(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា, អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសាលាប៊ែលធីអន្តរជាតិ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានសហការបេីកយុទ្ធនាការផ្សព្វផ្សាយបង្ការ ទប់ស្កាត់ការជ្រៀតចូល នៃគ្រឿងញៀនខុសច្បាប់ក្នុងជួរយុវជននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្រោមអធិបតីភាពលោកស្រី បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងនាមលោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងលោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅសាលាប៊ែលធីអន្តរជាតិ បានថ្លែងថា សាលាប៊ែលធីកន្លងមកតែងតែសហការជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធធ្វេីការងារជួយសង្គមផ្សេងៗសំដៅបង្ការទប់ស្កាត់ការីករាលដាល បញ្ហាសង្គមមានដូចជា ផ្សព្វផ្សាយការប្រឆាំងអំពេីពុករលួយ សុវត្ថិភាពចំណីអាហារ ចរាចរណ៍ ជំងឺេអដស៍ ហេីយនៅពេលនេះសិស្សានុសិស្សសាលាប៊ែលធីអន្តរជាតិ ចំនួន១៨៩៩នាក់មកពី១៩សាខាទទួលបានចំណេះដឹងទូទៅ ពីបញ្ហាគ្រឿងញៀន។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តានីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងសាលាប៊ែលធីអន្តរជាតិ ដែលបានផ្តល់កិច្ចសហការយ៉ាងរលូនក្នុងគោលបំណងតែមួយ ឆន្ទៈតែមួយសំដៅទប់ស្កាត់បញ្ហាគ្រឿងញៀន កុំឲ្យរីករាលដាលនៅក្នុងសង្គម សហគមន៍មូលដ្ឋាន។
ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សាលាប៊ែលធីអន្តរជាតិដែលជានិច្ចជាកាលផ្តល់កិច្ចសហការ និងចូលរួមនូវគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកស្រី សឿ សុជាតា បានបន្តថា យុវជនជាទំពាំងស្នងឬស្សី ជាធនធានសម្រាប់បន្តវេនដ៏មានសក្តានុពលរបស់ប្រទេសនៅថ្ងៃអនាគតនោះ ជាគោលដៅប្រឈមទៅនឹងបញ្ហាគ្រឿងញៀន ដែលតម្រូវឲ្យយេីងទាំងអស់ត្រូវតែរួមគ្នាគិត រួមគ្នាដោះស្រាយបង្ការពួកគេ កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់គ្រឿងគ្រឿងញៀន។
លោកវរសេនីយ៍ទោ យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តានីតិសម្បទា បានលេីកយកមកបង្ហាញមានជូនសិស្សានុសិស្សអំពី អ្វីជាគ្រឿងញៀន? ប្រភេទនៃគ្រឿងញៀន ផលប៉ះពាល់នៃគ្រឿងញៀន (ខ្លួនឯង ក្រុមគ្រួសារ និងសង្គម) និងកត្តានាំប្រេីប្រាស់គ្រឿងញៀន ចំណេះដឹងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