(ភ្នំពេញ)៖ ក្រុមហ៊ុន Parkway Group នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានរៀបចំពិធីអបអរសាទរការបង្ហើយ គ្រោងអគារនៃគម្រោង The Parkway របស់ខ្លួនដោយជោគជ័យ ដែលមានរហូតដល់ ៣អគារធំៗ ហើយមកដល់ពេលនេះក៏មានអតិថិជន បានទិញអស់ប្រមាណជា ៧០ភាគរយរួចទៅហើយផងដែរ។
ពិធីបិទបញ្ចប់គ្រោងអគារ The Parkway បានធ្វើឡើងដោយមានការចូលរួមពី តំណាងក្រុមហ៊ុនអភិវឌ្ឍន៍ ប្រធាននាយកដ្ឋានវិស្វកម្ម អ្នកតំណាងម្ចាស់ផ្ទះ និងអតិថិជនជាច្រើនរូបទៀត នៅការិយាល័យលក់របស់ក្រុមហ៊ុន Parkway Group ។
លោក សួ សុខថេង អគ្គនាយកក្រុមហ៊ុន Parkway Group បានថ្លែងថា ការវិនិយោគរបស់ក្រុមហ៊ុន Parkway Group ក្នុងយុទ្ធសាស្ត្រផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន ដែលប្រកាន់ខ្ជាប់ទៅនឹងទស្សនវិស័យអភិវឌ្ឍន៍គុណភាពល្អប្រសើរ ដែលមានគំនិតរៀបចំផែនការទំនើប និងយុទ្ធសាស្រ្តអន្តរជាតិ ដើម្បីបង្កើតអគារខុនដូ និងអគារការិយាល័យអគារពាណិជ្ជកម្ម ភោជនីយដ្ឋាន ជំនួញ នៅក្នុងទំហំផ្ទៃដី ១៧០,០០០ ម៉ែត្រការ៉េ ដែលបានក្លាយជាទីក្រុងធំមួយក្នុងតំបន់ទួលគោក។
លោកបានបន្ថែមថា តាមរយៈបទពិសោធន៍អភិវឌ្ឍន៍រយៈពេល ២៥ឆ្នាំរបស់ក្រុមហ៊ុន Parkway Group ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវ នឹងជាអ្នកដឹកនាំវិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវបានគេស្គាល់ថា ជាអ្នកជំនាញផ្នែកសំណង់ក្នុងការរស់នៅដ៏សំខាន់នៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុន Parkway Group បានផ្ដោតលើអចលនទ្រព្យអន្តរជាតិចម្រុះគ្នា រួមមានទាំង លំនៅដ្ឋាន អគារពាណិជ្ជកម្ម និងអគារចម្រុះផ្សេងៗទៀត ក្នុងនោះក៏មានគម្រោង ដូចជា គម្រោងបុរីរិទ្ធិ ផ្សារទំនើប BIG A អគារ Parkway spuare ដែលសុទ្ធតែបានក្លាយជាទីសម្គាល់នៅក្នុងទីក្រុងភ្នំពេញផងដែរ។
លោកបានបន្ថែមថា គម្រោង The Parkway នេះ មាន៣អគារ ដែលមានអគារ office អគារខុនដូ ដែលមានតម្លៃលក់ក្នុងចន្លោះពី ៨ម៉ឺនដុល្លារឡើងទៅ ហើយកន្លងមក គឺបានបើកលក់រយៈពេលជិត១ឆ្នាំមកហើយ ហើយអត្រានៃការលក់ បានមានប្រមាណជា៧០ភាគរយផងដែរ អតិថិជនបានទិញទាំងអស់មាន ជាជនបរទេស និងជនជាតិខ្មែរផងដែរ។ The Parkway បានប្រមូលក្រុមរចនារបស់ចិន ដែលបានពានរង្វាន់សំណង់ចិន ក្រុមហ៊ុនសំណង់ដែលឈ្នះពានរង្វាន់ ក្រុមហ៊ុនសំណង់ Nantong Daxin Engineering ដែលបានបង្កើតជាប្រវត្តិសាស្ត្រអន្តរជាតិសម្រាប់រាជធានីភ្នំពេញផងដែរ ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Parkway Group គឺជាក្រុមហ៊ុន ដែលបានប្រកាន់ខ្ជាប់នូវទស្សនៈ នៃការអភិវឌ្ឍ ភាពប្រសើរឡើង និងការអភិវឌ្ឍផលិតផល ដែលមានគុណភាព និងអភិវឌ្ឍតំបន់ទួលគោក ឲ្យក្លាយទៅជាទីក្រុងធំបំផុតដែលមានទំហំ ១៧០,០០០ម៉ែត្រការ៉េ ដែលមានជាការសាងសង់ផ្ទះល្វែង វីឡា រួមទាំងមានការសាងសង់ The Parkway នេះផងដែរ។
គម្រោង The Parkway មានដូចជា អគារការិយាល័យ អគារខុនដូ ផ្សារពាណិជ្ជកម្ម Cloushouse សណ្ឋាគារ ភោជនីយដ្ឋាន ជំនួបពាណិជ្ជកម្ម បង្កើតផ្សារទំនើបធំជាងគេ នៅក្នុងតំបន់ស្នូលនៃតំបន់ទួលគោក ទីក្រុងហូបអាហារល្អបំផុត មជ្ឈមណ្ឌលកំសាន្តកុមារធំជាងគេ និងផ្សារទំនើបធំជាងគេផងដែរ៕