ៍នេះ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង២០០នាក់ និងប៉ូលិសប្រមាណជា១០០នាក់ ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ ហើយឧទ្ធម្ភាគចក្រ២គ្រឿង ក៏ត្រូវបានបញ្ជូនទៅឲ្យជម្លៀសជនរងគ្រោះផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរបារាំងបានអះអាងថា ករណីខាងលើគឺជារឿងគ្រោះថ្នាក់ចៃដន្យសុទ្ធសាធ ដែលទំនងមកពីការលេចធ្លាយហ្គាស៕