(ភ្នំពេញ)៖ មន្ទីរពេទ្យបង្អែកខេត្ដកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានចេញលិខិតបំភ្លឺ ជុំវិញករណី ស្ដ្រី ឈ្មោះ ភិន ចាន់រិទ្ធ អាយុ៣៣ឆ្នាំ ដែលបានចូលមកសម្រាលកូន នៅមន្ទីរពេទ្យខេត្ដ បណ្ដាលឲ្យកូនស្លាប់នៅក្នុងផ្ទៃ។
ករណីខាងលើនេះ មន្ទីរពេទ្យបានបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្ដ្រី ភិន ចាន់រិទ្ធ នៅវេលាម៉ោង ៦៖១៨នាទី បានមកសម្រាលកូននៅមន្ទីរខេត្ដនេះ។ ភ្លាមៗនោះ គ្រូពេទ្យបានយកចិត្ដទុកដាក់ ពិនិត្យ ថែទាំតាមវិជ្ជាជីវៈ និងទទួលស្ដ្រី មកសម្រាកពេទ្យដើម្បីសម្រាលកូន។តែជាការអកុសល ក្រោមការពិនិត្យ ឃើញថា ស្ដ្រីមានជ្រាបទឹកភ្លោះមានក្លិនស្អុយ និងលទ្ធផល ពិនិត្យអេកូ បញ្ជាក់ថា ក្នុងស្បូនគ្មានទឹកភ្លោះ ព្រមទាំងទារក ក្នុងផ្ទៃគ្មានចង្វាក់ដង្ហើម (ទារកបានស្លាប់ក្នុងពោះ) ពោលគឺគ្រូពេទ្យ មិនបានទុកស្ដ្រីនោះចោលមិនមើលឡើយ ។
តាមលិខិតបំភ្លឺ ដែលអង្គភាព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមករានេះ បានឲ្យដឹងថា ការស្រាយបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្ដនេះ បានធ្វើឡើងក្រោយពីមានម្ចាស់គណនី សុខ គាស្មោះស្នេហ៍ បានបង្ហោះចែកចាយតាមបណ្ដាញសង្គម Facebook ដែលថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មិនបានយកចិត្ដទុកដាក់ព្យាបាលអ្នកជំងឺ បណ្ដាលឲ្យទារកស្លាប់ ក្រោយពេលសម្រាល ។
ទោះជាយ៉ាងនេះក្តី ស្ដ្រីម្ចាស់គណនី សុខ គាស្មោះស្នេហ៍ ដដែលនោះ ក៏បានស្ដាប់ការបកស្រាយពីខាងមន្ទីរពេទ្យ ភ្លាមៗ ហើយម្ចាស់គណនីខាងលើនេះ ក៏បានមកសុំទោស ចំពោះការយល់ ច្រឡំ ព្រមទាំងយល់ព្រមលុបចេញពីគណនីរបស់គាត់ផងដែរ៕
ខាងក្រោមនេះជាលិខិតបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៖