(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមក្នុងពិធី បិទការប្រកួតកីឡាបាល់ទាត់ ដើម្បីអបអរសាទរខួបលើកទី៤០ ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន កីឡាករ និងប្រជាពលរដ្ឋប្រមាណ២ពាន់នាក់។
លោក ទៀ សីហា បានថ្លែងទៅកាន់អង្គពិធីថា ជាការពិតណាស់ សន្ដិភាព សេរីភាព និងការអភិវឌ្ឍដែលយើងទាំងអស់គ្នាកំពុងមានសព្វថ្ងៃនេះ គឺជាផ្លែផ្កា នៃនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដោយបានយកជីវិតធ្វើជាដើមទុក ក្នុងការចរចាជាមួយកម្លាំងរបស់ខ្មែរក្រហម ដែលនៅសេសសល់ ឈានទៅបញ្ចប់សង្គ្រាមផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ ដែលជាតិយើងជួបវិបត្តិនេះរាប់រយឆ្នាំមកហើយ ដើម្បីប្ដូរយកសន្តិភាព និងការអភិវឌ្ឍជូនជាតិ។
កត្តាមានសុខ សន្ដិភាព ការអភិវឌ្ឍន៍មានលើគ្រប់វិស័យនេះ ហើយវិស័យកីឡា ក៏មានការឈានឡើង ជាពីសេសយុវជនជំនាន់ក្រោយ តាមរយៈកម្មវិធី ប្រកួតកីឡាបាល់ទាត់ ដែលរៀបចំឡើងដោយក្រុមការងារចុះជួយឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាពេលនេះ បានបង្ហាញឲ្យឃើញពីការរីកចម្រើន នៃវិស័យកីឡា ពិសេសកីឡាបាល់ទាត់ទាំងបរិមាណ និងគុណភាពដោយមានការចូលរួម និងគាំទ្រទាំងស្មារតី និងសម្ភារពីមហាជន យុវជន និងសប្បុរសជនមួយចំនួនផងដែរ។
លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តឲ្យប្រជាជន ពិសេសយុវជនលេងកីឡាទាំងអស់គ្នា ជៀសឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងផ្សេងៗ ដើម្បីធ្វើខ្លួនក្លាយជា ទំពាំងស្នងឬស្សី សម្រាប់សង្គមជាតិទៅថ្ងៃមុខ។
សូមជម្រាបថា ចំពោះក្រុមកីឡាករប្រកួតឈ្នះ បានលេខមួយទទួលបានប្រាក់ពីរលានរៀល បាល់ពានរង្វាន់ និងរង្វាន់លើកទឹកចិត្តមួយចំនួនទៀត ទាំងអ្នកទទួលបានលេខពីរ និងបី។ ក្រៅពីនោះលោកអភិបាលខេត្ត បានប្រគល់នូវទូរស័ព្ទ Smart Phone ២គ្រឿង ជូនដល់គណៈគ្រប់គ្រងសាលាផងដែរ។
ក្នុងកម្មវិធីនេះ លោកអភិបាល និងក្រុមការងារក៏បានចូលរួមនិមន្តព្រះសង្ឃ សូត្រមន្ត បង្សុកូល នូវរូបសំណាករបស់សម្ដេចសង្ឃ ជួន ណាត ដែលក្រុមការងាររបស់គណក្សប្រជាជនកម្ពុជា និងសប្បុរសជនបានសាងសង់ពីថ្ម អស់តម្លៃជាង៣ពាន់ដុល្លារ សម្រាប់ដាក់តម្កល់នៅក្នុងបរិវេណ សាលាអនុវិទ្យាល័យ ហ៊ុន សែន រលួស នេះផងដែរ៕