(ព្រៃវែង)៖ ប្រជាពលរដ្ឋស្រុកចំកាយមារ ប្រមាណ៧០០នាក់ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ បានជួបជុំគ្នានៅសាលាស្រុកកំចាយមារ ដើម្បីប្រារព្ធខួប៤០ឆ្នាំ នៃថ្ងៃកំណើតទី២ (៧ មករា) របស់ខ្លួនក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ។
មិទ្ទិញនេះត្រូវបានក្រោមវត្តមានរបស់លោក ស្តើង សុខុម ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំចាយមារ និងមានការចូលរួមពីថ្នាក់ដឹកនាំ ស្រុកកំជាយមារ ក្រុមការងារកណ្តាលជួយស្រុក គណៈកម្មាធិការរគណបក្សស្រុក និងក្រុមប្រឹក្សាឃុំគ្រប់ឃុំ យុវជនគណបក្សស្រុក និវត្តន៍ជន នាយកសាលាគ្រប់កម្រិត ប្រជាពលរដ្ឋ និងកងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
លោក ស្តើង សុខុម បានអានសន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងមហាមិទ្ទិញរំលឹកខួប៤០ឆ្នាំ ទិវាជ័យជម្នះ៧មករា ជូនដល់អង្គមិទ្ទិញ ដែលក្នុងនោះលោកបានទាញយកចំណុចសំខាន់ៗមួយចំនួន ក្នុងសន្ទរកថា ដោយគូសរំលេចថា «៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ហើយ៧មករា គឺជានិមិត្តរូប និងស្មារតីនៃការ សង្រ្គោះ រួបរួម និងអភិវឌ្ឍន៍ជាតិ»។
ក្នុងន័យនេះ លោកបានធ្វើការពន្យល់ថា ជ័យជម្នះ៧មករា បានសង្គ្រោះទាន់ពេលវេលានូវឤយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ ដែលនៅរង់ចាំតែសេចក្តីស្លាប់ បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភាររបស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងពូនជ្រំក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ខ្លួន ហើយបានស្រកស្រុត ស្ទើររលាយសាបសូន្យបាត់អស់នៅ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ថ្ងៃ៧ មករា ១៩៧៩ ប្រជាជាតិខ្មែរបានរស់ឡើងវិញ បានបិទទំព័រដ៏ខ្មៅងងឹតបំផុត នៃប្រវត្តិសាស្ត្រកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺសករាជនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ជូនដល់ប្រជាជាតិដ៏កំសត់នៃយើង និងបានផ្តល់ជូនប្រជាជនកម្ពុជា នូវសិទ្ធិសេរីភាពគ្រប់យ៉ាង ក្នុងការធ្វើជាម្ចាស់ លើជោគវាសនារបស់ខ្លួនពិតប្រាកដ។ លើសពីនេះទៀតជ័យជម្នះ៧ មករា១៩៧៩ ក៏បានរួមវិភាគទានដ៏សកម្មដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ផងដែរ។
ប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា ថ្ងៃ៧មករា១៩៧៩ គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ៧មករា ក៏យើងគ្មានអ្វីៗនៅថ្ងៃនេះដែរ ដែលនេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាឤចមកបំភ្លៃឬបំផ្លាញបានឡើយ។
នៅក្នុងសុន្ទរកថា ដ៏មានអត្ថន័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសរំលេចអំពីស្មារតី៧មករា ដែលស្ថិតនៅជានិច្ចក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា។ ស្មារតី ៧មករា គឺជាកម្លាំងយ៉ាងធំធេងដែលធ្វើឲ្យយើងយកឈ្នះ បានលើគ្រប់ឧបសគ្គ និងការលំបាកសព្វបែបយ៉ាងក្នុងការកសាង និងការការពារមាតុភូមិ។ ស្មារតី ៧មករា គឺសាមគ្គីភាព វីរភាព និងជ័យជម្នះ។ បច្ចុប្បន្នកម្ពុជា កំពុងឈរយ៉ាងរឹងមាំក្នុងភាពជាម្ចាស់ លើប្រទេសជាតិ និងជោគវាសនារបស់ខ្លួន ហើយក៏កំពុងឈានទៅមុខយ៉ាងស្វាហាប់ប្រកបដោយភាពជឿជាក់។
