(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីជប់លៀង ប្រចាំឆ្នាំ២០១៩របស់ខ្លួន ដែលមានបុគ្គលិកចូលរួម ប្រមាណជិត៣០០នាក់មកពីទូទាំងប្រទេស នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានស្លៀកក្បិនបែបប្រពៃណីខ្មែរចូលរួមក្នុងកម្មវិធីជប់លៀងនោះ ដែលបុគ្គលិកបុរសស្លៀកក្បិនពណ៌ខៀវ ជាមួយអាវធំ ចំណែកឯបុគ្គលិកនារីវិញ ស្លៀកក្បិនពណ៌ខៀវ ជាមួយឈៀងពណ៌ផ្កាឈូកដ៏ស្រស់ស្អាត ដែលនេះគឺជាការស្លៀកក្បិនទ្រង់ទ្រាយធំ ក្នុងពិធីជប់លៀងរបស់ក្រុមហ៊ុន ដែលមិនធ្លាប់មានពីមុនមកនោះទេ។
លោក Tan Jiak Hiang អគ្គនាយកប្រតិបត្តិក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្នុងស្រុកមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ចង់បង្ហាញពីការប្តេជ្ញាចិត្តថា «ពួកយើងនៅទីនេះ ដើម្បីលោកអ្នក និងដើម្បីប្រជាជនកម្ពុជា ក្នុងគោលបំណងការការពារលោកអ្នក និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក ហើយការយល់ច្បាស់ពីវប្បធម៌ខ្មែរ គឺជាការយល់ដឹងពីផ្នត់គំនិត និងតម្រូវការរបស់ជនជាតិខ្មែរ ហើយបើទោះបីជាកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់សង្គមទាន់សម័យ តែយើងនៅតែគោរព និងលើកស្ទួយប្រពៃណី និងវប្បធម៌ខ្មែរ»។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនខ្មែរ និងសម្រាប់ប្រជាជនខ្មែរ ក្នុងការទទួលបានការការពារអនាគតហិរញ្ញវត្ថុរបស់គាត់ និងគ្រួសារគាត់។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាង ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ អឹសួរិនស៍ ភីស៊ីអិល (Muang Thai Life Assurance PCL) ពីប្រទេសថៃ។
ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ធានារ៉ាប់រងអាយុជីវិត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥ ហើយចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មពេញលេញ នៅដើមឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន ក្នុងការផ្ដល់សេវាកម្មធានារ៉ាប់រងអាយុជីវិតដល់ប្រជាជនកម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ ដោយក្ដីគោរព និងប្រកបដោយវិជ្ជាជីវៈខ្ពស់៕