ប្រជាពលរដ្ឋស្រុកកំចាយមារ បានកំណត់ក្នុងចិត្តច្បាស់ថា ៧មករា គឺជាថ្ងៃកំណើតទី២របស់ខ្លួន, ៧មករា ពិតជាបាននាំមកនូវការបង្រួបបង្រួមជាតិ ៧មករា ពិតជាបាននាំមកនូវការអភិវឌ្ឍជាតិ។ ប្រជាពលរដ្ឋកំចាយមារ ពិតជាបានផ្តល់នូវសច្ចធ៌មសម្រាប់ថ្ងៃ៧មករា ហើយចងចាំទុកជារៀងរហូត ដូច្នេះទិវាជាប្រវត្តិសាស្ត្រនេះ ត្រូវបានកត់ត្រាទុកជារៀងរហូត នៅក្នុងការចងចាំរបស់ប្រជាជនគ្រប់ៗរូប គ្រប់ៗជំនាន់ដែលស្រឡាញ់ សន្តិភាព សេរីភាព និងយុត្តិធម៌។
នៅក្នុងពិធីនេះ លោក ស្តើង សុខុម ក៏បានឆ្លៀតជម្រាបជូនអង្គមិទ្ទិញ អំពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាលើកទី៤៥ បើកទូលាយជូនដល់សមាជិក សមាជិកា នៃអង្គមិទ្ទិញថា សន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា កាលពីចុងខែធ្នូកន្លងទៅ បានអញ្ជើញតំណាងសំខាន់ៗ គ្រប់សមាសភាពពីថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិចូលរួម។
សន្និបាតនេះ ដូចជាសិក្ខាសាលាដ៏ធំមួយដែលបាន ប្រើពេលវេលារហូត៣ថ្ងៃ ក្រៅពីការពិនិត្យលើសមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈម។ សន្និបាតបានបើកវេទិកា ពិភាក្សាដេញដោយគ្នា និងប្រមូលយកធាតុចូលទាំងអស់របស់សមាជិកដាក់ចេញនូវគោលដៅថ្មី សម្រាប់ដើរទៅមុខ ក្នុងបុព្វហេតុជាតិ និងប្រជាជន។ គណបក្សក្នុងតួនាទីរបស់ខ្លួនដែលជាស្នូល នៃការដឹកនាំជាតិនាពេលបច្ចុប្បន្ន ចាំបាច់ត្រូវលើកទិសដៅ ដូចម្ដេចខ្លះការលើកទិសដៅការងារ ដែលត្រូវធ្វើបន្ទាប់ គឺត្រូវបានធ្វើការសម្រេចដោយអង្គសន្និបាត ដែលនេះគឺជារបៀបធ្វើការរបស់គណាបក្សប្រជាជនកម្ពុជា គឺប្រជាធិបតេយ្យផ្ទៃក្នុងទូលំទូលាយ។
លោក ស្តើង សុខុម បានកត់សំគាល់ជាទូទៅថា គណបក្សបានយកចិត្តទុកដាក់ ដល់ការពង្រឹងការគ្រប់គ្រងរបស់គណបក្សឲ្យកាន់តែមានប្រសិទ្ធ ភាពថែមទៀត មានការបោះឆ្នោតបញ្ចូល និងប្រគល់តួនាទីភារកិច្ចជូនដល់ថ្នាក់ដឹកនាំគណបក្សមួយចំនួន កែសម្រួលដើម្បីពង្រឹង និងបំពេញបន្ថែមការគ្រប់គ្រង ឲ្យកាន់តែមានប្រសិទ្ធភាព។
លោក ស្តើង សុខុម បានបន្តថា គណបក្សប្រជាជនកម្ពុជា សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ ប្រជាធិបតេយ្យប្រមូលផ្តុំភាគតិចគោរពភាគច្រើន។ លោកបានធ្វើការពន្យល់ថា សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ មិនអាចមានអ្នកណាមួយទៅដឹកនាំម្នាក់ឯងនោះទេរាល់បញ្ហា ត្រូវយកមកពិគ្រោះពិភាក្សាគ្នា ប៉ុន្តែនៅពេលដែលយើងត្រូវរ៉ូវគ្នារួចហើយ មានសេចក្តីសម្រេចមានទិសដៅជាក់លាក់បុគ្គលម្នាក់ៗ ត្រូវរៀបចំឲ្យមានការទទួលខុសត្រូវ។ បើទាំងអស់គ្នា ប្រើគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» នឹងគ្មានការបែកបាក់នោះទេចំណុចនេះ មានសារសំខាន់ណាស់ ហេតុដូចនេះហើយបានជា គណបក្សប្រជាជនកម្ពុជាឈរយ៉ាងរឹងមាំ និងបន្តឈររាប់រយឆ្នាំទៅមុខទៀត ប្រកបដោយសក្តនុពល៕